ការអប់រំសុខភាពក្រោយទឹកជំនន់សំខាន់បំផុតសម្រាប់សុវត្ថិភាពសមាជិកគ្រួសារ

ថ្ងៃសុក្រ ទី១៥ ខែកក្កដា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 889
1

ភ្នំពេញ - នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការត្រៀមនិងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់ បានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យមានការផ្លាស់ប្ដូររដូវកាល និងបង្កឱ្យកើតមានគ្រោះធម្មជាតិជាញឹកញាប់ ដូចជា រលកកំដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួតដែលគ្រោះមហន្តរាយទាំងនេះធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅដ្ឋាន ប៉ះពាល់សុខភាព និងស្លាប់បាត់បង់អាយុជីវិតប្រជាជន។ សាធារណជនត្រូវគិតគូរទៅលើសុវត្ថិភាពរស់នៅឱ្យបានខ្ពស់ និងត្រៀមខ្លួនជានិច្ចមុនពេលទឹកជំនន់ ក្នុងពេលមានទឹកជំនន់ និងក្រោយពេលទឹកជំនន់ ។ 

 

ក្រោយពេលទឹកជំនន់ ត្រូវគិតដល់ចំណុចសំខាន់ៗជាច្រើន រួមមាន ការបរិភោគចំណីអាហារស្អាត ទឹកស្អាត និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដើម្បីជៀសវាងនូវជំងឺផ្សេងៗ ដែលកើនមានឡើងដោយសារមូសខាំ។ ត្រូវបន្តសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈិក និងជំងឺផ្សេងៗទៀត។ ត្រូវពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនាំឱ្យមានគ្រោះថ្នាក់ ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វអសិរពិស ផ្សេងៗ។ 

 

ទន្ទឹមគ្នានេះ ត្រូវអនាម័យបរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះ ព្រោះក្រោយពេលទឹកស្រកទៅបានបន្សល់នូវភាពកខ្វក់ និងមេរោគជា ច្រើនរស់នៅក្នុងទឹក ជៀសវាងនូវការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទះ នាំឱ្យមានដង្កូវទឹកកើតមូសខ្លា និងមូសដែកគោល ដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់។ ត្រូវស្ដារ និងសំអាតអណ្ដូងទឹកឡើងវិញមុននឹងប្រើប្រាស់។

 

បន្ថែមលើនេះ គ្រួសារនីមួយៗ ត្រូវជួសជុល និងសង់បង្គន់ឡើងវិញ ដោយជានិច្ចជាកាលត្រូវបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។ ទាំងមុនពេល ក្នុងពេល និងក្រោយពេលទឹកជំនន់ ប្រសិនបើមានបញ្ហាសុខភាព សូមស្វែងរកការពិគ្រោះពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។

 

ក្រសួងសុខាភិបាលបានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈលិខិតលេខ ០២៨ អបស/កស ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការត្រៀមឆ្លើយតបនៅពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ ដូច្នេះត្រូវត្រៀមលក្ខណៈរួចជាស្រេចនូវឱសថ បរិក្ខារពេទ្យ សេរ៉ូមប្រឆាំងពឹសពស់សម្រាប់ជួយអន្តរាគមន៍នៅពេលដែលមានពស់ចឹក ព្រមទាំងត្រៀមក្រុមគ្រូពេទ្យចល័ត ដើម្បីជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពឱ្យបានល្អប្រសើរ និងទាន់ពេលវេលាទៅតាមនិយាមប្រតិបត្តិពេទ្យត្រឹមត្រូវផងដែរ។

 

ក្រសួងសុខាភិបាល បានបញ្ជាក់ថា បើមានជំងឺឆ្លងរាតត្បាត ឬជំងឺណាមួយ សូមទាក់ទងមកលេខទូរស័ព្ទ ១១៥ (គ្មានថវិកាក្នុងទូរស័ព្ទក៏អាចទូរស័ព្ទចូលបានដែរ)។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទលោកវេជ្ជបណ្ឌិត កុល ហេរ៉ូ លេខទូរស័ព្ទ ០១៧ ៩៩៩ ៥៨៦ ឬលោកស្រីវេជ្ជបណ្ឌិត ឡាក់ មួយស៊ាង លេខទូរស័ព្ទ ០១២ ៩២៥ ៧៤១ ៕

អត្ថបទពេញនិយម