វិទ្យាស្ថានស្តង់ដារកម្ពុជាកំពុងជំរុញឱ្យរាល់ការកែច្នៃផលិតផលអាហារត្រូវស្របតាមស្តង់ដារ

ថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 547
1

ភ្នំពេញ - ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងឧស្សាហកម្ម តាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជា មានតួនាទីរៀបចំ និងគ្រប់គ្រងរាល់ផលិតកម្មកែច្នៃផលិតផលកសិកម្ម ផលិតផលកសិឧស្សាហកម្ម ដើម្បីធ្វើយ៉ាងណាឱ្យអាហារមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ស្របតាមស្តង់ដារបានកំណត់ 

 

ការលើកឡើងខាងលើនេះ នៅក្នុងកិច្ចពិភាក្សាស្តីពីតួនាទីរដ្ឋាភិបាលក្នុងការធានាឱ្យម្ហូបអាហារមានសុវត្ថិភាព និងមានអាហារូបត្ថម្ភ ទិវាជាតិអាហារូបត្ថម្ភលើកទី៩ ឆ្នាំ២០២២ ប្រារព្ធក្រោមប្រធានបទម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរនាថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា នៅសណ្ឋាគារ HYATT REGENCY PHNOM PENH រាជធានីភ្នំពេញ ។

 

 

អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានបញ្ជាក់ថា វិទ្យាស្ថានស្តង់ដារកម្ពុជាកំពុងធ្វើការងារពាក់ព័ន្ធនឹងផលិតកម្មចំណីអាហារចំនួនពីរប្រភេទ រួមមាន ទី១. ផលិតផលដែលហូបពីកសិកម្មផ្ទាល់ និងទី២ ផលិតផលចំណីអាហារដែលកែច្នៃដោយឧស្សាហកម្ម និងសិប្បកម្ម ។ ផលិតផលដែលហូបពីកសកម្មផ្ទាល់ គឺពាក់ព័ន្ធដល់ការប្រើប្រាស់ផលិតផលជំនួយការដាំដុះ និងចិញ្ចឹម មានដូចជា សារធាតុគីមី ជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិតជាដើម ។

 

ចំណែកផលិតផលចំណីអាហារដែលកែច្នៃដោយឧស្សាហកម្ម និងសិប្បកម្ម គឺប្រើប្រាស់សារធាតុជំនួយប្រព្រឹត្តិកម្មមួយចំនួន ដែលហៅថា សារធាតុបន្ថែមម្ហូបអាហារ ឬសារធាតុផ្សំម្ហូបអាហារ ។ សព្វថ្ងៃសារធាតុផ្សំម្ហូបអាហារមានច្រើនរាប់រយមុខ ប្រសិនបើអ្នកកែច្នៃមិនយល់ពីមុខងារសារធាតុ និងគ្រប់គ្រងមិនបានល្អ នោះអាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់ ។ 

 

ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា ៖ដើម្បីធានាសុវត្ថិភាពលើអាហារដែលកែច្នៃដោយឧស្សាហកម្ម និងសិប្បកម្ម ក្រសួងឧស្សាហកម្មមានតួនាទីរៀបចំស្តងដារផលិតផលទាំងកសិកម្ម និងការកែច្នៃ ថាតើគួរមានវត្តមានសារធាតុបន្ថែមយ៉ាងដូចម្តេចគួរមានថ្នាំសម្លាប់សត្វល្អិតកម្រិតណា? ឬថ្នាំកម្រិតណាសម្រាប់ព្យាបាលសត្វ?” 

 

 

ទន្ទឹមគ្នានេះ មន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម បានឱ្យដឹងទៀតថា រាល់ថ្ងៃប្រជាជនកម្ពុជាទទួលទានផលិតផលក្នុងស្រុកផង និងផលិតផលនាំចូលពីក្រៅប្រទេសផង។ ដើម្បីសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ក្រសួងបានកំណត់បទបញ្ញត្តិបច្ចេកទេស (ស្តង់ដារ) ផ្តោតលើកត្តាសំខាន់ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងពាក់ព័ន្ធដល់ការប្រកួតប្រជែងផលិតផលលើទីផ្សារ។ ក្រសួងក៏បានរៀបចំគោលការណ៍វាយតម្លៃភាពអនុលោមទៅលើផលិតផល ដើម្បីធានាសុវត្ថិភាព និងមានភាពត្រឹមត្រូវតាមការផលិត ។   

 

គួរបញ្ជាក់ដែរថា វិទ្យាស្ថានស្តង់ដារកម្ពុជា មានតួនាទីយកចិត្តទុកដាក់ជាពិសេសចំពោះស្តង់ដារនីយកម្ម ពី ព្រោះស្តង់ដារអាចជះឥទ្ធិពល លើវិស័យសាធារណៈជាច្រើន ដូចជា ភាព ប្រកួតប្រជែងនៃឧស្សាហកម្ម ដំណើរការ ទីផ្សារ ការការពារ បរិស្ថាន សុខភាពមនុស្ស និងនវានុវត្តន៍។ វិទ្យាស្ថានស្តង់ដារកម្ពុជា គឺជាស្ថាប័នដែលទទួលខុសត្រូវលើ ការរៀបចំស្តង់ដារជាតិ និងគោលការណ៍ណែនាំស្ដីពី ផលិតផល ទំនិញ សម្ភារៈ សេវាកម្ម និងប្រតិបត្តិការ ។ បន្ថែមលើនេះ វិទ្យាស្ថានស្តង់ដារកម្ពុជាគឺជាសមាជិក របស់អង្គការ ស្តង់ដារអន្តរជាតិ (ISO) ហើយអាចលក់ និងអនុម័តស្តង់ដារ ISO នៅក្នុង ប្រទេសបាន ។

 

តាមមាត្រា២ នៃច្បាប់ស្តីពីស្តង់ដារកម្ពុជា បានបញ្ជាក់ថា ច្បាប់ស្តីពីស្តង់ដារកម្ពុជា មានគោលបំណងធានាឱ្យការធ្វើពាណិជ្ជកម្មមានលក្ខណៈត្រឹមត្រូវ និងងាយស្រួល, បង្កឱ្យការប្រើប្រាស់ផលិតផលមានលក្ខណៈងាយស្រួល, ធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាព ផលិតផល សេវាកម្ម និងការគ្រប់គ្រង, បង្កើនប្រសិទ្ធភាពផលិតកម្មឱ្យកាន់តែប្រសើរឡើង និងងាយស្រួល, បង្កើនការការពារអ្នកប្រើប្រាស់ និងលើកកម្ពស់សុខុមាលភាពសាធារណៈ ៕

 

 

អត្ថបទពេញនិយម