អ្នកជំនាញសុខភាពសាធារណៈ ៖ ទម្លាប់រស់នៅគ្មានអនាម័យ គ្មានទឹកស្អាត អាចប្រឈមនឹងភាពក្រីក្រយូរអង្វែង
ភ្នំពេញ - អ្នកជំនាញថែទាំសុខភាព ជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ប្រជាជនមានទម្លាប់រស់នៅគ្មានអនាម័យ គ្មានទឹកស្អាត នោះអាចប្រឈមនឹងជីវភាពក្រីក្រយូរអង្វែង ដោយសារបញ្ហាកង្វះអនាម័យ ងាយកើតជំងឺជាប្រចាំ កុមារអាយុក្រោម ៥ឆ្នាំមានបញ្ហាក្រិសក្រិន ព្រមទាំងចំណាយថវិកាគ្រួសារដើម្បីព្យាបាលជំងឺ ។ ការលើកឡើងនាព្រឹកថ្ងៃសៅរ៍នេះ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីយេនឌ័រក្នុងប្រព័ន្ធផ្សព្វផ្សាយទឹកស្អាត និងអនាម័យប្រកដោយសមធម៌និងបរិយាប័ន្ន រៀបចំដោយអង្គការ Water Aid កម្ពុជា និងអង្គការសីលការ ។
នៅចំពោះមុខសិក្ខាកាមអ្នកសារព័ត៌មានមកពីចម្រុះស្ថាប័ន ចំនួន ២៥រូប លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលពីសមភាពយេនឌ័រក្នុងប្រព័ន្ធផ្សព្វផ្សាយទឹកស្អាត និងអនាម័យ នឹងជួយឱ្យអ្នកសារព័ត៌មានមានសមត្ថភាពពេញលេញក្នុងការរាយការណ៍ ឬចងក្រងព័ត៌មានស្តីពីទឹកស្អាត និងអនាម័យផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់សាធារណជន និងអ្នកធ្វើការនៅក្នុងវិស័យ ។
“ការរស់នៅគ្មានអនាម័យ គ្មានទឹកស្អាត ប្រជាជនប្រឈមនឹងភាពក្រីក្រយូរអង្វែង ហើយកង្វះបង្គន់អនាម័យមិនអាចទប់ស្កាត់មេរោគចម្លងទៅមនុស្សបានទេ”។ ប្រសាសន៍លោកវេជ្ជបណ្ឌិត លន់ សាយតេង ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា ការយកចិត្តទុកដាក់ទៅលើសមភាពយេនឌ័រក្នុងព័ត៌មានទឹកស្អាត និងអនាម័យ បានបង្ហាញពីសំឡេងរបស់អ្នកមានតម្រូវការជាក់លាក់នៅក្នុងគ្រួសារ សហគមនន៍ និងសង្គម ។ ទន្ទឹមគ្នានេះ ដើម្បីកម្ពុជាសម្រេចលទ្ធផលការងារទឹកស្អាត និងអនាម័យ ១០០% នៅឆ្នាំ ២០៣០ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការគិតគូរដល់សមភាពយេនឌ័រក្នុងវិស័យទឹកស្អាត និងអនាម័យសំខាន់បំផុតសម្រាប់កម្ពុជា ។ ការគិតគូរដល់សមភាពនិងសមធម៌យេនឌ័រក្នុងវិស័យទឹកស្អាត និងអនាម័យនឹងជួយឱ្យសាធារណជនគិតបានសព្វជ្រុងជ្រោយលើបញ្ហាពាក់ព័ន្ធ។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីយេនឌ័រក្នុងប្រព័ន្ធផ្សព្វផ្សាយទឹកស្អាត និងអនាម័យប្រកដោយសមធម៌និងបរិយាប័ន្ន រៀបចំដោយអង្គការ Water Aid កម្ពុជា បណ្តាញអ្នកសារព័ត៌មានទឹកស្អាត និងអនាម័យ និងអង្គការសីលការ គាំទ្រដោយក្រសួងអភិវឌ្ឍន៍ជនបទ ។ កម្មវិធីនេះបានប្រព្រឹត្តទៅថ្ងៃទី២៥ - ២៦ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារប៉ាស្ទ័រ២១ នៅរាជធានីភ្នំពេញ ។
វគ្គបណ្តុះបណ្តាលនេះ បង្ហាញពីផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការងារលើវិស័យទឹកស្អាត និងអនាម័យ ក៏ដូចជា សមធម៌និងបរិយាប័ន្ននៅក្នុងវិស័យទឹកស្អាត និងអនាម័យ ព្រមទាំងបង្កើនចំណេះដឹងទាក់ទងទៅនឹងទស្សនៈទានយេនឌ័រ ផ្នត់គំនិតយេនឌ័រ អំពើហឹង្សាទាក់ទងនឹងយេនឌ័រ និងសមភាពយេនឌ័រពិតប្រាកដនៅក្នុងបរិបទប្រទេសកម្ពុជា។ បន្ថែមលើនេះ វគ្គបណ្តុះបណ្តាលនឹងបង្ហាញពីគន្លឹះសំខាន់ៗក្នុងការរាយការណ៍ព័ត៌មានស្តីពីទឹកស្អាត និងអនាម័យប្រកដោយក្រមសីលធម៌និងវិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន ៕