គម្រោង MUSEFO ប្រគល់ Tablets ៥១៥ គ្រឿងដល់មន្ត្រីជំនាញរាជធានី-ខេត្តទាំង២៥ ដើម្បីប្រមូលព័ត៌មានលើវិស័យសន្តិសុខស្បៀង

ថ្ងៃអង្គារ៍ ទី២៥ ខែតុលា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 282
1

ភ្នំពេញ - តាមរយៈគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា MUSEFO របស់អង្គការ GIZ បានប្រគល់ឧបករណ៍ Tablets ចំនួន ៥១៥ គ្រឿងជូនដល់ អាជ្ញាធរ រាជធានី-ខេត្ត ទាំង២៥ ដើម្បីប្រមូលព័ត៌មានលើវិស័យសន្តិសុខស្បៀង ។ អ្នកដែលទទួលបាន Tablets គឺជាក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី-ខេត្ត មន្រ្តីបង្គោលថ្នាក់ស្រុក និងឃុំគោលដៅទូទាំងប្រទេស ។ 

 

 ពិធីប្រព្រឹត្តទៅនៅទីស្តីការគណរដ្ឋមន្ត្រី នាព្រឹកថ្ងៃអង្គារ៍នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានី-ខេត្ត និងមន្ត្រីបង្គោលថ្នាក់ស្រុក ត្រូវប្រើប្រាស់ឧបករណ៍ Tablets ប្រមូលទិន្នន័យសន្តិសុខស្បៀងថ្នាក់ក្រោមជាតិ ដើម្បីបង្កើតប្រព័ន្ធប្រុងប្រយ័ត្ន និងមានវិធានការឆ្លើយតបដោះស្រាយឱ្យចំគោលដៅ និងទាន់ពេលវេលា ។ 

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ៖ព័ត៌មានសន្តិសុខស្បៀងដែលប្រមូលបានពីរាជធានី-ខេត្ត នឹងត្រូវយកទៅវិភាគ រួចរៀបចំជារបាយការណ៍សម្រាប់ផ្តល់ជាទិន្ន័យជាក់លាក់មួយជួយដល់ការធ្វើសេចក្តីសម្រេចចិត្ត និងការឆ្លើយតបឱ្យមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀងនៅកម្ពុជា” 

 

ចំណែកឯកឧត្តម Stefan Messerer  អគ្គរដ្ឋទូតសាធារណៈរដ្ឋសហព័ន្ឌអាល្លឺម៉ង់ ប្រចាំកម្ពុជា មានប្រសាសន៍ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើរតួនាទីយ៉ាងសំខាន់លើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យកាន់តែប្រសើរឡើង ។ កម្ពុជានឹងសម្រេចចក្ខុវិស័យប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ពិសេសគោលដៅទី២ គឺបញ្ចប់ភាពស្រេកឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព ។

 

សូមជម្រាបថា គម្រោង MUSEFO បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជួយដល់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា រួមទាំងគម្រោងការពង្រឹងភាពធន់នឹងអាកាសធាតុ ក្រោមគំនិតផ្តួចផ្តើមពិសេសស្ដីពីពិភពលោកមួយគ្មានភាពអត់ឃ្លាន របស់ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ នៃសហព័ន្ធអាល្លឺម៉ង់ ៕

 

អត្ថបទពេញនិយម