រាជធានីភ្នំពេញនឹងសាងសង់អាងស្ដុកទឹកនិងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅខណ្ឌកំបូល

ថ្ងៃសុក្រ ទី១៥ ខែកក្កដា​ ឆ្នាំ២០២២      Root
ចែករំលែក
Views: 476
1

ភ្នំពេញ - រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងសាងសង់រោងចក្រផលិតទឹកស្អាតមួយកន្លែងទៀតមានទីតាំងនៅក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល។ រោងចក្រផលិតទឹកស្អាត មានសមត្ថភាពផលិតទឹក បាន៥០០០ម៉ែត្រគីបក្នុង១ថ្ងៃ និងរំពឹងថា អាចជួយដោះស្រាយបញ្ហាខ្វះខាតទឹកស្អា នៅក្នុងខណ្ឌកំបូល ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។  

 

 

គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតក្នុងខណ្ឌកំបូល របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នេះមានឈ្មោះថា ជារោងចក្រផលិតទឹកស្អាតបឹងធំ ដោយផ្តើមសាងសង់នៅក្នុងឆ្នាំ២០២២ ដល់២០២៤ លើផ្ទៃដី៣០ហិចតា ។ ដើម្បីអោយដំណើរការនៃគម្រោងសាងសង់ដំណើរការទៅដោយរលូន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យគម្រោងទីតាំងផ្ទាល់ផងដែរ។

 

បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអោយដឹងថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតក្នុងខណ្ឌកំបូល  ដែលគ្រោងសាងសង់នេះ មានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ អាចផ្គត់ផ្គង់ទឹកស្អាតបាននៅភាគខាងលិចឆៀងខាងត្បូងរាជធានីភ្នំពេញ នៅស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល និងមួយផ្នែកទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

 

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអោយដឹងទៀតថា រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី១ នៅឆ្នាំ២០២៣ នឹងអាចផលិតទឹកអោយប្រជាពលរដ្ឋប្រើប្រាស់បាន នៅក្នុង៣សង្កាត់នៃខណ្ឌកំបូល ហើយនឹងបន្តពង្រឹកវិសាលភាពអោយកាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ រស់នៅស្អាត ផឹកទឹកស្អាត មានអនាម័យល្អ ទៅតាមគោលនយោបាយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

 

គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកមានប្រមាណ៦សែនម៉ែត្រគីបក្នុង១ថ្ងៃ ខណៈតម្រូវការទឹកមានប្រមាណ៨សែនម៉ែត្រគីប។ តម្រូវការទឹកមានការកើនឡើង បន្ទាប់ពីការពង្រីកទីក្រុង ដោយឃុំមួយចំនួនត្រូវបានកាត់ចូលក្រុងភ្នំពេញ ។

 

ក្នុងឆ្នាំ២០២២នេះដល់ឆ្នាំ២០២៥ រដ្ឋាករទឹកស្វ័យតភ្នំពេញ នឹងសម្រុកតភ្ជាប់ទុយោទឹក ឲ្យបាន២០០ទៅ៣០០គីឡូម៉ែត្រក្នុងឆ្នាំនីមួយៗ។ នៅឆ្នាំ២០២៥ រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ រំពឹងថានឹងអាចផ្ដល់សេវា៩៥ភាគរយដល់១០០ភាគរយ ខណៈបច្ចុប្បន្ន រដ្ឋាករទឹកអាចផ្គត់ផ្គត់ទឹកបាន ៨៣ភាគរយ ដល់ ៨៥ភាគរយក្នុងទីក្រុងភ្នំពេញ៕

 

អត្ថបទពេញនិយម