ក្រសួងអភិវឌ្ឍន៍ជនបទដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
ភ្នំពេញ - នាព្រឹកថ្ងៃចន្ទនេះ ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈនាយកដ្ឋានថែទាំសុខភាពជនបទ បានប្រកាសដាក់ឱ្យប្រើប្រាស់ឯកសារគោលការណ៍ណែនាំស្តីពីការបញ្ចប់ការបន្ទោបង់ពាសវាពាសកាល (ODF) ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់រាជធានីខេត្តទាំង២៥ ព្រមទាំងរៀបចំផែនការអនុវត្តនានាលើកកម្ពស់អនាម័យជនបទ ។ ក្រសួងជឿជាក់ថា គោលការណ៍ ODF ថ្នាក់ជាតិមានខ្លឹមសារកម្រាស់ ៨៨ទំព័រនេះ នឹងជំរុញឱ្យរដ្ឋបាលខេត្តនីមួយៗ អនុវត្តន៍ការងារអនាម័យស្របតាមទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា តាមរយៈគោលការណ៍ដែលក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញផ្លូវការជាលើកដំបូងនេះ នឹងក្លាយជាឧបករណ៍ ឬយន្តការលើកកម្ពស់អនាម័យកាន់តែជាក់លាក់បន្ថែមទៀត សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តន៍ ។
ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានសង្កត់ធ្ងន់ថា ការងារលើកកម្ពស់ទឹកស្អាតនិងអនាម័យជនបទ ជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង ។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ចង់ឃើញរាជធានីខេត្តនីមួយៗ ឆាប់សម្រេចគោលដៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងឱ្យបានលឿនរហ័ស ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ៖ “គោលការណ៍ណែនាំនេះ រៀបចំឡើងបានគ្របដណ្ដប់លើសូចនាករអនាម័យសំខាន់ៗ ប្រកបដោយបរិយាប័ន្ន ទាំងនៅក្នុងក្របខ័ណ្ឌសហគមន៍ និងនៅតាមស្ថាប័ន ឬអង្គភាពបម្រើសេវា រួមទាំងកន្លែងបម្រើសេវាឯកជន និងអារាមសាសនានានា ដែលមានមូលដ្ឋានក្នុងឃុំ-សង្កាត់ ឬក្នុងដែនរដ្ឋបាលនីមួយៗ”។
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានលើកឡើងដែរថា ការជំរុញកែលម្អ និងលើកកម្ពស់អនាម័យរហូតសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) មិនមែនជាការងារសាមញ្ញនោះទេ គឺទាល់តែមនុស្សទាំងអស់បានផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យត្រឹមត្រូវ និងបានវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធអនាម័យសមស្រប (មានបង្គន់ មានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងមានអនាម័យសមរម្យទៀត) ទើបអាចសម្រេចបាន។
“ដើម្បីធ្វើឱ្យមនុស្សទាំងអស់ផ្លាស់ប្តូរទម្លាប់ ផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យ និងសុខចិត្តចំណាយលុយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអនាម័យ គឺមិនអាចក្រសួងអភិវឌ្ឍន៍ជនបទធ្វើតែឯងបានទេ គឺទាមទារពេលវេលា ធនធាន និងការចូលរួមទាំងអស់គ្នាពីគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសអាជ្ញាធររដ្ឋបាលមូលដ្ឋានដែលនៅផ្ទាល់ជាមួយសហគមន៍” ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ។
សូមជម្រាបថា គោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល (ODF Verification Guideline) គឺជាឯកសារគតិយុត្តិដ៏ សារៈសំខាន់មួយសម្រាប់វាសវែងការងារលើកកម្ពស់អនាម័យឱ្យមានស្តង់ដារត្រឹមត្រូវ ។ ឯកសារនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានចំណាយពេលជាង ២ឆ្នាំ ដើម្បីរៀបចំឡើង រួមទាំងដកស្រង់បទពិសោធន៍អនុវត្តសាកល្បងនៅខេត្តស្វាយរៀង និងបានប្រមូលធាតុចូលពីរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដែលបានពន្លឿនការងារបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល ។
គួរបញ្ជាក់ថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឯកសារគោលការណ៍បញ្ចប់ការបន្ទោបង់ពាសវាពាសកាល (ODF) នាព្រឹកនេះ មានការអញ្ជើញចូលរួមពីអភិបាលរងទាំង២៥ រាជធានី-ខេត្ត ទទួលបន្ទុកដឹកនាំការងារទឹកស្អាត និងអនាម័យ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ ដូចជា អង្គការ UNICEF, អង្គការ PLAN, អង្គការ WaterAid, តំណាងក្រសួងពាក់ព័ន្ធ, និងតំណាងមន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ ៕