អង្គការសំអាតទន្លេសមុទ្រកំពុងប្រកាសរកអ្នកមានទេពកោសល្យកែច្នៃសំរាមជាវត្ថុសិល្បៈ
ភ្នំពេញ - ចាប់តាំងពីពាក់កណ្ដាលខែមីនា រហូតមកទល់ពេលនេះ អង្គការសំអាតទន្លេសមុទ្រ (River Ocean Cleanup) និង everwave GmbH ប្រមូលសំរាមបានប្រមាណជាង ៨០តោនចេញពីទន្លេសាប ទន្លេបាសាក់ និង ទន្លេមេគង្គ ក្រោមបេសកកម្មសំអាតទន្លេជាប្រវត្តិសាស្ត្រ ដោយមានកិច្ចសហការរវាងក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងសាលាក្រុងរាជធានីភ្នំពេញ។
សំរាមទាំងអស់ដែលប្រមូលបាននឹងត្រូវបញ្ចូនទៅមជ្ឈមណ្ឌលគ្មានសំណល់ ដើម្បីញែកទៅតាមប្រភេទ សំរាមនីមួយៗ។ ចំពោះសំរាមដែលកែច្នៃបានអង្គការនឹងសហការណ៍ជាមួយក្រុមហ៊ុនជាតិនិងអន្តរជាតិ ដើម្បីកែច្នៃឡើងវិញ ហើយចំពោះសំរាមដែលមិនអាចកែច្នៃបានពួកយើងនឹងសហការណ៍ជាមួយ Chip Mong ecocycle ដើម្បីបម្លែងជាថាមពលបម្រើដល់ផលិតកម្ម។
ទន្ទឹមគ្នានេះដែរ អង្គការសំអាតទន្លេសមុទ្រ កំពុងស្វែងរកអ្នកស្ម័គ្រចិត្តដែលមានទេពកោសល្យសិល្បៈរួមបញ្ចូលទៅក្នុងបរិស្ថាន ដោយកែច្នៃសំរាមដែលអង្គការប្រមូលបានចេញពីទន្លេឱ្យទៅជាធនធានមាន តម្លៃ។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលគ្មានសំណល់ មានវត្ថុនិងសម្ភារៈជាទីឱ្យចាប់អារម្មណ៍យ៉ាងច្រើនដែលអ្នកទាំងអស់គ្នាអាចមកទស្សនា ដែលមើលមួយភ្លែតមិនគួរជឿថា សំរាមទាំងអស់នោះយកចេញពីទន្លេ។
សូមជម្រាបថា អង្គការសំអាតទន្លេសមុទ្របានតាំងពិព័រណ៍ស្នាដៃសិល្បៈនៅកិច្ចប្រជុំ Waste Summit កាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅ និងគ្រោងរៀបចំតាំងពិព័រណ៍ស្នាដៃសិល្បៈនៅខែកញ្ញាខាងមុខនេះ។ គោលបំណងសំខាន់នៃពិព័រណ៍ស្នាដៃសិល្បៈសំរាម គឺស្វែងរកអ្នកច្នៃសំរាមជាសិល្បៈនេះ ដើម្បីលើកកម្ពស់ដល់ការប្រើប្រាស់និងកែច្នៃសំរាមឡើងវិញ និងជាសារជំរុញដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។