ឆ្នាំ២០២៣ តទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្តេជ្ញាបញ្ចប់តម្លៃទឹកស្អាតមិនឱ្យលើសពី ១ពាន់រៀលក្នុងមួយម៉ែត្រគូប
ភ្នំពេញ - រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា ចាប់ពីឆ្នាំ២០២៣ តទៅនឹងលែងមានករណីតម្លៃទឹកស្អាតលើសពី ១,០០០រៀលក្នុងមួយម៉ែត្រគូបសម្រាប់អ្នកផ្ទះជួល ឬបន្ទប់ជួល ខណៈសម្ពាធទឹកនឹងចូលពេញលេញដល់ទីតាំង ហើយអ្នកលក់ទឹកបន្តនៅរាជធានីភ្នំពេញតាមបណ្តារោងចក្រទាំងអស់ និងទីតាំងអាជីវកម្មផ្សេងៗ ក៏មិនមានទៀតដែរ ដោយសារមន្ត្រីជំនាញនឹងចុះធ្វើកិច្ចការដើម្បីធានាតម្លៃស្របតាមការកំណត់។
ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងដូចខាងលើនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “បច្ចុប្បន្នភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ” នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនានេះ និងបន្ទាប់ពីមានការត្អូញត្អែរពីកម្មករ និងសិស្ស-និស្សិត ថាតម្លៃទឹកនៅតាមបន្ទប់ជួលនៅរាជធានីភ្នំពេញ ថ្លៃលើសពីរដងនៃតម្លៃកំណត់របស់រដ្ឋាករទឹក ។
ឯកឧត្តម ឡុង ណារ៉ូ បានឱ្យដឹងថា កន្លងទៅសម្តេចតេជោ ហ៊ុន សែន បានកំណត់ឱ្យលក់ទឹកក្នុងតម្លៃ៧០០ ទៅ៨០០រៀលក្នុងមួយម៉ែត្រគូប សម្រាប់កម្មករកម្មការិនី សិស្សនិងនិស្សិត ហេតុនេះរដ្ឋាករទឹកបានចេញជំនួស ៦៥០រៀលក្នុងមួយម៉ែត្រគូប ។ ចាប់ពីខែមិថុនានេះតទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចាប់ផ្តើមចុះរៀបចំសារឡើងវិញចំពោះការលក់បន្តនៅតាមតំបន់នានានៅក្នុងនិងជាយក្រុងភ្នំពេញ ដោយចាប់ផ្តើមពីតំបន់ផ្លូវវេងស្រេងមុនគេ និងតាមតំបន់រោងចក្រនៅជាយក្រុង ដើម្បីឱ្យពួកគេលក់ទឹកក្នុងតម្លៃមួយសមស្របគឺ ៨០០រៀលក្នុងមួយម៉ែត្រគូប មិនមែន២៥០០ ទៅ៣០០០រៀលដូចមុននោះទេ ។
សូមជម្រាបថា នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ» នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្តេជ្ញាថានឹងខិតខំប្រឹងបន្តការវិនិយោគលើការផ្គត់ផ្គង់ទឹកស្អាត ដើម្បីធ្វើណាឱ្យការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ មិនមានរអាក់រអួល និងគ្រប់គ្រាន់តាមតម្រូវការរបស់អ្នកប្រើប្រាស់ ៕