ក្រសួងអភិវឌ្ឍន៍ជនបទដាក់ឱ្យប្រើប្រាស់ឯកសារគោលការណ៍ស្តីពីគុណភាពទឹកផឹកជនបទ
ភ្នំពេញ - ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ឱ្យប្រើប្រាស់ឯកសារគោលការណ៍ស្តីពីគុណភាពទឹកផឹកជនបទ ដើម្បីណែនាំដល់អ្នកអនុវត្តន៍កម្មវិធីទឹកស្អាតជនបទទាំងអស់ ធ្វើយ៉ាងណាឱ្យការផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ។ ការដាក់ឱ្យប្រើប្រាស់ឯកសារគោលការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា គោលបំណងសំខាន់ដែលក្រសួងបង្កើតឯកសារគោលការណ៍ស្តីពីគុណភាពទឹកផឹកជនបទ ដើម្បីណែនាំដល់អ្នកអនុវត្តន៍កម្មវិធីទឹកស្អាតជនបទទាំងអស់ត្រូវផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ។
ទន្ទឹមគ្នានេះ គោលការណ៍ស្តីពីគុណភាពទឹកផឹកជនបទ ជាក្លាយមធ្យោបាយដើម្បីឈានទៅសម្រេចទស្សនវិស័យយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាល ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ ២០១១-២០២៥ ឱ្យបាន ១០០% ។
សូមជម្រាបថា ផ្អែកតាមទស្សនវិស័យយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ដែរថា គោលការណ៍ស្តីពីគុណភាពទឹកផឹកជនបទ បោះពុម្ភឱ្យប្រើប្រាស់ជាផ្លូវការ មានជា ០៣ភាសា រួមមាន ភាសាខ្មែរ អង់គ្លេស និងបារាំង រៀបរៀងដោយក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃ និងស្ថាប័នពាក់ព័ន្ធនានា ៕