ប្រតិភូថ្នាក់ជាតិចុះពិនិត្យគម្រោងលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគិតគូដល់អាហារូបត្ថម្ភនៅខេត្តកំពង់ធំ និងសៀមរាប
សៀមរាប - អនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ (WASH and Nutrition SWG) សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងក្រុមការងារថ្នាក់ក្រោមជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានទស្សនកិច្ចសិក្សាស្វែងយល់ពីការអនុវត្តគម្រោងលើកកម្ពស់ សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរអាហារូបត្ថម្ភ ក្នុងខេត្តកំពង់ធំ និងសៀមរាប រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ - ២៧ ខែឧសភា ឆ្នាំ២០២២ ។
ដំណើរស្វែងយល់លើការងារអន្តរាគមន៍ គម្រោងសកម្មភាពលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូដល់អាហារូបត្ថម្ភនៅខេត្តកំពង់ធំ និងខេត្តសៀមរាបក្នុងគោលបំណង ០៣ សំខាន់ៗ រួមមាន ៖
- ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកការរៀនសូត្រ និងព័ត៌មាននានា ស្តីពីការអនុវត្តគម្រោងដែលដឹកនាំដោយសហគមន៍ជាក់ស្តែងក្នុងការងារលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ រួមទាំងមេរៀន និងបទពិសោធន៍ល្អៗរវាងក្រសួង‑ស្ថាប័នថ្នាក់ជាតិ និងស្ថាប័នអនុវត្តថ្នាក់ក្រោម ជាតិ អង្គការដៃគូ និងសហគមន៍ដែលជាអ្នកអនុវត្តគម្រោងសកម្មភាពជាក់ស្តែង និងជាអ្នកទទួលផលពីគម្រោង ។
- គាំទ្រការពង្រឹងសមត្ថភាពអ្នករៀបចំគោលនយោបាយពីក្រសួង‑ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តវិធីសាស្រ្តតាមបែបចូលរួមជាមួយសហគមន៍ដែលដឹកនាំការងារលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ។
- ស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្វះខាត ឱកាសនិងឧបសគ្គនានា (SWOT) ដើម្បីចូលរួមកែលម្អគម្រោងសកម្មភាពនានាដែលដឹកនាំដោយសហគមន៍លើការងារលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ។
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានឱ្យដឹងថា គម្រោងសកម្មភាពលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ មានគោលដៅលើកកម្ពស់គុណភាពជិវិត និងធ្វើឱ្យប្រសើរឡើងសុខភាពកុមារ និងមាតា ពង្រីកវិសាលភាពសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ និងពង្រឹងគុណភាពសេវា និងការទទួលបានសេវាសុខភាព និងអនាម័យ ។
សូមជម្រាបថា ទស្សនកិច្ចសិក្សាថ្នាក់ជាតិនេះ អញ្ជើញចូលរួមពីមន្រ្តីនៃក្រសួង‑ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងបណ្តាអង្គការដៃគូអភិវឌ្ឍនានា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកការរៀនសូត្រ និងព័ត៌មាននានា ស្តីពីការអនុវត្តជាក់ស្តែងនៅសហគមន៍លើគម្រោងសកម្មភាពលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ។
អនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ សម្របសម្រួលដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ សហការគាំទ្រហិរញ្ញវត្ថុពីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ។ តាមរយៈដំណើរទស្សនកិច្ចក្រុមការងារជំនាញរំពឹងថា នឹងទទួលបានចំណេះដឹងពីចំណុចខ្លាំង ចំណុចខ្វះខាត ឱកាសនិងឧបសគ្គនានា ដើម្បីរៀបចំសកម្មភាពលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភឱ្យកាន់តែប្រសើរ ។
គួរបញ្ជាក់ថា សមាសភាពចូលរួមក្នុងទស្សនកិច្ចសិក្សាថ្នាក់ជាតិនេះ មានគណៈប្រតិភូចំនួន ២០រូប ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង នាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងជាសហប្រធានអនុក្រុមការងារលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសំខាន់ៗ រួមមាន អង្គការ UNICEF, Plan International, GIZ, HKI, World Vision International, និងអង្គការ WaterAid ៕