អភិវឌ្ឍន៍ជនបទ ៖ យុវឌីជីថលជាក្រុមយុវជនសកម្មចូលរួមលើកកម្ពស់ការងារទឹកស្អាត និងអនាម័យនៅសហគមន៍

ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 609
1

ភ្នំពេញ - ក្រុមយុវឌីជីថលទឹកស្អាត និងអនាម័យជាផ្នែកសំខាន់ជួយលើកកម្ពស់ការងារទឹកស្អាត និងអនាម័យនៅតាមសហគមន៍នានាក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរព្រមទាំងជំរុញការងារនេះឱ្យសម្រេចលទ្ធផលស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ។ ទន្ទឹមគ្នានេះ យុវឌីជលនឹងក្លាយជាយុវជនស្នូលអាចរាយការណ៍  ឬចែករំលែកព័ត៌មានឱ្យបានទូលំទូលាយទៅកាន់សាធារណជនក្នុងន័យផ្តល់ចំណេះដឹង និងបទពិសោធន៍នានា ។ 

 

នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ នាឱកាសបើកកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីសមធម៌ និងបរិយាប័ន្នក្នុងវិស័យទឹកស្អាត និងអនាម័យ និងប្រគល់ពានរង្វាន់យុវឌីជីថលក្នុងវិស័យទឹកស្អាត និងអនាម័យ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារប៉ាស្ទ័រ ៥១ រាជធានីភ្នំពេញ ។

 

 

លោកវេជ្ជបណ្ឌិត លន់ សាយតេង មានប្រសាសន៍ថា ព័ត៌មានទឹកស្អាត និងអនាម័យនឹងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈទម្លាប់រស់នៅស្អាត ការប្រើប្រាស់ទឹកស្អាត និងការគិតគូរដល់អ្នកពាក់ព័ន្ធគ្រប់រូបឱ្យមានលទ្ធភាពទទួលបានសេវាសុខភាពនៅមូលដ្ឋានមួយនេះ ។  លោកបានបញ្ជាក់បន្តថា ព័ត៌មានទាំងអស់នេះអាចទៅដល់ដៃប្រជាពលរដ្ឋបានទាមទារការចូលរួមផ្សព្វផ្សាយពីអ្នកសារព័ត៌មាន និងយុវជននៅតាមសហគមន៍ ។

 

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ៖ “ខ្ញុំសូមគាំទ្រដល់សកម្មភាពក្រុមយុវឌីជីថលទឹកស្អាត និងអនាម័យ ដែលបានចូលរួមយ៉ាងសកម្មភាព ហើយតាមរយៈការងារទាំងនេះជាចំណែកធំធេងមួយសម្រាប់ការអភិវឌ្ឍន៍សហគមន៍យើង និងចូលរួមការងារជាមួយមន្ត្រីជំនាញ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍នានា  ពិសេសអរគុណដល់អង្គការ WaterAid កម្ពុជា និងបណ្តាញអ្នកសារព័ត៌មានទឹកស្អាត និងអនាម័យ ដែលបានបង្កើតឱកាសសម្រាប់អភិវឌ្ឍន៍សមត្ថភាពយុវជនព័ត៌មានឌីជីថល”

 

បើតាមអង្គការ WaterAid កម្ពុជា វគ្គបណ្តុះបណ្តាលស្តីពីសមធម៌ និងបរិយាប័ន្នក្នុងវិស័យទឹកស្អាត និងអនាម័យសម្រាប់យុវឌីជីថលក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រព្រឹត្តទៅមានរយៈពេលពីរថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ មានគោលបំណងភ្ជាប់ទំនាក់ទំនងរវាងក្រុមការងារកម្មវិធីរបស់អង្គការវ័តធឺអេត អង្គការពាក់ព័ន្ធ ក្រសួងពាក់ព័ន្ធ និងស្ថាប័ននានាទៅកាន់យុវជនគោលដៅ និងលើកទឹកចិត្តឱ្យក្រុមយុវជនគោលដៅឱ្យបន្តការងារស្ម័គ្រចិត្តលើវិស័យទឹកស្អាត និងអនាម័យ ជាពិសេសការងារសមធម៌ និងបរិយាប័ន្នក្នុងវិស័យទឹកស្អាត និងអនាម័យ ។

 

 

 

វគ្គបណ្តុះបណ្តាលមានយុវជនមកពីខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល មានវត្តមាន ២០រូបនេះ នឹងផ្តល់ចំណេះដឹងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាទឹកស្អាត និងអនាម័យ និងមូលហេតុពីសារៈសំខាន់ក្នុងការផ្សព្វផ្សាយការងារទឹកស្អាត និងអនាម័យ ព្រមទាំងបណ្តុះបណ្តាលយុវជនសហគមន៍អំពីមូលដ្ឋានជំនាញបច្ចេកទេសរាយការណ៍ព័ត៌មានប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ និងមានពិធីប្រគល់រង្វាន់និងអបអរសាទរដល់ក្រុមយុវជនគោលដៅ និងក្រុមរបស់ពួកគេសម្រាប់ការប្តេជ្ញាចិត្តក្នុងការងារស្ម័គ្រចិត្តក្នុងវិស័យទឹកស្អាត និងអនាម័យ ។

 

សូមជម្រាបថា អង្គការ WaterAid កម្ពុជា និងក្រសួងអភិវឌ្ឍន៍ជនបទ បានគាំទ្រនិងបង្កើតបណ្តាញអ្នកសារព័ត៌មានទឹកស្អាត និអនាម័យ តាំងពីឆ្នាំ២០១៧ និងបានបង្កើតជាបណ្តាញក្រុមយុវជនតាមសហគមន៍គោលដៅក្នុងការលើកកម្ពស់ការយល់ដឹងពីសហគមន៍ ក៏ដូចជាឱកាសដ៏មានប្រសិទ្ធភាពក្នុងការកសាងនិងបន្តផ្តល់ភាពអង់អាចដល់យុវជនក្នុងការកសាងបណ្តាញជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីនាំយកការព្រួយបារម្ភរបស់ពួកគេពីបញ្ហាទឹកស្អាត និងអនាម័យទៅដល់ភាគីពាក់ពន្ធ។

 

គួរបញ្ជាក់ថា យុវឌីលលក្នុងវិស័យទឹកស្អាត និងអនាម័យ កន្លងទៅទទួលបានការបណ្តុះបណ្តាល និងចុះអនុវត្តផ្ទាល់តាមសហគមន៍ពីក្រុមយុវជនគោលដៅទាំងអស់ ។ មកដល់ពេលនេះ គម្រោងយុវឌីផលក្នុងវិស័យទឹកស្អាត និងអនាម័យ បានឈានឈានដល់វគ្គបញ្ចប់ដោយមានប្រគល់ពានរង្វាន់សម្រាប់យុវជនឆ្នើមចំនួន ០៣រូប និងក្រុមយុវជនដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមការងារស្ម័គ្រចិត្តរបស់ពួកគេកន្លងមក និងបន្តការងារស្ម័គ្រចិត្តនេះបន្តទៀតក្នុងសហគមន៍របស់ពួកគេ។

 

 

អង្គការ WaterAid កម្ពុជា បានចូលរួមចំណែកគាំទ្រដល់ផែនការសកម្មភាពជាតិក្នុងការងារទឹកស្អាត និងអនាម័យដើម្បីធានាថានៅឆ្នាំ២០២៥ កម្ពុជានឹងឈានដល់ការទទួលបានការអនុវត្តអនាម័យ និងទឹកស្អាតប្រើប្រាស់ទាំងស្រុង អង្គការ WaterAid កម្ពុជា មើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារផ្សព្វផ្សាយការងារទឹកស្អាត និងអនាម័យ ដើម្បីឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ និងជាចំណេះដឹងដល់ប្រជាពលរដ្ឋក្នុងការយកចិត្តទុកដាក់ និងរួមចំណែក ជំរុញការងារនេះឱ្យទទួលបានជោគជ័យតាមផែនការ ៕

 

 

 

 

 

 

អត្ថបទពេញនិយម