ក្រុមហ៊ុនព្រូដិនសលនិងអង្គការភ្លែនអន្តរជាតិកម្ពុជារួមគ្នាលើកបរិស្ថានសាលារៀនសម្រាប់សិស្សជាង ៦ម៉ឺននាក់
ភ្នំពេញ - អង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់បរិស្ថានសាលារៀនកាន់តែមានសុវត្ថិភាពសម្រាប់សិស្សានុសិស្សចំនួន ៦៣,០០០ នាក់ តាមរយៈការបង្កើតកន្លែងលាងដៃប្រើឈ្នាន់ជើង និងឧបករណ៍កែតម្រូវ ។ ការប្តេជ្ញាចិត្តលើកកម្ពស់អនាម័យបរិស្ថាននិងសុខភាពសិក្សានេះ បានលើកឡើងនៅក្នុងពិធីប្រគល់ស្ថានីយ៍លាងដៃប្រើឈ្នាន់ជើង និងឧបករណ៍កែតម្រូវចំនួន២៣៧ នៅក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអ្នករៀបចំ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ផ្សេងៗ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនានេះ ។
លោកស្រី ថោ ផាន់នី នាយិកាស្តីទីប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា អង្គការភ្លែនអន្តរជាតិកម្ពុជាកំពុងអនុវត្តគម្រោងនេះសម្រាប់សាលាបឋមសិក្សាចំនួន ១៦៨ ក្នុងខេត្តចំនួនប្រាំ រួមមាន ខេត្តស្ទឹងត្រែង សៀមរាប កំពត ក្រចេះ បាត់ដំបង និងរាជធានីភ្នំពេញ ។ លោកស្រីបានបន្តទៀតថា កិច្ចអន្តរាគមន៍នេះអាចឱ្យកុមារីចំនួន ៣២,០០៨នាក់ និងក្មេងប្រុសចំនួន ៣១,១៩២នាក់ អនុវត្តអនាម័យដៃឱ្យកាន់តែប្រសើរឡើងនៅក្នុងសាលារៀន សម្រាប់ការបង្ការ និងកាត់បន្ថយជំងឺកូវីដ-១៩ ។ ការអនុវត្តអនាម័យល្អ និងអនាម័យត្រឹមត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពល្អ និងកាត់បន្ថយបន្ទុកនៃជំងឺក្នុងរយៈពេលយូរ ។
នាយិកាស្តីទីប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍បន្តថា ស្ថានីយ៍អនាម័យទាំងនេះនឹងផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់សាលារៀន និងសិស្សានុសិស្ស សម្រាប់ការវិលត្រឡប់ទៅកាន់ថ្នាក់រៀនវិញដោយសុវត្ថិភាព ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ។ ការលើកកម្ពស់អនាម័យអាចឱ្យសិស្សានុសិស្សបន្តការសិក្សារបស់ពួកគេក្នុងគ្រានៃភាពមិនច្បាស់លាស់ កាន់តែមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ៍ផ្ទាល់ខ្លួន បញ្ញា និងសង្គមរបស់ពួកគេ ។
លោកស្រី ថោ ផាន់នី បានបញ្ជាក់បន្តថា ៖ “បង្គន់អនាម័យសាលារៀន និងស្ថានីយ៍លាងដៃប្រើឈ្នាន់ជើងនឹងធ្វើឱ្យសុខភាព និងអនាម័យកាន់តែប្រសើរឡើង រួមបញ្ចូល និងអាចចូលប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសកុមារី និងស្រ្តីវ័យក្មេង ដើម្បីរក្សាអនាម័យពេលមករដូវរបស់ពួកគេតាមរបៀបឯកជនភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងជួយកាត់បន្ថយការប្រើប្រាស់ទឹកច្រើន”។
ទន្ទឹមគ្នានេះដែរ លោកស្រី Sanjay Chakrabarty នាយិកាប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា មានប្រសាសន៍ថា ការអប់រំគឺជាមូលដ្ឋានគ្រឹះក្នុងការរៀបចំអនាគតកុមារឱ្យប្រសើរឡើង ដើម្បីអភិវឌ្ឍសង្គមជាតិនៅពេលអនាគត ។ ក្រុមហ៊ុនព្រូដិនសលកម្ពុជាមានកិត្តិយសដែលអាចជួយដល់ក្រសួងអប់រំជំរុញលទ្ធភាពឱ្យកុមារកម្ពុជាបន្តការសិក្សារបស់ពួកគេប្រកបដោយសុវត្ថិភាព និងសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា ពិសេសតាមរយៈកិច្ចសហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ។
សូមជម្រាបថា អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ យើងខិតខំប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មមួយដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរ ។ ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុស រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។ អង្គការភ្លែនអន្តរជាតិកម្ពុជា បានចាប់ផ្តើមបេសកកម្មនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ហើយឆ្នាំ២០២២ អង្គការភ្លែនអន្តរជាតិកម្ពុជាបានប្រារព្ធខួបលើកទី២០ ដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល២០ ឆ្នាំ ៕