ចំណេះដឹងអាហារូបត្ថម្ភ និងរបៀបចិញ្ចឹមទារកកុមារសំខាន់សម្រាប់ម្តាយ និងបុគ្គលិកនៅកន្លែងធ្វើការ

ថ្ងៃសៅរ៍ ទី១០ ខែកញ្ញា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 606
1

ភ្នំពេញ - តាមរយៈការអនុវត្តគម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ បានបង្ហាញថា ការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីចំណេះដឹងអាហារូបត្ថម្ភ និងរបៀបចិញ្ចឹមទារកកុមារ គឺសំខាន់បំផុតសម្រាប់ម្តាយគ្រប់រូប និងបុគ្គលិកនៅកន្លែងធ្វើការ។ នេះបើតាមការលើកឡើងរបស់លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller ប្រចាំកម្ពុជា នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូននៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីព្រឹកថ្ងៃសុក្រកន្លងទៅ។ 

 

 

លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller ប្រចាំកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គម្រោងសាកល្បងនៅកម្ពុជានេះ ផ្តោតសំខាន់លើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាពនិងអាហារូបត្ថម្ភ ដូចជា អាហារូបត្ថម្ភពេលមានផ្ទៃពោះ និងក្រោយសម្រាល, ការបំបៅកូនដោយទឹកដោះម្ដាយការផ្ដល់អាហារបន្ថែមដល់កុមារការប្រឹក្សាលើរបបអាហារសារ:សំខាន់អនាម័យអត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាពនិងថាមពលមាំមួននិងការអប់រំស្តីពីរបៀបចិញ្ចឹមទារកនិងកុមារតូចកំឡុងពេលធ្វើការងារជាដើម។

 

នាយកអង្គការ Helen Keller ប្រចាំកម្ពុជា លោក ហ៊ូ ក្រើន បានបញ្ជាក់ ៖ “ការអប់រំស្តីពីរបៀបចិញ្ចឹមទារកនិងកុមារតូចកំឡុងពេលធ្វើការងារ ធ្វើឡើងដើម្បីឱ្យកូនៗមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវៃ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពការងារខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។”

 

សូមជម្រាបថា គោលបំណងគម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ គឺដើម្បី (១) បង្កបរិយាកាសងាយស្រួលដល់បុគ្គលិកស្ត្រីអាចបន្តបំបៅដោះកូនតទៅទៀតបន្ទាប់ពីត្រឡប់មកធ្វើការវិញ, (២) ផ្ដល់លទ្ធភាពដល់ស្ត្រីមានកន្លែងច្របាច់ឬបូមទឹកដោះរក្សាទុកដើម្បីបំបៅកូន, (៣) មានបន្ទប់និងសម្ភារៈអប់រំសម្រាប់ម្តាយអានដើម្បីស្វែងយល់ពីអត្ថប្រយោជន៍នៃទឹកដោះម្តាយ អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនិង (៤) បង្កើនការអនុវត្តន៍ល្អៗនៅកន្លែង។ 

 

សូមជម្រាបថា បន្ទាប់ពីពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន កន្លងទៅក្រុមការងារអង្គការ Helen Keller សហការជាមួយកម្មវិធីជាតិអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗដល់និយោជិត និយោជក កម្មករ កម្មការនីទាំងអស់លើចំណេះដឹងអាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ។ អង្គការ Helen Keller ជឿជាក់ថា គម្រោងនេះនឹងចូលរួមអនុវត្តការប្ដេជ្ញាចិត្តរបស់កម្ពុជាបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឱ្យបានដល់៨៥% នៅឆ្នាំ២០៣០៕ 

 

អត្ថបទពេញនិយម