លោកស្រី ជុំ ស៊ីណាត ៖ វត្តមានអ្នកដឹកនាំស្ត្រីចាំបាច់ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន
ខេត្តកណ្តាល - នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីឆ្នើមក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្តាល បានចាត់ទុកវត្តមានអ្នកដឹកនាំស្ត្រីចាំបាច់ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាប័ន្ន។ អ្នកដឹកនាំស្ត្រីកំពុងចូលរួមសកម្មដោះស្រាយបញ្ហាទឹក និងអនាម័យ ដែលជាកិច្ចការច្បងនិងមិនអាចខ្វះបានសម្រាប់លើកកម្ពស់សុខុមាលភាពប្រជាជន។
លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារី ខេត្តកណ្តាល បានលើកឡើងថា ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីឆ្នើមក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាប័ន្ន ជាកិច្ចការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមគ្នានេះ អ្នកដឹកនាំស្ត្រីដើរតួនាទីយ៉ាងសំខាន់រាល់កិច្ចការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកស្រីប្រធានមន្ទីរកិច្ចការនារី ខេត្តកណ្តាល បានបន្តទៀតថា យោងតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ របស់ក្រសួងកិច្ចការនារី និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានកំណត់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់តួនាទីស្ត្រីតាមរយៈការបង្កើនសមាមាត្រ និងការពង្រឹងសមត្ថភាពស្ត្រីក្នុងជួរថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សូមជម្រាបថា ការលើកឡើងរបស់លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារី ខេត្តកណ្តាល នៅវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីឆ្នើមក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន ប្រព្រឹត្តទៅនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ក្រោមវត្តមានលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក. ខេត្តកណ្តាល និងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល ព្រមទាំងស្ត្រីថ្នាក់ដឹកនាំមកពីបណ្តាលស្រុកនានានៅខេត្តកណ្តាល៕