អភិបាលរាជធានី ៖ បច្ចុប្បន្នអ្នកបញ្ចេញនិងអ្នកប្រមូលសំរាមនៅភ្នំពេញមិនទាន់ភាពស៊ីចង្វាក់គ្នា
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបានបង្ហាញភាពមិនពេញចិត្តចំពោះយន្តការដោះស្រាយបញ្ហាសំរាមនៅក្នុងរាជធានី ទោះបីមានការបន្ថែមចំនួនក្រុមហ៊ុនប្រមូលនិងដឹកជញ្ជូនសំរាមក្តី ។ ចំណុចនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ភាពស៊ីចង្វាក់គ្នានោះ គឺម៉ោងពេលរវាងប្រជាពលរដ្ឋជាអ្នកបញ្ចេញសំរាម និងអ្នកប្រមូលសំរាម ។ ការលើកឡើងនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់លើផ្ទៃដី ៣ហិចតា ស្ថិតនៅភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីព្រឹកថ្ងៃអង្គារ៍កន្លងទៅ ។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួនធំនៅភ្នំពេញបានកែឥរិយាបថទុកដាក់សំរាមបានត្រឹមត្រូវ និងយល់ច្បាស់ពីរបៀបបញ្ចេញសំរាមតាមផ្ទះ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនទៀតមិនទាន់យល់ច្បាស់ពីការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាមរបស់ខ្លួន តាមការកំណត់ឱ្យបានត្រឹមត្រូវនៅឡើយ ។ ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ពលរដ្ឋទាំងអស់រស់នៅរាជធានីភ្នំពេញ ត្រូវអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់ទុកដាក់នៅរាជធានីភ្នំពេញទាំងមូល ។
គួរបញ្ជាក់ថា ដោយសារកំណើនប្រជាពលរដ្ឋរាជធានីភ្នំពេញ បានធ្វើឱ្យបរិមាណផលិតសំរាមនិងសំណល់រឹងកាន់តែមានការកើនទ្បើង ដែលជាក់ស្ដែងក្នុងមួយថ្ងៃៗ រាជធានីភ្នំពេញមានសំរាមប្រមាណជា ៣ពាន់តោនបានប្រមូល និងដឹកជាប្រចាំទៅចាក់ចោលនៅទីលានចាក់សំរាមជើងឯក ។ កន្លងទៅរដ្ឋបាលរាជធានីគ្រោងផ្លាស់ប្តូរទីលានចាក់សំរាមពីខណ្ឌដង្កោបច្ចុប្បន ទៅដាក់ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលមានទំហំផ្ទៃដីប្រមាណពី២០ ទៅ ៥០ហិកតា ហើយទីតាំងចាក់សំរាមនៅក្នុងខណ្ឌដង្កោរក្សាទុកជាទីតាំងសម្រាប់ផ្ទេរសំរាមវិញ ។
សូមជម្រាបថា នៅរដូវភ្លៀងធ្លាក់ការទុកដាក់សំរាមនិងសំណល់រឹងមិនបានត្រឹមត្រូវ អាចជាផ្នែកមួយរាំងស្ទះដល់លំហូរទឹកតាមប្រព័ន្ធលូ ។ និយាយពីការស្តារហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូក្នុងរាជធានីនេះ នាព្រឹកថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ បៃយ៉េ ( Mr.PIERRE BAILLET ) លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ នៅរាជធានីភ្នំពេញ ។ ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់នេះ សាងសង់ដើម្បីកាត់បន្ថយជាតិពុលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងរាជធានី ៕