សហរដ្ឋអាម៉េរិកអនុម័តថវិកា ៣៦៩ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ចបៃតងរបស់ប្រទេសនិងពិភពលោក
អេហ្ស៊ីប ៖ ការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden បានអនុម័តកញ្ចប់ទឹកប្រាក់ ចំណាយប្រមាណ ៣៦៩ពាន់លានដុល្លារសម្រាប់កសាងសេដ្ឋកិច្ចបៃតងរបស់ប្រទេសនិងពិភពលោក ។ កញ្ចប់ទឹកប្រាក់នេះ នឹងក្លាយសមិទ្ធិផលគំរូឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល ។ លោក Joe Biden បានឱ្យដឹងដូច្នេះ នៅក្នុងសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP27 របស់អង្គការសហប្រជាជាតិ នៅទីក្រុង Sharm El Sheikh ប្រទេសអេហ្ស៊ីប ដែលមានអ្នកចូលរួមជាប្រមុខរដ្ឋ និងតំណាងប្រទេសប្រមាណជាង១៩០ ។
លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden បានប្តេជ្ញានៅក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រម្សិលមិញថា សហរដ្ឋអាម៉េរិកកំពុងធ្វើដំណើរចូលរួមកាត់បន្ថយការបញ្ចេញកាបូនរបស់ខ្លួនតាមលទ្ធភាពដែលអាចធ្វើទៅបាន និងជំរុញឱ្យប្រទេសទាំងអស់បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេបន្ថែមទៀត ដើម្បីទប់ស្កាត់ការឡើងកំដៅផែនដី ដែលជាមហន្តរាយសម្រាប់មនុស្សជាតិ។
លោកប្រធានាធិបតី Joe Biden បានបញ្ជាក់បន្ថែម ៖ “វិបត្តិអាកាសធាតុ គឺជារឿងពាក់ព័ន្ធដល់សន្តិសុខមនុស្សជាតិ សន្តិសុខសេដ្ឋកិច្ច សន្តិសុខបរិស្ថាន សន្តិសុខជាតិ និងជីវិតទាំងអស់នៅលើភពផែនដី” ។
លោក Joe Biden បានលើកឡើងទៀតថា សហរដ្ឋអាម៉េរិកកំពុងស្ថិតនៅក្រោមសម្ពាធក្រសែភ្នែកពីប្រទេសជាច្រើន ដោយចាត់ទុកអាម៉េរិកជាប្រទេសបញ្ចេញឧស្ម័នជាច្រើនទៅបរិយាកាស ដូច្នេះអាម៉េរិកនឹងផ្តល់មូលនិធិរបស់ខ្លួនទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាកិច្ចសន្យាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ។
ទន្ទឹមគ្នានេះដែរ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ក៏បានប្រកាសផងដែរអំពីផែនការបង្កើនកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន ដែលជាការរួមចំណែកដ៏សំខាន់ដល់ការឡើងកម្តៅភពផែនដី ។ ការបង្កើតកញ្ចប់ថវិកាលើការងារប្រែប្រួលអាកាសធាតុរបស់អាម៉េរិក ជាផ្នែកមួយនៃការអនុវត្តកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុទីក្រុងប៉ារីស ដែលជាកាតព្វកិច្ច និងទំនួលខុសរួមក្នុងនាមជាប្រទេសអ្នកមាន ។
គួរបញ្ជាក់ថា បន្ទាប់ធ្វើដំណើរចូលរួមកិច្ចសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP27 របស់អង្គការសហប្រជាជាតិ នៅទីក្រុង Sharm El Sheikh ប្រទេសអេហ្ស៊ីប លោកប្រធានាធិបតីអាម៉េរិក ក៏បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - អាម៉េរិក ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ មានថ្នាក់ដឹកនាំជាន់ខ្ពស់ពិភពលោកចូលរួមជាច្រើននាក់ ដោយក្នុងនោះក៏មានវត្តមានលោក អង់តូនីញ៉ូ ហ្គូទែរស៍ (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ ៕