ទិវាសុវត្ថិភាពស្បៀងពិភពលោក ៖ ជំងឺជាង២០០ ប្រភេទកើតដោយសារការបរិភោគចំណីអាហារគ្មានសុវត្ថិភាព
ភ្នំពេញ - ជំងឺបណ្តាលមកពីចំណីអាហារជាបញ្ហាប្រឈមសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរមួយរបស់ពិភពលោក។ ជំងឺជាង២០០ ប្រភេទផ្សេងគ្នាមានទំនាក់ទំនងផ្ទាល់ទៅនឹងការបរិភោគចំណីអាហារដែលមានផ្ទុកបាក់តេរី វីរុស ប៉ារ៉ាស៊ីត និងសារធាតុគីមីជាដើម ។ នេះបើតាមខ្លឹមសារនៃទិវាសុវត្ថិភាពស្បៀងអាហារពិភពលោក ធ្វើឡើងក្រោមប្រធានបទ “ អាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ" បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
ទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា ជំងឺបណ្តាលមកពីអាហារបង្កឱ្យមានមនុស្សស្លាប់ប្រមាណ ៤ម៉ឺនពីរពាន់នាក់នៅលើសាកលលោកក្នុងមួយឆ្នាំៗ ជាពិសេសកុមារដែលមានអាយុក្រោម ៥ឆ្នាំ និងប្រជាជនដែលមានប្រាក់ចំណូលទាប។ តំបន់អាហ្រ្វិកនិងអាស៊ីអាគ្នេយ៍ មានឧប្បត្តិហេតុនិងអត្រាស្លាប់ខ្ពស់ជាងគេ។ កត្តានេះ ឆ្លុះបញ្ចាំងអំពីតម្រូវការបន្ទាន់ក្នុងការធានាឱ្យបាននូវសុវត្ថិភាពស្បៀងអាហារ។
ជំងឺបណ្តាលមកពីអាហារអាចបង្កឱ្យមានរោគសញ្ញារយៈពេលខ្លី ដូចជា ក្អួតចង្អោរ និងរាក (ជាទូទៅហៅថាការពុលអាហារ) ប៉ុន្តែវាក៏អាចបណ្តាលឱ្យមានជំងឺរយៈពេលវែងដូចជាជំងឺមហារីក ជំងឺតម្រង នោម បញ្ហាថ្លើម ជំងឺខួរក្បាល និងជំងឺសរសៃប្រសាទ។ ជំងឺទាំងនេះ អាចមានសភាពធ្ងន់ធ្ងរចំពោះកុមារ ស្ត្រីមាន ផ្ទៃពោះ និងមនុស្សវ័យចំណាស់ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ។
កុមារដែលធ្លាប់ឆ្លងកាត់ជំងឺ បណ្តាលមកពីអាហារ អាចទទួលរងផលវិបាកធ្ងន់ធ្ងរដូចជា ការពន្យាការអភិវឌ្ឍរាងកាយ និងខួរក្បាល ដែលកត្តានេះនឹងប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគេជាអចិន្ត្រៃយ៍។ ជំងឺបណ្តាលមកពីអាហារ ជាជំងឺដែលអាចការពារបាន។
សូមជម្រាបថា ទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកឆ្នាំនេះ ប្រារព្ធឡើងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាសុវត្ថិភាពស្បៀងអាហារ និងដើម្បីបង្កើនការទទួលស្គាល់សារៈសំខាន់សុវត្ថិភាពស្បៀងអាហារ សំដៅធានាការការពារដល់អ្នកបរិភោគ និងការអភិវឌ្ឍវិស័យឧស្សាហកម្មចំណីអាហារនៅក្នុងប្រទេសកម្ពុជា ៕