ក្រសួងឧស្សាហកម្មគ្រោងបញ្ចប់សង់ប្រព័ន្ធបញ្ជូនទឹកស្អាតតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងត្រឹមរយៈពេល ១០ខែ
សៀមរាប - នាព្រឹកថ្ងៃពុធនេះ នៅសាលប្រជុំរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងណែនាំឱ្យមន្ត្រីជំនាញអនុវត្តគម្រោងសាងសង់ប្រព័ន្ធបញ្ជូនទឹកស្អាតទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។
កិច្ចប្រជុំក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានធ្វើការពិភាក្សាយ៉ាងលម្អិតគ្រប់ចំណុចជុំវិញការសាងសង់ប្រព័ន្ធបញ្ជូនទឹកស្អាត ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល ។ ក្រសួងកំណត់ពេលវេលាបញ្ចប់ការសាងសង់ប្រព័ន្ធបញ្ជូនទឹកស្អាតសម្រាប់តំបន់អភិវឌ្ឍន៍ទាំងពីរ ដោយតំបន់អភិវឌ្ឍន៍រុនតាឯក រយៈពេល ០៨ខែ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង រយៈពេល ១០ខែ ចាប់គិតពីថ្ងៃទទួលបានសេចក្តីសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។
- សម្រាប់តំបន់អភិវឌ្ឍន៍រុនតាឯក ដែលមានផ្ទៃដីសរុប ៤០៦ ហិកតា ចំនួនក្បាលដី ៦ ០០៥ ក្បាលដី ចំនួនគ្រួសារ ៧ ០០០ គ្រួសារ (រួមទាំងអ្នកដែលបានតាំងទីលំនៅពីមុន) ហើយមានចំងាយដែលត្រូវសាងសង់ប្រព័ន្ធបញ្ជូនទឹកស្អាត ពីក្រុងសៀមរាប ទៅតំបន់អភិវឌ្ឍន៍រុនតាឯក ៣២,៥ គីឡូម៉ែត្រ ។
- សម្រាប់តំបន់អភិវឌ្ឍន៍ពាក់ស្នែង មានផ្ទៃដីសរុប ៥១៤ ហិកតា ចំនួនក្បាលដី ៤ ៧៦៥ក្បាលដី ចំនួនគ្រួសារ ៧ ០០០ គ្រួសារ (រួមទាំងអ្នកដែលបានតាំងទីលំនៅពីមុន) ហើយមានចំងាយដែលត្រូវសាងសង់ប្រព័ន្ធបញ្ជូនទឹកស្អាត ពីក្រុងសៀមរាប ទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ៤០គីឡូម៉ែត្រ ។
- ពិនិត្យនិងពិភាក្សាលម្អិតអំពីតំបន់ទី១ និងតំបន់ទី២ ជាមួយអជ្ញាធរជាតិអប្សរា ដើម្បីបញ្ជៀសផលប៉ះពាល់ដល់បុរាណដ្ឋាន និងការផ្តល់របាយការណ៍ជូនអជ្ញាធរជាតិអប្សរា ក្នុងករណីឃើញថាមានវត្ថុបុរាណនៅពេលដែលរៀបចំប្រព័ន្ធបញ្ជូនទឹកស្អាត ។
សូមជម្រាបថា គោលដៅសាងសង់ប្រព័ន្ធបញ្ជូនទឹកស្អាតនេះ មិនត្រឹមតែបម្រើដល់តម្រូវការរបស់ប្រជាជននៅតំបន់អភិវឌ្ឍន៍ទាំងពីរប៉ុណ្ណោះនោះទេ ថែមទាំងគិតគូរដល់ការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាជននៅឃុំមួយចំនួន ឬតំបន់ដែលនៅជុំវិញនោះទៀតផង ជាពិសេសសម្រាប់ប្រជាជនដែលនៅតាមដងផ្លូវ ដែលមានប្រព័ន្ធបញ្ជូនទឹកស្អាត ។
គួររំលឹកថា តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាតំបន់ដែលរាជរដ្ឋាភិបាលទើបរៀបចំអភិវឌ្ឍន៍ បន្ទាប់ពីប្រជាជនរស់នៅតំបន់អង្គរត្រូវផ្លាស់ប្តូរទីលំនៅដើម្បីទៅរស់នៅតំបន់ខាងលើ ៕