ខេត្តឧត្តរមានជ័យបើកយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកជំនួសដោយកន្ត្រកបរិស្ថាន
ឧត្តរមានជ័យ - រដ្ឋបាលខេត្តឧត្តរមានជ័យបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្រ្តកបរិស្ថាន ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនៅក្នុងខេត្តឱ្យចូលរួមថែរក្សាអនាម័យបរិស្ថាន ពិសេសការបំពុលផ្សេងៗដែលបង្កឡើងដោយថង់ប្លាស្ទិក ។ យុទ្ធនាការបរិស្ថាននេះ បានប្រព្រឹត្តទៅកាលសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ នៅក្រុងសំរោង ។
ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ មានប្រសាស៍ថា ខេត្តគាំទ្រនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ឱ្យកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងចាប់ផ្តើមកន្រ្តកបរិស្ថានជំនួសវិញ។ ការប្រើប្រាស់ថង់បរិស្ថាន ឬកន្រកបរិស្ថាន នឹងកាត់បន្ថយវត្តមានសំណល់ប្លាស្ទិក ព្រមទាំងជួយដល់សុខភាពអ្នកប្រើប្រាស់ ។
ចំណែកឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក រៀបចំឡើងដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារបស់ប្រជាជនជាមួយប្រជាជាតិលើសកលលោក ចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថានឱ្យជៀសផុតពីភាពកខ្វក់ដែលបណ្តាលមកពីសំណល់ និងប្រភពបំពុលផ្សេងៗទៀត។
តាមរយៈយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក នឹងចូលរួមគាំពារសុខុមាលភាពប្រជាពលរដ្ឋ និងគុណភាពបរិស្ថានឱ្យល្អស្រស់បំព្រងជានិច្ច សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗទៀត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ។
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បានរៀបចំឡើងដោយអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីតំណាងសាលាក្រុងសំរោង មន្ទីរបរិស្ថានខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជន និងប្រជាពលរដ្ឋ សរុប ២៥០នាក់ ។
សូមបញ្ជាក់ថា ផ្អែកតាមតួលេខក្រសួងបរិស្ថាន សំរាមនៅតាមទីប្រជុំជនបង្កើតឡើងចំនួនជាង ១ម៉ឺនតោនក្នុងមួយថ្ងៃ។ ក្នុងរយៈពេលមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៥ លានតោន ក្នុងនោះ២០% ជាសំណល់ប្លាស្ទិក។ ចំណែកនៅទូទាំងសកលលោកបរិមាណប្លាស្ទិកសរុបកើនឡើងដល់ជាង ៨ពាន់លានតោន ប៉ុន្តែមានតែប្លាស្ទិកប្រមាណជា ៩% ប៉ុណ្ណោះដែលបានកែច្នៃឡើងវិញ ហើយ ៩១% ទៀតគេយកទៅចាក់នៅទីលានចាក់សំរាម បោះចោលទៅក្នុងទឹកទន្លេ បឹងបួរ និងហូរចូលទៅក្នុងសមុទ្រ។ ជារៀងរាល់ឆ្នាំ មានការផលិតប្លាស្ទិកមានបរិមាណប្រហែលជាជាង ៤០០លានតោន៕