អាហារសម្រន់កញ្ចប់មានជាតិអំបិល ស្ករ និងខ្លាញ់ខ្ពស់មានសារជាតិចឹញ្ចឹមតិចតួចសម្រាប់សុខភាពកុមារ

ថ្ងៃអង្គារ៍ ទី០២ ខែសីហា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 809
1

ភ្នំពេញ - របាយការណ៍របស់អង្គការសុខភាពពិភពលោកនៅឆ្នាំ២០២១ បានបង្ហាញថា អត្រានៃ ការឡើងទម្ងន់និងជំងឺធាត់ចំពោះកុមារ បាននឹងកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅតំបន់អាស៊ីអាគ្នេយ៍ដែលបណ្តាលមកពីការបរិភោគអាហារសម្រន់កញ្ចប់មានជាតិអំបិល ស្ករ និងខ្លាញ់ខ្ពស់ ហើយមានសារជាតិចឹញ្ចឹមតិចតួច ដែលមានលក់កាន់តែច្រើនឡើងនៅតាមសាលារៀន។ មួយវិញទៀត ការបរិភោគអាហារសម្រន់កញ្ចប់ដែលគ្មានគុណភាពនិងសុវត្ថិភាពនឹងបណ្តាលឱ្យសិស្សសាលាបឋមសិក្សាមានបញ្ហាសុខភាព កង្វះអាហារូបត្ថម្ភ ជាពិសេសកង្វះមីក្រូសារជាតិ ស្លេកស្លាំងដែលធ្វើឱ្យប៉ះពាល់សតិបញ្ញាស្មារតី និងការរៀនសូត្រផងដែរ។  

 

 

បើតាមរបាយការណ៍អាហារូបត្ថម្ភសកលឆ្នាំ២០២០ បានបញ្ជាក់ថា នៅកម្ពុជាមានកុមារអាយុចាប់ពី ០៥ ដល់ ១៩ឆ្នាំ ចំនួនប្រមាណជាង ១ ភាគប្រាំបីមានបញ្ហាឡើងទម្ងន់និងជំងឺធាត់។ ចំនួន ២ភាគបីនៃការស្លាប់នៅកម្ពុជាគឺបណ្តាលមកពីជំងឺមិនឆ្លង ហើយភាគច្រើនមានការជាប់ពាក់ព័ន្ធនឹងការបរិភោគចំណីអាហារ។ នៅក្នុងផែនការសកម្មភាពពហុវិស័យជាតិស្តីពីការការពារនិងការប្រយុទ្ធនឹងជំងឺមិនឆ្លងកម្ពុជា ឆ្នាំ២០១៨-២០២៧ បានលើកឡើងថា ជំងឺមិនឆ្លងធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រព្រមទាំងគម្រាមគំហែងដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ 

 

របាយការណ៍បានបង្ហាញទៀតថា អាហារលក់តាមសាលារៀនក៏ពុំមានការត្រួតពិនិត្យជាប្រចាំលើអនាម័យ និងសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។ ទន្ទឹមគ្នានេះ កុមារកម្ពុជាបានញាំអាហារកញ្ចប់ និងភេស្ជជៈដែលផលិតចេញពីរោងចក្រកែឆ្នៃស្ទើតែគ្រប់គ្នា។ អាហារសម្រន់មិនល្អចំពោះសុខភាពទាំងនេះបានដាក់លក់នៅតាមសាលាបឋមសិក្សាជាច្រើននៅទូទាំងប្រទេស។

 

លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសនៃអង្គការ Helen Keller មានប្រសាសន៍ថា ការសិក្សារបស់កម្មវិធីស្បៀងអាហារពិភពលោកនិងអង្គការ Helen Keller បានរកឃើញថា កុមារភាគច្រើនបំផុតត្រូវបានមាតាបិតាផ្តល់លុយជារៀងរាល់ថ្ងៃដើម្បីទិញអាហារសម្រន់ទាំងនោះ។ សិស្សានុសិស្សងាយទិញអាហារសម្រន់មិនល្អចំពោះសុខភាពដែលដាក់លក់តាមសាលារៀន ហើយរូបភាពនេះកំពុងជំរុញឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភជាពិសេសកង្វះមីក្រូសារជាតិ ក៏ដូចជាបញ្ហាលើសទម្ងន់និងជំងឺធាត់ក្នុងចំណោមសិស្សសាលា ព្រមទាំងបង្កើតទម្លាប់អាក្រក់ក្នុងការបរិភោគអាហារនេះនៅពេលកុមារពេញវ័យ។ 

 

 

ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមបណ្តាលមកពីការបរិភោគអាហារសម្រន់កញ្ចប់មានជាតិអំបិល ស្ករ និងខ្លាញ់ខ្ពស់ អង្គការ Helen Keller សហការជាមួយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា កំពុងធ្វើការរួមគ្នាតាមរយៈគម្រោងសាកល្បងមួយឈ្មោះថា "សាលាល្អ អាហារល្អ អនាគតល្អបវររុងរឿង" គឺការផ្លាស់ប្តូរឥរិយាបថអ្នកពាក់ព័ន្ធ...។ ប្រសាសន៍លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសនៃអង្គការ Helen Keller  

 

លោក ហ៊ូ ក្រើន បានបញ្ជាក់ថា គម្រោងសាកល្បងនេះ បានអនុវត្តឡើងដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ដោយប្រើវិធីសាស្ត្រមួយឈ្មោះថា វិធីសាស្ត្រការពិភាក្សាស៊ីជម្រៅលើចំណេះដឹង បទពិសោធន៍ និងការផ្លាស់ប្តូរឥរិយាបថរបស់មនុស្ស។ គម្រោងនេះ ក៏រួមចំណែកពង្រឹងការអនុវត្តសារាចរណែនាំលេខ១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់សុខភាពនិងសុវត្ថិភាពចំណីអាហារតាមសាលារៀន។ 

 

សូមជម្រាបថា គម្រោងសាកល្បងសាលាល្អ អាហារល្អ អនាគតបវររុងរឿង ដែលប្រើវិធីសាស្ត្រការពិភាក្សាស៊ីជម្រៅលើចំណេះដឹង បទពិសោធន៍ និងការផ្លាស់ប្តូរឥរិយាបថរបស់មនុស្សនេះ បាននិងកំពុងអនុវត្តនៅសាលាបឋមសិក្សាចំនួន ០៣ ក្នុងខេត្តកំពង់ស្ពឺ ។ បន្ទាប់ពីដំណាក់កាលសាកល្បង និងធ្វើការយ៉ាងជិតស្និទជាមួយសហគមន៍ និងអ្នកសម្រេចចិត្តនានា ដើម្បីបង្កើតឧបករណ៍ងាយៗដែលនឹងជួយឱ្យភាគីពាក់ព័ន្ធធ្វើការរួមគ្នាក្នុងការពង្រីកការប្រើប្រាស់វិធីសាស្ត្រនេះទៅកាន់សាលាផ្សេងទៀត ដើម្បីជួយដោះស្រាយបញ្ហាអាហារសម្រន់មិនល្អដែលមានលក់នៅតាមសាលារៀន ហើយប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។ 

 

គួររំលឹកដែរថា កន្លងទៅក្រសួងអប់រំ យុវជន និងកីឡា បានចេញគោលការណ៍ណែនាំសុខភាពសិក្សា ដោយដាក់បម្រាមនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ មិនត្រូវលក់ចំណី អាហារ និងភេសជ្ជៈមានជាតិផ្អែមប្រភេទ អាហារមានជាតិខ្លាញ់ និងផលិតផលចំណីអាហារមួយចំនួនទៀតដែលបង្កដល់បញ្ហាសុខភាពកុមារ​ ព្រមទាំងសុខភាពបុគ្គលិក។

 

អត្ថបទពេញនិយម