សម្តេចតេជោនាយករដ្ឋមន្ត្រីផ្តល់អនុសាសន៍ចំនួន ០៨ចំណុចលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ

ថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 326
1

ភ្នំពេញ - សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរទិវាជាតិអាហារូបត្ថម្ភ លើកទី៩ ថ្ងៃទី០៦ ខែវិច្ឆិកា ក្រោមប្រធានបទ “ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ” ព្រមទាំងផ្តល់អនុសាសន៍ចំនួន ០៨ចំណុច ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យកាន់តែរីកចម្រើន និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ។

 

ទី១ - គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពិនិត្យ រៀបចំលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធ និងវិធានអនាម័យ សុវត្ថិភាព គុណភាព និងភាពសមស្របនៃម្ហូបអាហារ រួមទាំងម្ហូបអាហារដាក់លក់តាមដងផ្លូវ និងតាមគ្រឹះស្ថានសិក្សា ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងពង្រឹងការអនុវត្តច្បាប់នេះ ដោយត្រូវមានការពិគ្រោះយោបល់ឱ្យបានទូលំទូលាយជាមួយនឹងវិស័យឯកជន និងដៃគូអភិវឌ្ឍ។

 

 

ទី២ - គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យពីតម្រូវការនៃការបង្កើតគោលនយោបាយស្តីពីសុវត្ថិភាព និងគុណភាពម្ហូបអាហារ និងគោលការណ៍ណែនាំសំខាន់ៗមួយចំនួន ស្របតាមបទប្បញ្ញត្តិបច្ចេកទេស ម្ហូបអាហារ និងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។ 

 

ទី៣ - គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ “ចាប់ពីកសិដ្ឋានទៅដល់កន្លែងបរិភោគ” ត្រូវសហការ និងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីជួយសម្រួលដល់ការធ្វើផែនការ និងរៀបចំកម្មវិធី ជាតិសម្រាប់ការអនុវត្ត និងការវិភាគ ដើម្បីគ្រប់គ្រងហានិភ័យ ដែលអាចកើតមានតាមខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ និងធានាថា រាល់គោលការណ៍ណែនាំ ស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានគោរពតាម និងផ្សព្វផ្សាយជាសាធារណៈ និងមានការចូលរួមពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។

 

ទី៤ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវសហការជាមួយនឹងតួអង្គពាក់ព័ន្ធរៀបចំ “ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក” នៅរៀងរាល់ថ្ងៃទី០៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលុប នៃសុវត្ថិភាពម្ហូបអាហារចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

 

 

ទី៥ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ត្រូវរួមសហការជាមួយនឹងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ដើម្បីអនុវត្តន៍ផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជាឆ្នាំ២០៣០។ អនុវត្តន៍ផែនទីបង្ហាញផ្លូវផែនការសកម្មភាពសកល ដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ ផែនការសកម្មភាពនៃចលនាបង្កើនអាហារូបត្ថម្ភពិភពលោក អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើនដែលឯកសារទាំងអស់នេះ គឺកម្ពុជាបានរៀបចំ និងប្តេជ្ញាចូលរួមជាមួយនឹងអង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។

 

ទី៦ គ្រប់រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការរៀបចំ បញ្ជ្រាបការងារសុវត្ថិភាពម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឃុំ សង្កាត់ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាពខ្ពស់។

 

 

ទី៧ - គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ត្រូវចូលរួមបំផុសស្មារតី គាំទ្រការអនុវត្តការបំបៅកូន ដោយទឹកដោះម្តាយតែមួយមុខគត់ ក្នុងអំឡុង ៦ខែដំបូង និងការបន្តបំបៅកូនដោយទឹកដោះម្ដាយ ឱ្យបានរហូតដល់កុមារអាយុយ៉ាងតិចបំផុត ២ឆ្នាំ។

 

ទី៨ - បណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសារៈសំខាន់ នៃសុវត្ថិភាពម្ហូបអាហារ ជូនដល់សាធារណជនឱ្យបានយល់ដឹង និងចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។

 

គួរបញ្ជាក់ថា នៅក្នុងសារលិខិតអបអរទិវាជាតិអាហារូបត្ថម្ភ លើកទី៩ សម្តេច ហ៊ុន សែន ក៏បានលើកឡើងដែរថា សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការទាំងអស់គ្នា ហើយម្ហូបអាហារមានសុវត្ថិភាពមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម បានធ្វើឱ្យប្រជាជនផ្លាស់ប្ដូររបៀបរបបរស់នៅ និងការហូបចុកដោយផ្លាស់ប្តូរពីការហូបដើម្បីឆ្អែត មកហូបដើម្បីសុខភាព៕

 

 

អត្ថបទពេញនិយម