ស្វាយរៀងក្លាយជាខេត្តដំបូងគេនៅកម្ពុជា បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ១០០ភាគរយ
ស្វាយរៀង - រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសខេត្តស្វាយរៀងទាំងមូលក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) ១០០ភាគរយ ដំបូងគេនៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសានេះ ។ កម្មវិធីប្រកាសខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃខេត្ត តំណាងអង្គការដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំស្រុក ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ ។
ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង មានប្រសាសន៍ថា លទ្ធផលដ៏ល្អប្រសើរនេះមិនត្រឹមតែបង្ហាញឱ្យឃើញការរីកចម្រើនផ្នត់គំនិតរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសុខភាព និងអនាម័យប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍនិងជីវភាពរបស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមវិភាគទាន និងម្ចាស់ការក្នុងការសាងសង់បង្គន់អនាម័យប្រើប្រាស់នៅតាមខ្នងផ្ទះ និងសហគមន៍ ។
ទន្ទឹមគ្នានេះ ឯកឧត្ដម ម៉ែន វិបុល មានប្រសាសន៍បន្តថា លទ្ធផលដ៏ឧដុង្គឧត្តមដែលទទួលបាននៅពេលនេះ គឺបានឆ្លើយតបទៅនឹងផែនការយុទ្ឋសាស្រ្តជាតិ (PSP) និងផែនការសកម្មភាពជាតិ (NSP) ស្តីពីការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិប្រកបដោយចរភាព (SGDs) ដើម្បីរួមចំណែកកាត់បន្ថយភាពក្រក្រីរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា ការងារលើកកម្ពស់អនាម័យខេត្តទទួលបានភាពជោគជ័យនាពេលនេះ រដ្ឋបាលខេត្តស្វាយរៀងបានបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ថ្នាក់ខេត្ត (PWG-RWSSH) មានឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានក្រុមការងារ មានសមាសភាពចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូនានាក្នុងខេត្ត អភិបាលក្រុងស្រុកទាំងប្រាំបី អមដោយលេខាធិការដ្ឋាននៃក្រុមការងារ ដឹកនាំដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ត្រីជំនាញ ។
ចំណែកឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ស្វាយរៀងជាខេត្តគោលដៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទី១ ក្នុងចំណោមខេត្តទាំងប្រាំដែលរដ្ឋាភិបាលបានកំណត់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលត្រឹមឆ្នាំ២០២៣ រួមមាន ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកែប និងខេត្តស្វាយរៀង ។ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តថា ស្របគ្នានេះខេត្តកណ្តាលអាចនឹងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅត្រឹមឆ្នាំ២០២៣ ដោយសារខេត្តកំពុងពន្លឿនសកម្មភាពដឹកនាំការងារលើកកម្ពស់អនាម័យនេះ ។
សូមជម្រាបថា រដ្ឋបាលខេត្តស្វាយរៀងបានប្តេជ្ញាលើកកម្ពស់ការងារលើកកម្ពស់អនាម័យជនបទ និងការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) ឱ្យក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងល្អប្រសើរ (ODF+) តាមផែនការដែលបានគ្រោងទុក ។
កន្លងទៅស្រុកស្វាយទាប ជាស្រុកដំបូងក្នុងខេត្តស្វាយរៀង បានប្រកាសបញ្ចប់បន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០១៧ រីឯស្រុករំដួលបានប្រកាសបញ្ចប់បន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០១៩ ដែលបានគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ជាពិសេសអង្គការភ្លែនអន្តរជាតិ ។ នៅរវាងឆ្នាំ២០១១ - ២០១៨ កន្លងទៅស្វាយរៀងមានអត្រាគ្របដណ្តប់អនាម័យត្រឹមតែ ៣០% ទៅ ៧៨% តែប៉ុណ្ណោះ ។
ខេត្តស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១២៥គ.ម មានព្រំប្រទល់ខាងលិចនិងខាងជើងទល់នឹងខេត្តព្រៃវែង ខាងកើតនិងខាងត្បូងទល់នឹងខេត្តតៃនីញនឹងខេត្ដឡុងអាន ប្រទេសវៀតណាម ។ ប្រជាជនបច្ចុប្បន្នមានចំនួនជាង ៦០ម៉ឺននាក់ ផ្ទៃដីសរុបទូទាំងខេត្ដ មាន ២.៩៦៦,៤០ គ.ម២ បែងចែកជា ០២ក្រុង (ក្រុងស្វាយរៀង និងក្រុងបាវិត) និង ០៦ស្រុក (ស្រុកស្វាយជ្រំ ស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា) ចែកចេញជា ១២សង្កាត់ និង៦៨ឃុំ (៨០ ឃុំ-សង្កាត់) ស្មើនឹង ៦៩០ភូមិ ៕