លោកស្រី ជី ថាវី ៖ ស្ត្រីដើរតួនាទីយ៉ាងសំខាន់អភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យឱ្យកាន់តែប្រសើរ

ថ្ងៃសៅរ៍ ទី១០ ខែកញ្ញា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 749
1

ខេត្តកណ្តាល - ការកសាងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយបរិយាប័ន្ន បានបង្ហាញពីសក្តានុពលរបស់ស្ត្រីចូលរួមអភិវឌ្ឍន៍សង្គម។ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីឆ្នើមក្នុងវិស័យទឹកស្អាត និងអនាម័យ ជាការងារលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមគ្នានេះ ខេត្តកណ្តាលមានស្ត្រីធ្វើការងារលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យនៅតាមថ្នាក់រដ្ឋបាលនីមួយៗ រួចមកហើយ ប៉ុន្តែត្រូវការពង្រឹងសមត្ថភាពបំពេញការងារបន្ថែមដល់ពួកគាត់។

 

 

ខាងលើនេះ ជាការលើកឡើងរបស់លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីឆ្នើមក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន ប្រព្រឹត្តទៅនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ក្រោមវត្តមានលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.... ខេត្តកណ្តាល និងលោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារី ខេត្តកណ្តាល ព្រមទាំងស្ត្រីថ្នាក់ដឹកនាំមកពីបណ្តាលស្រុកនានានៅខេត្តកណ្តាល។

 

 

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានបញ្ជាក់បន្ថែមថា ខេត្តកណ្តាលមានមោទនភាពចំពោះលទ្ធផលការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលសម្រេចបានក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ។ ជាក់ស្តែងឆ្នាំ២០២២ ទូទាំងខេត្តអត្រាខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់សរុបមានចំនួន ៩៩.៨០ភាគរយ ហើយខ្នងផ្ទះនៅសល់ ០.២០ ភាគរយទៀតជាគ្រួសាររស់នៅលើដីសាធារណៈ និងរស់នៅលើទឹកតែប៉ុណ្ណោះ។ លទ្ធផលការងារទឹកស្អាត និងអនាម័យខាងលើនេះ កើតចេញពីការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំស្ត្រីនៅថ្នាក់ស្រុក ឃុំ-សង្កាត់នីមួយៗ។ 

 

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីឆ្នើមក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន ប្រព្រឹត្តទៅនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលនេះ បានបង្កើតឡើងក្រោមកិច្ចសហការរវាងមន្ទីរកិច្ចការនារីខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាមួយអង្គការ Water Aid កម្ពុជា ៕ 

 

អត្ថបទពេញនិយម