លោក ស៊ូ សុខគង់ ៖ ទឹកស្អាត និងអនាម័យប្រកបដោយបរិយាប័ន្នជាតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់រូប

ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 840
1

ភ្នំពេញ - នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលសិក្សាស្តីពីការផ្សារភ្ជាប់គោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពីកម្មវិធីផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យសម្រាប់ជនមានពិការភាព ជាមួយនឹងការអនុវត្តបទពិសោធន៍នៅប្រទេសកម្ពុជា បានប្រព្រឹត្តិទៅនាថៃ្ងព្រហស្បតិ៍ ទី១៥ ខែកញ្ញានេះ លោក ស៊ូ សុខគង់ ប្រធានកម្មវិធីនៃអង្គការ Water Aid កម្ពុជា បានលើកឡើងថា ទឹកស្អាត និងអនាម័យប្រកបដោយបរិយាប័ន្ន គឺជាតម្រូវការចាំបាច់និងប្រចាំថ្ងៃសម្រាប់មនុស្សទូទៅគ្រប់រូប ជាពិសេសស្ត្រីនិងជនមានពិការភាព។ 

 

 

លោកបានបញ្ជាក់បន្ថែមថា កង្វះផ្នែកណាមួយនៃទឹកស្អាត និងអនាម័យនឹងបង្កផលវិបាកចំពោះជនងាយរងគ្រោះ ដូចជា កុមារ ស្ត្រី ចាស់ជរា និងជនមានពិការភាព។ ដូចនេះ គ្រប់ភាគីពាក់ព័ន្ធបាននិងកំពុងតែព្យាយាមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបនឹងតម្រូវការនិងបញ្ហាប្រឈមទាំងឡាយដល់ជនងាយរងគ្រោះ។

 

លោក ស៊ូ សុខគង់ ប្រធានកម្មវិធីនៃអង្គការ Water Aid កម្ពុជា ៖ “គ្មានជនណាអាចរស់ក្នុងជីវិតមានសុខភាពល្អពេញលេញបានដោយគ្មានទឹកស្អាត និងបង្គន់អនាម័យសម្រាប់ប្រើប្រាស់ដែលប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនោះឡើយ ហើយទាំងអស់នេះ គួរតែជារបស់ចាំបាច់ជាមូលដ្ឋានសម្រាប់ជនគ្រប់រូប និងនៅគ្រប់ទីកន្លែង។”

 

អ្នកជំនាញរូបនេះ បានឱ្យដឹងថា ក្ខុវិស័យរបស់អង្គការ Water Aid កម្ពុជា គឺសម្រេចឱ្យបានពិភពលោកមួយដែលជនគ្រប់រូបទទួលរបស់ចាំបាច់ជាមូលដ្ឋាន មានដូចជា គ្មានស្ត្រីណាម្នាក់ត្រូវបង្ខំចិត្តចំណាយពេលវេលា ដើម្បីដើរឬតម្រង់ជួរគ្នារាប់ម៉ោងរង់ចាំដងទឹកយកទៅប្រើនោះទេ។ គ្មានក្មេងស្រីណាម្នាក់ត្រូវបាត់បង់ឱកាសទទួលបានអនាគតត្រចះត្រចង់ ដោយសារតែសាលារៀនរបស់នាងគ្មានបង្កន់អនាម័យដំណើការ និងគ្មានចាក់សោរស្រួលបួល។ 

 

 

ស្របគ្នានេះដែរ គ្មានសហគមន៍ណាមួយត្រូវជួបការឈឺថ្កាត់ឥតឈប់ឈរដោយសារតែមកពីការខ្វះទឹក ទឹកកខ្វក់ និងខ្វះអនាម័យ។ គ្មានជនណារស់នៅដោយភ័យខ្លាចថា ការប្រែប្រួលអាកាសធាតុនិងធ្វើឱ្យខ្វះទឹកប្រើនៅអនាគត។ ជនគ្រប់រូបអាចមានជីវភាពរស់នៅដោយពេញលេញប្រកបដោយភាពថ្លៃថ្នូរ និងមានសុខភាពល្អ អមជាមួយឱកាសនានា ដែលទទួលបានពីទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពនិងសុវត្ថិភាព។

 

សូមជម្រាបថា ការសិក្សាអំពីការផ្សារភ្ជាប់គោលការណ៍ណែនាំថ្នាក់ជាតិស្ដីពីកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យសម្រាប់ជនមានពិការភាព ជាមួយនឹងការអនុវត្តបទពិសោធន៍នៅប្រទេសកម្ពុជា បានលេចចេញជារូបរាងជាមួយនឹងរបកគំហើញ និងអនុសាសន៍ដែលស្ថាប័នដៃគូអភិវឌ្ឍអាចប្រើប្រាស់ជាភស្តុតាង និងឯកសារយោងសម្រាប់ការអនុវត្ត។ ការសិក្សាបានធ្វើឡើងក្នុងភាពជាដៃគូរវាង អង្គការ Water Aid កម្ពុជាជាមួយសាកលវិទ្យាល័យអនាម័យនិងវេជ្ជសាស្ត្រត្រូពិកនៃទីក្រុងឡុងដ៍ (London School of Hygiene and Tropical Medicine)

 

 

រូបភាពនៃអត្ថបទនេះរក្សាសិទ្ធិដោយ Water Aid Cambodia

 

 

អត្ថបទពេញនិយម