អាម៉េរិកប្រកាសគម្រោងលើកកម្ពស់សន្តិសុខស្បៀងនៅកម្ពុជាទំហំទឹកប្រាក់ ២៥លានដុល្លារ

ថ្ងៃសុក្រ ទី០៥ ខែសីហា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 310
1

ភ្នំពេញ - នៅថ្ងៃព្រហស្បត្តិ៍នេះ លោករដ្ឋមន្ត្រីការបរទេសអាម៉េរិក Antony J. Blinken បានប្រកាសអនុវត្តគម្រោងថ្មីមួយដែលមានទឹកប្រាក់ ២៥លានដុល្លារ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងអាហារ និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុង​ប្រទេសកម្ពុជា។ ការប្រកាសគម្រោងនេះ ធ្វើឡើងនៅស្ថានទូតអាម៉េរិក រាជធានីភ្នំពេញ។

 

លោករដ្ឋមន្ត្រីការបរទេស Antony J. Blinken មានប្រសាសន៍ថា គម្រោង Cambodia Harvest III ជាគម្រោងមានរយៈពេលប្រាំឆ្នាំ និងគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាម៉េរិក USAID ។ ខណៈដែលពិភពលោកប្រឈមនឹងការគំរាមកំហែងលើការផ្គត់ផ្គង់ស្បៀងអាហារកាន់តែកើនឡើង គឺជាពេលវេលាដែលត្រូវ​បង្កើនសមត្ថភាពកសិកម្ម និងភាពធន់ជុំវិញពិភពលោក ហើយគម្រោងនេះជានិមិត្តសញ្ញានៃការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះគោលដៅមួយនេះ ។

 

 

 

លោករដ្ឋមន្ត្រី Blinken មានប្រសាសន៍បន្ថែមថា ៖ យើងជឿជាក់លើគម្រោងនេះ យើងជឿជាក់លើដៃគូនានារបស់យើង ហើយយើងចង់ធ្វើការដ៏ល្អនេះឱ្យបានច្រើនជាមួយគ្នា។ វាពិតជាមានសារៈសំខាន់ដែលយើងត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និងដោះស្រាយឫសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងភាពក្រីក្រ

 

គម្រោង Cambodia Harvest III នឹងធ្វើការជាមួយដៃគូកម្ពុជាក្នុងវិស័យកសិកម្ម អ្នកផ្តល់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធវិស័យឯកជនដទៃទៀត ដើម្បីអភិវឌ្ឍកម្លាំងជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារសម្រាប់កសិករ។ 

 

រយៈពេលគម្រោងប្រាំឆ្នាំលើកការអនុវត្តគម្រោងនេះ ទីភ្នាក់ងារជំនួយអាម៉េរិករំពឹងថានឹងរកបាន ៣៩លានដុល្លារក្នុងការវិនិយោគវិស័យឯកជនថ្មី ព្រមទាំងបង្កើតការងារថ្មីជាង ៣ពាន់កន្លែង ជួយដល់បណ្ដាធុរកិច្ចនិងអ្នកផលិតក្នុងវិស័យកសិកម្មកម្ពុជា ឱ្យទទួលបានហិរញ្ញប្បទាន ១៥លានដុល្លារ និងរកប្រាក់បាន ១០០លានដុល្លារពីផលិតផល។ 

 

សូមជម្រាបថា លោក Antony J. Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិក បានផ្តើមដំណើរទស្សនកិច្ចមកកម្ពុជាជាលើកដំបូងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសហរដ្ឋអាម៉េរិក-អាស៊ាន៕

 

អត្ថបទពេញនិយម