យុវតី ម៉ារីហ្សា បានក្លាយជាក្មេងស្រីកាន់តួនាទីជំនួសអគ្គរាជទូតអង់គ្លេសរយៈពេញមួយថ្ងៃ

ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 252
1

ភ្នំពេញ - អង្គការភ្លែនអន្តរជាតិកម្ពុជាបន្តលើកកម្ពស់ក្មេងស្រីក្នុងភាពជាដឹកនាំ តាមរយៈកម្មវិធីក្មេងស្រីកាន់តួនាទីជំនួស ។ កញ្ញា ម៉ារីហ្សា ដែលជាក្មេងស្រីកាន់តួនាទីជំនួសឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសរយៈពេលមួយថ្ងៃ បានបញ្ចប់បេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ ។ រយៈពេលមួយថ្ងៃ ម៉ារីហ្សា បានជួបពិភាក្សាជាមួយបុគ្គលិកទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីមុខងារសំខាន់ៗ ក៏ដូចជាទទួលបានចំណេះដឹងផ្សេង ។

 

 

ទន្ទឹមគ្នានេះ កញ្ញា ម៉ារីហ្សា ក៏បានចូលជំនួបជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក អាហ្រ្វិក-មជ្ឈិមបូព៌ា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពិភាក្សាអំពីការងារ និងទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ក៏ដូចជា ទទួលបានអនុសាសន៍គន្លឹះផ្សេងៗលើកិច្ចការការទូតផងដែរ ។ 

 

បន្ថែមពីលើនេះ ម៉ារីហ្សា បានចូលរួមកិច្ចសន្ទនាជាមួយនឹងអ្នកដឹកនាំស្ត្រីខ្មែរឆ្នើមៗ ព្រមទាំងបានទៅស្វែងយល់ការងាររបស់អង្គការ Inclusive Cambodia ដែលកំពុងធ្វើការលើការលើកកម្ពស់ជនមានពិការភាព និងពង្រឹងបរិយាបន្នយេនឌ័រ ។ 

 

ក្នុងថ្ងៃដដែលនេះដែរ ម៉ារីហ្សា បានចូលរួមកម្មវិធីជួបជុំសំណេះសំណាលនិងបង្កើតបណ្តាញទំនាក់ទំនង ហើយបានបង្ហាញចំណាប់អារម្មណ៍របស់នាងក្នុងនាមជាក្មេងស្រីកាន់តួនាទីជំនួសឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេសពេញមួយថ្ងៃ ។ នាងមានអារម្មណ៍ថារំភើប និងអរគុណដល់ឯកឧត្តមអគ្គរាជទូត និងស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា ដែលបានឱកាសដ៏មានតម្លៃទទួលបានការណែនាំពីឯកឧត្តមអគ្គរាជទូត ឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីកិច្ចការងារប្រចាំថ្ងៃ និងការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់បរិយាបន្នយែនឌ័រក្នុងប្រទេសកម្ពុជា ។ 

 

 

សូមជម្រាបថា យុទ្ធនាការក្មេងស្រីកាន់តួនាទីជំនួសជាគម្រោងមួយផ្នែករបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ចូលរួមចំណែកក្នុងការលុបបំបាត់ការរើសអើង បញ្ហាដែលរារាំងក្មេងស្រីពីការបន្តក្តីស្រមៃរបស់ពួកគេក្នុងការក្លាយជាស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ ។ កម្មវិធីនេះ មានគោលបំណងផ្តល់ឱកាសដល់ក្មេងស្រីចំណាយពេលមួយថ្ងៃក្នុងតួនាទីជាអ្នកដឹកនាំក្នុងជួររដ្ឋាភិបាល ស្ថានទូត អង្គការសហប្រជាជាតិ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នផ្សេងទៀត ដើម្បីបង្ហាញសិទ្ធិអំណាចស្មើគ្នា និងតំណាងឱ្យកុមារី និងស្រ្តី។

 

 

គួរបញ្ជាក់ថា កន្លងទៅមានក្មេងស្រីជាច្រើន បានកាន់តួនាទីជំនួសរដ្ឋមន្ត្រីក្រសួងអប់រំ ឯកអគ្គរាជទូតចក្រភពអង់គ្លេស អគ្គរដ្ឋទូតស៊ុយអែត អគ្គរដ្ឋទូតឥណ្ឌា អភិបាលស្រុក សមាជិកក្រុមប្រឹក្សាខេត្ត អគ្គនាយកក្រុមហ៊ុន សាស្ត្រាចារ្យ និងនិពន្ធនាយកស្ថាប័នសារព័ត៌មានជាដើម។ តាមរយៈក្មេងស្រីកាន់តួនាទីជំនួសនេះ ក្មេងស្រីមានឱកាសយល់ដឹងពីបរិយាកាសធ្វើការរបស់ស្ថានប័នទាំងនោះ ភាពប្រឈម និងអនុសាសន៍បទពិសោធន៍មួយចំនួនដល់ពួកគាត់ ។ នៅក្នុងដំណើរការកាន់តួនាទីជំនួស ក្មេងស្រីក៏បានលើកយកបញ្ហាមួយចំនួនដែលទាក់ទឹងក្មេងស្រី ដូចជា ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងបញ្ហាទំនៀមទំលាប់ដែលជះផលអវិជ្ជមានដល់ក្តីស្រមៃរបស់ពួកគាត់ដល់អ្នកដែលពួកគាត់កាន់តួនាទីជំនួស ៕

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង