គម្រោងកែលម្អប្រព័ន្ធប្រឡាយ-លូ រាជធានីភ្នំពេញ ជំហានទី៤ ចំណាយប្រាក់អស់ ៣៦លានដុល្លារ

ថ្ងៃពុធ ទី២០ ខែមេសា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 418
1

ភ្នំពេញ - លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់សំណង់កែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ បាននិងកំពុងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំក្នុងខណ្ឌដូនពេញ និងតំបន់ភូមិសាស្ត្រសង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ ក្នុងខណ្ឌទួលគោក បានចំណាយថវិកាសាងសង់​ប្រមាណ ៣៦លានដុល្លាអាមេរិក ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ការីម៉ាតា អាហ្សូហ្ស៉ី ភារធារីស្តីទីស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញ​សម្ពោធសមិទ្ធផលនានាដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ កាល​ពី​ព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ។ គម្រោងបានប្រើរយៈពេលសាងសង់ប្រមាណជាង ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងនេះ បានស្ថាបនាដាក់បណ្តាញលូខ្នាតធំប្រវែង ១២.៦គីឡូម៉ែត្រ។ ក្នុងនោះនៅភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ និងនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ។ គម្រោងបាន​សាងសង់អាងស្តុកទឹកក្រោមដីក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទំហំបណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ជម្រៅ ៤ម៉ែត្រ មានសមត្ថភាពស្តុកទឹកបាន ៦,៥០០ម៉ែត្រគូប និងសង់ស្ថានីយបូមទឹកមានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង ១វិនាទី ។

ទន្ទឹមគ្នានេះ គម្រោងខាងលើបានបំពាក់ម៉ាស៊ីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹកក្រោមដីតាមមាត់ទន្លេរួមមាននៅអាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាលសន្និសីទចតុមុខ។ លើសពីនេះ គម្រោងផ្តល់ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿង ។

សូមជម្រាបថា តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ គម្រោងទាំង ៤លើកនេះ បានជួយឱ្យរាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់ និងបានជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង។ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយ​គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះមានតម្លៃប្រមាណ ២០លានដុល្លារអាមេរិក ៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន