១២ឆ្នាំកន្លងទៅអូស្ត្រាលី​​​វិនិយោគ​ទឹក​ប្រាក់ ១៣០លាន​ដុល្លារ​ ដើម្បីជួយ​វិស័យ​កសិកម្មនៅ​កម្ពុជា​តាមរយៈ​កម្មវិធី ​CAVA​C

ថ្ងៃពុធ ទី១០ ខែសីហា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 460
1

ភ្នំពេញ - ចាប់តាំងពីឆ្នាំ២០១០ អូស្ត្រាលីបានវិនិយោគទឹកប្រាក់ចំនួន ១៣០លានដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC ដើម្បីបង្កើនការផលិតស្រូវ កសាងប្រព័ន្ធធារាសាស្រ្តខ្នាតតូចសម្រាប់កសិករ និងធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា។ 

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានបញ្ជាក់ថា កម្មវិធីCAVAC បានកាត់បន្ថយភាពក្រីក្រនៅតាមជនបទ បង្កើនប្រាក់ចំណូលសម្រាប់កសិករបានច្រើន និងបាន​ជួយដល់វិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានសក្តានុពលខាងផ្នែកពាណិជ្ជកម្ម និង​ការប្រកួតប្រជែង។ កម្មវិធី CAVAC នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០​២២នេះ ។

ដ្បិតតែកម្មវិធី CAVAC នឹងត្រូវបញ្ចប់ក៏ពិតមែន ប៉ុន្តែស្ថានទូតអូស្ត្រាលី ថាមិនមែនជាការបញ្ចប់នៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុង​ការគាំទ្រ​ដល់ការអភិវឌ្ឍ​វិស័យកសិកម្មនៅកម្ពុជាឆ្ពោះទៅមុខនោះទេ ។ កម្មវិធីថ្មី-ភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ (CAP-RED) ក្នុងទំហំទឹកប្រាក់ ៨៧ លានដុល្លារអូស្ត្រាលី នឹងបន្តគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និង​បង្កើន​ភាពធន់របស់កម្ពុជា ទាក់ទងនឹងវិស័យកសិកម្ម/ការកែច្នៃកសិផល ពាណិជ្ជកម្ម និងការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងយេនឌ័រ និងសង្គមប្រកដដោយបរិយាបន្ន៕

អត្ថបទពេញនិយម