ខេត្តសៀមរាបនិងដៃគូរអភិវឌ្ឍន៍បារាំងចាប់ផ្តើមគម្រោងកែច្នៃភក់សំណល់លូទឹកសម្អុយធ្វើជីកសិកម្ម

ថ្ងៃសុក្រ ទី២៧ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 569
1

សៀមរាប - រដ្ឋបាលខេត្តសៀមរាបចាប់ផ្តើមអនុវត្តគម្រោងផលិតជីសរីរាង្គដោយកែច្នៃភក់សំណល់លូទឹកសម្អុយធ្វើជាជីមមោគសម្រាប់កសិកម្ម ក្រោមកិច្ចសហការដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំង ។ គោលបំណងផលិតជីសរីរាង្គដើម្បីបំពេញតម្រូវការក្នុងវិស័យកសិកម្ម និងលើកកម្ពស់បរិស្ថាន​ដោយប្រើហិរញ្ញប្បទានសរុបចំនួន១លានប្រាំពីរសែនអឺរ៉ូក្រោមការគ្រប់គ្រងពីរដ្ឋបាលខេត្តសៀមរាប ។ គម្រោងបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃសុក្រ ទី២៥​ ខែឧសភានេះ 

 

លោកស្រី​ Arianna ARDESI តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង(AIMF) បានជួបរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃសុក្រ ទី២៥ខែឧសភា​​ នៅសាលាខេត្តសៀមរាប ។

ឯកឧត្តម​​ ប្រាក់សោភ័ណអភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថា គម្រោងកែច្នៃភក់កាកសំណល់លូជាជីកសិកម្មនេះ នឹងធ្វើឱ្យខេត្តគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់បានប្រសើរ ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាកសិករ។   

 

តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គ មានសាងសង់ស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់និងដាំប្រភេទរុក្ខជាតិដើមត្រែងដែលមានសមត្ថភាពផ្ទុកបាន ៤៥ម៉ែត្រគូបក្នុងមួយថ្ងៃ អាចផលិតជីមមោគតាមការប៉ាន់ប្រមាណបាន ១ពាន់គូបក្នុងមួយឆ្នាំ និងមិនមានផលប៉ះពាល់ដល់គុណភាពទឹកហូរចេញពីអាងចម្រោះឡើយ។

 

សូមជម្រាបផងដែរថា គម្រោងខាងលើផ្តើមដំណើរការជាផ្លូវការតាមរយៈកិច្ចសហការពីតំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង ហៅកាត់ថា AIMF សហជីពអន្តរខេត្តសម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីសហៅកាត់ថា​ SIAAP​ ទីភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌី ហៅកាត់ថា​ ASEN ក្រោមកិច្ចសហការ ដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំង និងរដ្ឋបាលខេត្តសៀមរាប ៕ (អត្ថបទដកស្រង់ពីរដ្ឋបាលខេត្តសៀមរាប )

 

អត្ថបទពេញនិយម