ប្រធាន PWG-RWSSH ខេត្តរតនគិរី ៖ ទឹកស្អាតនិងអនាម័យសំខាន់សម្រាប់សុខភាព និងកាត់បន្ថយភាពក្រីក្រ

ថ្ងៃពុធ ទី២០ ខែកក្កដា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 498
1

ភ្នំពេញ ឯកឧត្តម លន់ សុភាព អភិបាលរង និងជាប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្តវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (PWG-RWSSH) ខេត្តរតនគិរី មានប្រសាសន៍ថា ការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាន ដែលគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ ។ ការលើកឡើងនេះ នៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (PWG-RWSSH) នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ដើមខែកក្កដាកន្លងទៅនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។

 

ទន្ទឹមគ្នានេះ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានលើកឡើងថា ខេត្តរតនគីរីនឹងសម្រេចលទ្ធផលទឹកស្អាតនិងអនាម័យឱ្យបាន ៩០% នៅឆ្នាំ២០២៣ និងសម្រេចលទ្ធផល ១០០% នៅឆ្នាំ២០២៥ ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលបានកំណត់នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានលទ្ធភាពទទួលបានផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានមានអនាម័យប្រកបដោយនិរន្តរភាព។ 

 

សូមជម្រាបថា បច្ចុប្បន្នខេត្តរតនគិរីទទួលបានស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) មួយ គឺស្រុកអូរជុំ និងកំពុងខិតខំជំរុញស្រុកផ្សេងៗទៀតឱ្យទទួលបាន ៩០% តាមការគ្រោងទុក ។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ប្រជាពលរដ្ឋខេត្តក្នុងខេត្តររតនគិរី ចំនួន៦៤% មានទឹកស្អាតប្រើប្រាស់ និងមានបង្គន់អនាម័យត្រឹមត្រូវ ។ 

 

គិតត្រឹមចុងឆ្នាំ២០២១ ខេត្តរនគិរីមានភូមិដែលបញ្ឈប់ការបន្ទោបង់ពាស់វាលពាសកាល (ODF) មានចំនួន ៥៧ភូមិ និងឃុំដែលបញ្ឈប់ការបន្ទោបង់ពាស់វាលពាសកាល ចំនួន ០៨ឃុំ និងស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមួយ ។ ស្រុកអូរជុំ ក្លាយជាស្រុកទី១ ក្លាយជាស្រុក​បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅពាក់កណ្តាលឆ្នាំ២០២១ ៕ 

 

អត្ថបទពេញនិយម