សម្តេចតេជោ ៖ ត្បិតកម្ពុជាប្រទេសតូច ប៉ុន្តែកម្ពុជាប្តេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់សកល

ថ្ងៃអង្គារ៍ ទី១១ ខែតុលា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 327
1

ភ្នំពេញ ក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ “គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព” សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ថ្វីត្បិតកម្ពុជាជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែកម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់សកល ដោយបង្កើនថវិកាជាតិចំនួនបីដងសម្រាប់សកម្មភាពពាក់ព័ន្ធ នឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ និងបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៤២ភាគរយ នៅត្រឹមឆ្នាំ២០៣០ ។ នេះបើតាមខ្លឹមសារផ្សាយដោយក្រសួងបរិស្ថាន ។ 

 

 

នៅក្នុងសន្និសីទគណបក្សអន្តរជាតិ ធ្វើឡើងនៅទីក្រុង Yuzhno-Sakhalinsk សហព័ន្ធរុស្ស៊ី តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន ដើម្បីជំរុញសេដ្ឋកិច្ចបៃតង ដែលធន់នឹងអាកាសធាតុជាមួយនឹងការបញ្ចេញកាបូនតិចផងដែរ ។ 

 

លើសពីនេះ កម្ពុជាក៏បានកំណត់ការអភិវឌ្ឍបៃតង និងការទប់ទល់ការប្រែប្រួលអាកាសធាតុ ជាសមាសភាពដ៏សំខាន់នៃការកសាងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងបានកំណត់ក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មីសម្រាប់ការលើកទឹកចិត្តដល់ការវិនិយោគថាមពលបៃតង សេដ្ឋកិច្ចចក្រា និងកិច្ចការពារបរិស្ថាន ។

 

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖ “បញ្ហាបរិស្ថានមិនស្គាល់ព្រំដែនប្រទេសឡើយ ហេតុនេះមានតែកិច្ចសហប្រតិបត្តិការនិងសាមគ្គីអន្តរជាតិ ជាធ្លុងមួយប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាប្រឈមបរិស្ថានសកលឱ្យមានប្រសិទ្ធភាពនិងជួយសង្គ្រោះភពផែនដី ពីគ្រោះមហន្តរាយទាំងឡាយសម្រាប់ជនានុជនជារៀងដរាបតទៅ” ។ 

 

សម្តេចតេជោ មានប្រសាសន៍បន្តថា យើងត្រូវបន្តលើកកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិ ទាំងទ្វេរភាគី និងពហុភាគី ដោយទុកភាពខុសគ្នាផ្នែកប្រព័ន្ធដឹកនាំ នយោបាយ វប្បធម៌ និងជំនឿសាសនាដោយឡែក។ ទន្ទឹមគ្នានេះ ការគាំទ្រហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យាពីប្រទេសអភិវឌ្ឍន៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍ គឺជាប្រការចាំបាច់ ដើម្បីចូលរួមដោះស្រាយបញ្ហាបរិស្ថានសកលឱ្យកាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ 

 

លើសពីនេះទៀត សម្តេចបានបន្ថែមទៀតថា យើងក៏គួរផ្តោតជាសំខាន់លើការកសាង និងការធ្វើសមាហរណកម្មធនធានមនុស្ស តាមរយៈការចែករំលែកចំណេះដឹងអំពីការដោះស្រាយបញ្ហាបរិស្ថាន និងកម្មវិធីទស្សនកិច្ចសិក្សាជាដើម ដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់នៃបញ្ហាបរិស្ថានសកល ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ហើយត្រូវការដៃគូទាំងសាធារណៈ និងឯកជន ដើម្បីជួយសម្រេចការប្ដេជ្ញាចិត្តទាំងនេះ ៕

 

អត្ថបទពេញនិយម