ប្រជាពលរដ្ឋភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង បង្កើតទម្លាប់ទទួលទានទឹកស្អាតនិងអនាម័យតាមគ្រួសារបានប្រសើរ

ថ្ងៃសុក្រ ទី២៧ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 776
1

កំពង់ធំ​ - បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សានៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ គណៈប្រតិភូក្រុមការងារទឹកស្អាត និងអនាម័យ និងអាហារូបត្ថម្ភ បានវាយតម្លៃថា ប្រជាពលរដ្ឋភូមិចំបក់បញ្ញា បានបង្កើតទម្លាប់ទទួលទានទឹកស្អាតនិងយល់ពីការអនុវត្តអនាម័យបានប្រសើរនៅតាមគ្រួសារ ។ទន្ទឹមគ្នានេះ ឯកឧត្តម ជា សំណាង ប្រធានប្រតិភូបានចែករំលែកចំណុចគន្លឹះនិងព័ត៌មានទទួលបានពីដំណើរទស្សនកិច្ចសិក្សាចំនួន ដោយផ្តោតលើការងារទឹកស្អាតអនាម័យ អាហារូបត្ថម្ភ និងការអភិវឌ្ឍន៍សហគមន៍ ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ។ 

 

 

  • កម្រិតនៃការប្រើប្រាស់បង្គន់អនាម័យ និងការយល់ដឹងពីអនាម័យសម្រាប់សហគមន៍ទាំងមូល មានលក្ខណៈល្អប្រសើរ ប្រជាពលរដ្ឋទទួលបានទឹកស្អាតទទួលទាននិងប្រើប្រាស់ (ទឹកដាំពុះ និងធុងចម្រោះទឹក) មានភាពល្អប្រសើរក្នុងកម្រិតសហគមន៍ ។
  • ប្រជាជនយល់ដឹងពីការបំបៅកូនដោយទឹកដោះម្តាយ (ទឹកដោះម្តាយសុទ្ធ) និងការរៀបចំអាហារសម្រាប់ទារក អាយុពី ៦ខែឡើង ដល់ ០២ឆ្នាំ (បបរគ្រប់គ្រឿង) ព្រមទាំងមានការផ្តល់កញ្ចប់អាហារបន្ថែមដល់ស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ដើម្បីជួយបន្ថែមលើអាហារូបត្ថម្ភ
  • រចនាសម្ព័ន្ធអនុវត្តការងារនៅថ្នាក់ឃុំបានរៀបចំល្អប្រសើរ ដោយការងារជាច្រើនបានផ្សារភ្ជាប់ជាមួយក្រុមយុវជន មានការគិតគូរពីការទុកបម្រុងថវិកា ១០% នៃគម្រោងថវិកាវិនិយោគឃុំ សម្រាប់ចំណាយដោះស្រាយបញ្ហាសង្គម ដូចជាការគាំពារសង្គម អាហារូបត្ថម្ភ ទឹកស្អាត អនាម័យ ព្រមទាំងបង្កើតក្រុមសន្សំសហគមន៍ ដើម្បីជួយសមាជិកសហគមន៍ផ្ទាល់ខ្លួន
  • ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ត្រូវបានប្រកាសជាស្រុក ODF រួចរាល់

ស្របគ្នានេះ គណៈប្រតិភូក្រុមការងារទឹកស្អាត និងអនាម័យ និងអាហារូបត្ថម្ភ បានរកឃើញចំណុចមួយកែលម្អមួយចំនួន ដូចខាង ទំនាក់ទំនងរវាងមន្រ្តីអនុវត្តគម្រោងរបស់ដៃគូជាមួយមន្រ្តីថ្នាក់មន្ទីរ ឫមណ្ឌលសុខភាព នៅមិនទាន់ស៊ីសង្វាក់គ្នា ដោយការធ្វើការងារនៅដាច់ដោយឡែកពីគ្នា មិនមានទំនាក់ទំនងគ្នាបានប្រសើរ ។ ពេលវេលាបង្រៀនវគ្គអនាម័យ ទឹកស្អាត អាហារូបត្ថម្ភ មានរយៈពេលវែងដែលអាចផ្តល់ការលំបាកដល់អ្នកចូលរួម ការគិតគូរទៅដល់និរន្តរភាពរបស់គម្រោងក្រោយពេលគម្រោងបញ្ចប់ ។

 

លើសពីនេះ ឃុំត្រូវលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍អាចដាំដុះផលិតផលកសិកម្ម ដើម្បីធ្វើការផ្គត់ផ្គង់ ឫលក់ឲ្យកម្មវិធី (កម្មវិធីផ្តល់កញ្ចប់អាហារដល់ស្រ្តីមានផ្ទៃពោះ) ប្រសើរជាងការទិញពីក្រុមហ៊ុនឯកជនក្នុងតំបន់មកផ្គត់ផ្គង់កម្មវិធីគម្រោង, លើកទឹកចិត្តដល់បុរសឱ្យចូលរួមវគ្គស្តីពីអាហារូបត្ថម្ភ ទឹកស្អាត អនាម័យ (Gender inequity in Nutrition & WASH programme)​ , លើកទឹកចិត្តដល់ដៃគូរអភិវឌ្ឍន៍នានារៀបចំឱ្យមានទស្សនកិច្ចសិក្សាស្វែងយល់ ផ្លាស់ប្តូបទពិសោធន៍ និងចែករំលែកព័ត៍មានរវាងឃុំនិងឃុំឱ្យបានប្រសើរ ។

 

សូមជម្រាបថាកាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០២២កន្លងទៅគណៈប្រតិភូថ្នាក់ជាតិដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិតជាសំណាងប្រធានក្រុមការងារទឹកស្អាតនិងអនាម័យនិងអាហារូបត្ថម្ភបានចុះទស្សនកិច្ចសិក្សានៅភូមិចំបក់បញ្ញាឃុំបន្ទាយស្ទោងស្រុកស្ទោងខេត្តកំពង់ធំដោយមានការចូលរួមពីឯកឧត្តមព្រឹមរដ្ឋាអភិបាលរងខេត្តកំពង់ធំនិងមន្ទីរពាក់ព័ន្ធខេត្តរួមនឹងតំណាងស្រុកប្រតិបត្តិនៅក្នុងខេត្ត។

 

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងផ្លាស់ប្តូបទពិសោធន៍ ចែករំលែកការរៀនសូត្រ និងព័ត៌មាននានាស្តីពីការអនុវត្តកម្មវិធីលើកកម្ពស់សេវាផ្គង់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូដល់អាហារូបត្ថម្ភ ។ ទន្ទឹមគ្នានេះ គណៈប្រតិភូថ្នាក់ជាតិអាចសិក្សាស្វែងរកចំណុចខ្លាំង ចំណុចខ្វះខាត ឱកាស និងឧបសគ្គនានា ដើម្បីឱ្យក្រុមការងារអាចផ្តល់មតិយោបល់ និងជួយកែលម្អគម្រោងសកម្មភាពនានាដែលដឹកនាំដោយសហគមន៍ផ្ទាល់ ៕ 

អត្ថបទពេញនិយម