រដ្ឋសភាចាត់ទុកទឹកជាធាតុផ្សំដ៏សំខាន់បំផុតសម្រាប់គ្រប់ផលិតកម្ម និងសន្តិសុខស្បៀងប្រកបដោយចីរភាព

ថ្ងៃច័ន្ទ ទី០៥ ខែកញ្ញា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 462
1

ភ្នំពេញ - លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានលើកឡើងថា ទឹកជាធាតុផ្សំដ៏សំខាន់បំផុតសម្រាប់គ្រប់ផលិតកម្មប្រកបដោយចីរភាព ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀង និងជាប្រភពចម្បងនៃជីវភាពរបស់ប្រជាជនទូទាំងសកលលោក។ លោកជំទាវមានប្រសាសន៍ដូច្នេះ នៅក្នុងជំនួបប្រតិភូក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ដឹកនាំដោយឯកឧត្តម Yongdeok Cho អគ្គលេខាធិការក្រុមប្រឹក្សាទឹកអាស៊ី (Asian Water Council-AWC) នាព្រឹកថ្ងៃចន្ទនេះ នៅវិមានរដ្ឋសភា

 

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី មានប្រសាសន៍បញ្ជាក់បន្ថែមថា ទឹកជាតម្រូវការបឋមដ៏ចាំបាច់បំផុតរបស់មនុស្ស។ ចំណែកសន្តិសុខទឹកជាផ្នែកសំខាន់និងជាប់ពាក់ព័ន្ធទៅនឹងវិស័យជាច្រើនត្រូវរួមគ្នាក្នុងការគ្រប់គ្រងទឹក ដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា បរិស្ថាន សង្គម និងនយោបាយជាដើម។ 

 

ទន្ទឹមគ្នានេះ នៅក្នុងជំនួបពិភាក្សាលោកជំទាវបានលើកឡើងដែរថា ការគ្រប់គ្រង និងត្រួតពិនិត្យលើបរិមាណនិងគុណភាពទឹក មានកិច្ចការងារនិងត្រូវការអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធទឹក អន្តរាគមន៍ និងការពារ សំដៅរក្សាចីរភាពប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន ព្រមទាំងរក្សាសេវាសម្រាប់តម្រូវផ្គត់ផ្គង់ដល់មនុស្សនិងសេដ្ឋកិច្ច។

 

សូមជម្រាបជូនថា ក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ឬភាសាអង់គ្លេសថា ASIA NATIONAL ASSEMBLY WATER CONSULTATIVE BOARD ដែលហៅកាត់ថា “AAWC” បានបង្កើតឡើងក្នុងគោលបំណងជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកសភាមកពីបណ្ដាប្រទេសអាស៊ីក្នុងការដោះស្រាយបញ្ហាទឹក តាមរយៈការចែករំលែកច្បាប់ និងសកម្មភាពនីតិប្បញ្ញត្តិទាក់ទងនឹងទឹក។ 

 

ក្រុមប្រឹក្សានេះ បង្កើតឡើងស្របតាមគោលបំណងរបស់ក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council–AWC) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដើម្បីសម្រេចកំណើនប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី ប្រកបទឹកស្អាត អនាម័យ ឆ្លាតវៃ ដោយការអនុវត្តបច្ចេកវិទ្យាឆ្លាតវៃ ចំពោះការប្រើប្រាស់ទឹកគ្រប់ប្រភេទ តាមរយៈផ្តល់ការគាំទ្រផ្នែកនីតិប្បញ្ញត្តិ និងស្ថាប័ន ដើម្បីអនុវត្តដំណោះស្រាយបច្ចេកទេសនៅក្នុងតំបន់គោលដៅ៕

 

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានជំនួបប្រតិភូក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ដឹកនាំដោយឯកឧត្តម Yongdeok Cho អគ្គលេខាធិការក្រុមប្រឹក្សាទឹកអាស៊ី (Asian Water Council-AWC) នាព្រឹកថ្ងៃចន្ទនេះ នៅវិមានរដ្ឋសភា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានជំនួបប្រតិភូក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ដឹកនាំដោយឯកឧត្តម Yongdeok Cho អគ្គលេខាធិការក្រុមប្រឹក្សាទឹកអាស៊ី (Asian Water Council-AWC) នាព្រឹកថ្ងៃចន្ទនេះ នៅវិមានរដ្ឋសភា។ រូបភាព - រដ្ឋសភា 

អត្ថបទពេញនិយម