WaterAid ៖ ការវិនិយោគទឹកស្អាតនិងអនាម័យនៅកន្លែងធ្វើការ ជំរុញឱ្យផលិតភាពការងារកើនខ្ពស់

ថ្ងៃពុធ ទី០៥ ខែតុលា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 678
1

ភ្នំពេញ - ការស្រាវជ្រាវមួយរបស់ WaterAid ដែលមានឈ្មោះថា "ការជំរុញអាជីវកម្ម ហេតុអ្វីបានចាំបាច់វិនិយោគលើទឹកស្អាត និងអនាម័យ" បានបង្ហាញថា ទឹកស្អាត បង្គន់អនាម័យសមរម្យ និងកន្លែងលាងដៃ មានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យនៃអាជីវកម្ម បង្កើនផលិតភាពការងារ ហើយជារឿយៗជំរុញឱ្យមានផលចំណេញលើការវិនិយោគ។ នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ WaterAid កម្ពុជា កាលពីថ្ងៃចន្ទ ទី០៣ ខែតុលាកន្លងទៅ។

 

ការស្រាវជ្រាវបំបូងនេះបានធ្វើនៅកន្លែងធ្វើការ និងសហគមន៍ចំនួន១០ ក្នុងប្រទេសចំនួន០៤ លើវិស័យចំនួន០៤ ដូចជា រោងចក្រកាត់ដេរក្នុងប្រទេសបង់ក្លាដែស រោងចក្រកែច្នៃស្បែកសត្វនៅប្រទេសឥណ្ឌា រោងចក្រផលិតតែនៅប្រទេសកេនយ៉ា និងឥណ្ឌា និងជាមួយកសិករខ្នាតតូចនៅប្រទេសតង់ហ្សានី។

 

 

លទ្ធផងបានបង្ហាញថាមានទឹកស្អាត និងបង្គន់អនាម័យនៅផ្ទះ នៅក្នុងសហគមន៍ និងនៅកន្លែងធ្វើការ គឺជាមូលដ្ឋានគ្រឹះសម្រាប់សុខភាព និងសុខុមាលភាព។ តាមរយៈការវិនិយោគលើសេវាទឹកស្អាត និងបង្គន់អនាម័យ ក្រុមហ៊ុននិងអាជីវកម្មនានាអាចបង្កើនអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមជាច្រើនសម្រាប់បុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេ ពោលគឺការបង្កើនផលិតភាព កាត់បន្ថយជំងឺ និងអវត្តមាន ព្រមទាំងកាត់បន្ថយការចំណាយលើថ្លៃព្យាបាលជំងឺ។

 

ទន្ទឹមគ្នានេះ អាជីវកម្មក៏អាចពង្រឹងតម្លៃម៉ាកផលិតផលរបស់ពួកគេ បង្កើតភាពធន់សម្រាប់បុគ្គលិករបស់ខ្លួន និងកាត់បន្ថយហានិភ័យក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងបម្រែបម្រួលអាកាសធាតុ។ អត្រាអវត្តមានពីការងារបានថយចុះ ហើយសុខភាពទូទៅរបស់បុគ្គលិក និងគ្រួសាររបស់ពួកគេមានភាពប្រសើរឡើង។ អត្រាអវត្ដមានពីការងារបានធ្លាក់ចុះ ២៩% នៅរោងចក្រកែច្នៃស្បែកសត្វនៅប្រទេសឥណ្ឌា និង ២១%នៅរោងចក្រផលិតតែ នៅប្រទេសកេនយ៉ា។

 

លើសពីនេះ​​ ឧប្បត្តិហេតុផ្នែកវេជ្ជសាស្រ្តនៅកន្លែងធ្វើការបានធ្លាក់ចុះ ដោយរកឃើញអត្រាបុគ្គលិកទៅគ្លីនិករកសេវាព្យាបាលនៅរោងចក្រផលិតតែ នៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះ ៥% ហើយនៅរោងចក្រផលិតតែនៅក្នុងប្រទេសកេនយ៉ា បានធ្លាក់ចុះ ២២% 

 

 

ចំណែករោងចក្រផលិតតែនៅក្នុងប្រទេសឥណ្ឌា បានរកឃើញថា ការកើនឡើងនៃផលិតភាពការងារប្រមាណ ២៧% បន្ទាប់ពីអនុវត្តន៍គម្រោង។ការចូលបម្រើការងារទាន់​​ពេលវេលាបានកើនឡើង ៥% នៅរោងចក្រកាត់ដេរក្នុងប្រទេសបង់ក្លាដែស និង ៦% នៅរោងចក្រកែច្នៃស្បែកនៅក្នុងប្រទេសឥណ្ឌា។

 

លទ្ធផលស្រាវជ្រាវបានបង្ហាញឱ្យដឹងទៀតថា រាល់ការចំណាយប្រាក់ ១ដុល្លារលើសេវាទឹកស្អាត និងអនាម័យ រោងចក្រផ្នែកកាត់ដេរ (ដូចជារោងចក្រសម្លៀកបំពាក់សម្រេច និងស្បែកសត្វ) បានទទួលផលចំណេញពីការវិនិយោគចំនួន ១, ៣២ ដុល្លារ ខណៈដែលវិស័យរោងចក្រផលិតតែ ទទួលបានផលចំណេញ ២, ០៥ ដុល្លារត្រឡប់មកវិញ។

 

ស្របនឹងលទ្ធផលស្រាវជ្រាវខាងលើ លោក ឆាត់ សុភាព នាយកប្រចាំប្រទេសអង្គការ WaterAid កម្ពុជា មានប្រសាសន៍ថា ការងារទឹកស្អាត និងអនាម័យមិនគួរធ្វើឡើងនៅតែកន្លែងណាមួយ ឬផ្នែកណាមួយតែឯងទេ។ ការងារនេះ គួរតែដោះស្រាយការងារទឹកស្អាត និងអនាម័យជាប្រព័ន្ធនៅគ្រប់ផ្នែក និងជាមួយគ្រប់ភាគីដែលពាក់ព័ន្ធ។ ហេតុនេះហើយក្នុងវិស័យរោងចក្រកាត់ដេរ WaterAid មិនត្រឹមតែជំរុញការងារទឹកស្អាត និងអនាម័យក្នុងរោងចក្រទេ ក៏ជំរុញនៅតាមសហគមន៍ដែលកម្មកររស់នៅដែរ ក្រោមការឧបត្ថម្ភមូលនិធិពី VF Corporation និង VF Foundation  

 

លោក ឆាត់ សុភាព មានប្រសាសន៍ ៖តាមរយៈគម្រោងនេះ យើងបានឃើញផលប្រយោជន៍ផ្ទាល់ដូចការស្រាវជ្រាវបានបង្ហាញ ដែលមានទំនាក់ទំនងរវាងលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យនៅកន្លែងធ្វើការ និងនៅផ្ទះ ដែលផ្តល់អត្ថប្រយោជន៍ និងផលចំណេញយ៉ាងច្រើនដល់ទាំងបុគ្គលិក និងម្ចាស់រោងចក្រ សហគ្រាសនានា ។ WaterAid  សូមលើកទឹកចិត្តឱ្យម្ចាស់រោងចក្រ និងសហគ្រាសតូចធំនានា ផ្តល់អទិភាព និងវិនិយោគបន្ថែមលើសេវាទឹកស្អាត និងអនាម័យ ដើម្បីផលប្រយោជន៍អាជីវកម្ម និងសង្គម

 

សូមជម្រាបថា គម្រោងស្រាវជ្រាវនេះ បានអនុវត្តនៅចន្លោះឆ្នាំ២០១៨ និង២០២២ ដោយសហការជាមួយក្រុមហ៊ុន Diageo, Gap Inc., HSBC, Twinings និង ekaterra (ដែលជាផ្នែកមួយនៃក្រុមហ៊ុន Unilever នៅពេលដែលគម្រោងនេះបានចាប់ផ្តើម) ។ គម្រោងនីមួយៗ បានចងក្រងឯកសារអំពីការវិនិយោគលើសេវាទឹកស្អាត អនាម័យ និងប្រសិទ្ធភាពនៃផលិតភាពការងារ អវត្តមាន ភាពយឺតយ៉ាវ ភាពទាន់ពេលវេលា និងអត្រាឧប្បត្តិហេតុផ្នែកវេជ្ជសាស្ត្រនៅកន្លែងធ្វើការនីមួយៗ ជាមួយនឹងរបាយការណ៍ រួមទាំងការព្យាករណ៍សម្រាប់ដប់ឆ្នាំខាងមុខ។ 

 

 

ទោះបីលទ្ធផលទាំងនេះ មិនបានដាក់បញ្ចូលពីស្ថានភាពនៅកម្ពុជា ក៏ប៉ុន្តែអង្គការ WaterAid កម្ពុជា កំពុងធ្វើការងារលើកកម្ពស់ទឹកស្អាត និងអនាម័យនៅតាមរោងចក្រចំនួន ០៩ នៅតាមទីតាំងគោលដៅរបស់ខ្លួន ។ ពេលនេះអាចនិយាយបានថា លទ្ធផលស្រាវជ្រាវទាំងបួនប្រទេស ក៏មានស្ថានភាពប្រហាក់ប្រហែលនៅកម្ពុជាដែរ។

 

សូមរំលឹកបន្តិចដែរថា អង្គការ WaterAid កំពុងធ្វើការងារលើកកម្ពស់ទឹកស្អាត និងអនាម័យ ដើម្បីធានាថា មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែងមានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់ និងអនាម័យល្អ។ WaterAid ជាអង្គការអន្តរជាតិដែលមិនស្វែងរកប្រាក់ចំណេញ ធ្វើការនៅក្នុងប្រទេសចំនួន ២៨ ដើម្បីផ្លាស់ប្តូរការរស់នៅរបស់ប្រជាជនក្រីក្រនិងជនងាយរងគ្រោះបំផុត។ ចាប់តាំងពីឆ្នាំ ១៩៨១ អង្គការ WaterAid បានជួយដល់ប្រជាជនចំនួន ២៨លាននាក់ឱ្យទទួលបានសេវាទឹកស្អាត និង ២៩លាននាក់មានបង្គន់អនាម័យប្រើប្រាស់សមរម្យ។ 

 

 

 

រូបភាពរក្សាសិទ្ធិដោយ​ ៖  WaterAid/ Anindito Mukherjee

 

 

អត្ថបទពេញនិយម