រាជរដ្ឋាភិបាលដំណើរការគម្រោងសហហិរញ្ញប្បទានស្ដារវិស័យទេសចរណ៍ទឹកប្រាក់ ១៥០លានដុល្លារ
ភ្នំពេញ - រាជរដ្ឋាភិបាលប្រកាសដំណើរការគម្រោងសហហិរញ្ញប្បទានស្ដារវិស័យទេសចរណ៍ ទឹកប្រាក់១៥០លានដុល្លារ ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs)។ ការប្រកាសនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដោយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
- សហហិរញ្ញប្បទាន ១៥០លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារអាមេរិក តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួម (PFIs) ចំនួន ៧៥លានដុល្លារអាមេរិក។
- ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា តាមរយៈគម្រោងនេះ សហគ្រាសក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ អាចស្នើសុំឥណទានពីគ្រឹះស្ថាន គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម PFIs ជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន។
- គម្រោងផ្តល់អត្រាការប្រាក់ ៦.៥ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់ ៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់ ០៧ឆ្នាំ។
សូមជម្រាបថាកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ តាមរយៈយន្តការ SME Bank រាជរដ្ឋាភិបាលបានផ្ដួចផ្ដើម និងអនុវត្តកម្មវិធីសហហិរញ្ញប្បទានចំនួនពីរជំហានរួចហើយ ដើម្បីគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមវិស័យអាទិភាព រាប់ទាំងវិស័យទេសចរណ៍ដែលបានរងផលប៉ះពាល់ដោយសារឥទិ្ធពលជំងឺកូវីដ-១៩។
ជំហានទី១ នៃកម្មវិធីសហហិរញ្ញប្បទានមានទឹកប្រាក់ចំនួន ១០០លានដុល្លារអាម៉េរិក ។ ជំហានទី២ មានទឹកប្រាក់សរុប ២៤០លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការរក្សាលំនឹងអាជីវកម្មនិងបង្កើតការងារថ្មីក៏ដូចជា បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ក្នុងវិស័យអាទិភាពរួមទាំង វិស័យទេសចរណ៍ ដែលបានរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ថវិកាទាំង ១៥០លានដុល្លារនៃគម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ ផ្តោតសំខាន់សម្រាប់តែវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដើម្បីពង្រឹងសក្តានុពលនៃវិស័យទេសចរណ៍បន្ថែមទៀត និងចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ។