សហភាពអឺរ៉ុបត្រៀមផ្តល់ជំនួយឥតសំណង ៣,៥ លានអឺរ៉ូដល់កម្ពុជា ពង្រឹងសមត្ថភាពធនធានមនុស្សវិស័យទឹកស្អាត

ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 170
1

ភ្នំពេញ - ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងថា សហភាពអឺរ៉ុបត្រៀមផ្តល់ជំនួយឥតសំណងទំហំទឹកប្រាក់ចំនួន ៣,៥ លានអឺរ៉ូ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញទឹកស្អាត ដោយស្នើឱ្យមានសហហិរញ្ញប្បទានពីភាគីកម្ពុជា ។ ទន្ទឹមគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យទៅបន្តការសិក្សាផ្នែកវិស្វកម្មទឹកស្អាត ដើម្បីគាំទ្របន្ថែមដល់វិស័យនេះផងដែរ ។ 

 

 

ការគាំទ្រកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍឧស្សាហកម្មបៃតង ការស្រាវជ្រាវ និងនវានុវត្តន៍របស់សហភាពអឺរ៉ុបនាពេលនេះ បានប្រព្រឹត្តទៅនៅក្នុងជំនួបប្រជុំរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូសហភាពអឺរ៉ុប បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងឧស្សាហកម្ម កាលពីថ្ងៃពុធម្សិលមិញ ។ ភាគីទាំងពីរបានពិភាក្សាផ្តោតលើសារៈសំខាន់នៃការរៀបចំផែនការមេវិស័យទឹកស្អាត និងក្របខណ្ឌគតិយុត្តិបន្ថែម ដើម្បីគ្រប់គ្រង់វិស័យនេះឱ្យកាន់តែមានប្រសិទ្ធិភាព រួមទាំងការបង្កើតយន្តការស្ថាប័ន ដើម្បីអភិវឌ្ឍវិស័យទឹកស្អាតឱ្យបានកាន់តែប្រសើរ ។

 

គួររំលឹកដែរថា ដំណើរទស្សនកិច្ចមកកម្ពុជារបស់លោកជំទាវ Jutta Urpilainen ស្នងការអឺរ៉ុប កាលពីខែមីនា ឆ្នាំ២០២៤ សហភាពអឺរ៉ុប (EU) បានសន្យាផ្តល់ជំនួយឥតសំណងចំនួន ១២លានអឺរ៉ូដល់កម្ពុជា ក្រោមក្របខ័ណ្ឌគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុបរួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា និងការពង្រីកសេវាទឹកស្អាត ។

 

គួរបញ្ជាក់ថា ក្រៅពីវិស័យទឹកស្អាត សហភាពអឺរ៉ុបក៏បានបង្ហាញចំណាប់អារម្មណ៍សហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលសម្រាប់រោងចក្របៃតង បំណងជំរុញការអនុវត្តគោលការណ៍ឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា ។ បន្ថែមលើនេះ គណៈប្រតិភូសហភាពអឺរ៉ុបបានលើកឡើងពីបំណងសហការជាមួយកម្ពុជា អនុវត្តការស្រាវជ្រាវ និងនវានុវត្តន៍នានាពង្រឹសមត្ថភាពសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីបំពេញតាមលក្ខខណ្ឌទីផ្សារនាំចេញ ដោយស្នើសហការជាមួយសហគ្រិនខ្មែរ ។

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង