ប្រជាពលរដ្ឋពីរឃុំនៅស្រុកអង្គរជុំ និងស្រុកបន្ទាយស្រី យល់ដឹងខ្ពស់លើបញ្ហាសុខភាព ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 601
1

សៀមរាបឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង នាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមការងារទឹកស្អាត និងអនាម័យ និងអាហារូបត្ថម្ភ បានដឹកនាំគណៈប្រតិភូថ្នាក់ជាតិ ចុះទស្សនកិច្ចសិក្សាឃុំគោលដៅនៅភូមិព្នៅ ឃុំតាសោម ស្រុកអង្គរជុំ និងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅ ។ តំណាងគណៈប្រតិភូថ្នាក់ជាតិបានកក់សម្គាល់ថា ប្រជាពលរដ្ឋនៅឃុំគោលដៅទាំង០២ របស់អង្គការសមគមន៍បណ្តុះកុមារ និងអង្គការ UNIDO​​ មានការយល់ដឹងខ្ពស់លើបញ្ហាសុខភាព ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ។

 

 

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងផ្លាស់ប្តូបទពិសោធន៍ ចែករំលែកការរៀនសូត្រ និងព័ត៌មាននានាស្តីពីការអនុវត្តកម្មវិធីលើកកម្ពស់សេវាផ្គង់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូដល់អាហារូបត្ថម្ភ ។ ទន្ទឹមគ្នានេះ គណៈប្រតិភូថ្នាក់ជាតិអាចសិក្សាស្វែងរកចំណុចខ្លាំង ចំណុចខ្វះខាត ឱកាស និងឧបសគ្គនានា ដើម្បីឱ្យក្រុមការងារអាចផ្តល់មតិយោបល់ និងជួយកែលម្អគម្រោងសកម្មភាពនានាដែលដឹកនាំដោយសហគមន៍ផ្ទាល់។ 

 

តាមរយៈទស្សនកិច្ចសិក្សា តំណាងគណៈប្រតិថ្នាក់ជាតិបានកត់សម្គាល់ឃើញថា ឃុំគោលដៅទាំង២ របស់អង្គការសមគមន៍បណ្តុះកុមារ និងអង្គការ UNIDO នៅក្នុងស្រុកអង្គរជុំ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រជាពលរដ្ឋនៅក្នុងសហគមន៍មានការយល់ដឹងច្រើនពីអាហារូបត្ថម្ភ ការថែទាំសុខភាព ការប្រើប្រាស់ទឹកស្អាត និងអនាម័យ ការប្រើប្រាស់បង្គន់អនាម័យ ការថែរក្សា ចិញ្ចឹមបីបាច់ទារក និងសុខភាពស្រី្តមានផ្ទៃពោះ និងក្នុងពេលបំបៅកូន ។

 

កម្មវិធីរបស់អង្គការសមគមន៍បណ្តុះកុមារ និងអង្គការ UNIDO នៅស្រុកអង្គរជុំ បានផ្តោតចំបងលើការងារសំខាន់ៗមួយចំនួនដូចជា អាហារូបត្ថម្ភ ការថែទាំសុខភាព ការអប់រំការប្រើប្រាស់ទឹកស្អាត និងអនាម័យ ការថែរក្សា ចិញ្ចឹមបីបាច់ទារក សុខភាពស្រី្តមានផ្ទៃពោះ និងការបំបៅកូនដោយទឹកដោះម្តាយ ។​​ ទន្ទឹមគ្នានេះ មានកម្មវិធីអប់រំកុមារតូច និងការបង្កើតមតេយ្យសហមេត្រី ការលើកកម្ពស់សកម្មភាពបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល និងការដោះស្រាយបញ្ហាកុមារ SAM និង MAM ព្រមទាំងកម្មវិធីចាប់ផ្តើមដោយសុខភាពល្អ (Healthy Starts)  

 

សូមជម្រាបថា សមាសភាពចូលរួមក្នុងដំណើទស្សនកិច្ចនេះ រួមមានតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខភិបាល ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍រួមមាន អង្គការភ្លែនអន្តរជាតិ, អង្គការហេឡេនខេល័រ អន្តរជាតិកម្ពុជា​ (HKI), អង្គការ UNICEF, និងអង្គការដៃគូអនុវត្តគម្រោងរបស់អង្គការភ្លែន, អង្គការ UNIDO, និងសមាគមបណ្តុះកុមារ ៕  អត្ថបទនិងរូបភាពដោយ ស៊ូ ច័ន្ទគ្រឹស្នា

 

 

 

 

 

អត្ថបទពេញនិយម