អាហារនិងភេសជ្ជៈផ្អែមអាចបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពកុមាររយៈពេលវែង

ថ្ងៃសៅរ៍ ទី០៦ ខែសីហា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 2.4K
1

ភ្នំពេញ - អាហារ នំផ្អែម និងភេសជ្ជៈផ្អែម នឹងផ្តល់ផលប៉ះពាល់ច្រើនយ៉ាងដល់សុខភាពអ្នកផឹក ឬទទួលទាន ប្រសិនបើអាហារទាំងនោះមានជាតិស្ករលើសកម្រិត។ កុមារងាយរងបំផុតបើពួកគេមានទម្លាប់ទទួលទានរបស់ផ្អែមដូចជា ស្ករគ្រាប់ ស្ករផ្អែម ភេសជ្ជៈកំប៉ុង នំកញ្ចប់ផ្អែម ឬស្ករសូកូឡាជាដើម។ កុមារងាយនឹងពុកធ្មេញ (ដង្កូវស៊ីធ្មេញ) មានជំងឺធាត់ ជំងឺទឹកនោមផ្អែមទាំងវ័យកុមារ និងជំងឺមេតាប៉ូលីសផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញសុខាភិបាល។ 

 

សម្រាប់មនុស្សដែលមានវ័យចំណាស់អាហារនិងភេសជ្ជៈដែលមានជាតិផ្អែម ជាពិសេសភេសជ្ជៈកំប៉ុងប៉ូវកម្លាំង មានជាតិកាហ្វេអ៊ីន និងជាតិស្ករច្រើនលើសលប់ អាចដល់ឬលើសពី១០ ស្លាបព្រាកាហ្វេបាយ។ ចំនួននេះលើសពីតម្រូវស្ករសម្រាប់រាងកាយ។ មនុស្សចាស់ អាចមានជាតិស្ករច្រើននៅក្នុងឈាម ប្រឈមនឹងបញ្ហាឡើងទំម្ងន់ បង្កឱ្យឡើងសម្ពាធឈាមខ្ពស់ កម្រិតជាតិខ្លាញ់កើនឡើងបង្កឱ្យមានជំងឺបេះដូង ទឹកនោមផ្អែម វ័យឆាប់ចាស់ជាងអាយុ និងមានជំងឺផ្សេងៗទៀត។ 

 

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍ថា សម្រាប់អ្នកដែលចូលចិត្តទទួលទានភេសជ្ជៈមានជាតិផ្អែម និងមានជាតិកាហ្វេអ៊ីនលើសកម្រិតអាចបណ្ដាលឱ្យប៉ះពាល់ទៅលើអារម្មណ៍ ឆាប់មួរម៉ៅ និងថប់អារម្មណ៍ខ្លាំង ដោយសារចង្វាក់បេះដូងដើរញាប់ និងអាការៈធ្ងន់ធ្ងរអាចបណ្ដាលឱ្យសន្លប់ឬប្រកាច់បាន។ លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃគួរចៀសវាងទទួលទានផ្អែមជ្រុល ដែលជាមូលហេតុងាយគ្រោះថ្នាក់ដល់សុខភាព។ 

 

គួរបញ្ជាក់ផងដែរថា ភេសជ្ជៈផ្អែមត្រូវបានបែងចែកជាពីរប្រភេទ រួមមានភេសជ្ជៈបន្ថែមជាតិផ្អែម និងភេជ្ជៈប៉ូវកម្លាំង។ កន្លងទៅដើម្បីលើកកម្ពស់សុខភាពសិស្សានុសិស្ស និងបុគ្គលិគសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ការលក់ចំណីអាហារចំនួនប្រាំមួយប្រភេទនៅក្នុងគ្រឹះស្ថានសិក្សា ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់, គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈឆ្អែត កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ, ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូគ្រប់ប្រភេទ, ចាហួយគ្រប់ប្រភេទ នំដូណាត់ និងនំផ្អែម៕ 

 

 

អត្ថបទពេញនិយម