យុវជនជើងឯកអាហារូបត្ថម្ភរៀបចំកម្មវិធីពាក់កណ្ដាលម៉ារ៉ាតុន មានអ្នកចូលរួមរត់ជាង ៧៥០នាក់
ភ្នំពេញ ៖ យុវជនជើងឯកអាហារូបត្ថម្ភ និងអង្គការហេឡែន ខេលល័រ អន្តរជាតិ (Helen Keller) សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ឧបត្ថម្ភដោយគម្រោង MUSEFO នៃអង្គការ GIZ, WI, WFP, UNICEF, Plan International នឹងរៀបចំកម្មវិធីយុវជនជើងឯកអាហារូបត្ថម្ភពាក់កណ្តាលម៉ារ៉ាតុន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៥ព្រឹក ដល់ម៉ោង ១១នាទីព្រឹក នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលបែងចែកជាពីរប្រភេទ គឺចម្ងាយ ០៣គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រ ។
លោក ហ៊ូ ក្រើន នាយករងប្រចាំប្រទេស នៃអង្គការ Helen Keller អន្តរជាតិ មានប្រសាសន៍ថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីយុវជនជើងឯកអាហារូបត្ថម្ភពាក់កណ្តាលម៉ារ៉ាតុន គឺដើម្បីផ្តល់ឱកាសឱ្យយុវជនចូលរួមបង្កើនសកម្មភាពកីឡាប្រកបដោយភាពសប្បាយរីករាយ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមយុវជនអំពីសារ:សំខាន់នៃការធ្វើឱ្យរាងកាយមានភាពសកម្ម និងការអនុវត្តន៍របបអាហារសុខភាពឱ្យបានទៀងទាត់ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។
លោក ហ៊ូ ក្រើន នាយករងប្រចាំប្រទេស នៃអង្គការ Helen Keller អន្តរជាតិ ៖ "ទន្ទឹមគ្នានេះ កម្មវិធីមានបំណងបណ្តុះស្មារតីយុវជនឱ្យចេះចែករំលែកចំណេះដឹង និងសារគន្លឹះសំខាន់ៗ ស្តីពីរបបអាហារសុខភាព និងភាពសកម្មខាងរាងកាយដល់មិត្តភក្តិ និងសហគមន៍របស់ពួកគេ"។
លោកបានបញ្ជាក់បន្ថែមថា កម្មវិធីនេះនឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល , ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, លោក ហ៊ូ ក្រើន នាយករងអង្គការ ហេឡែន ខេលល័រ អន្តរជាតិ លោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO-GIZ និងមានអ្នកចូលរួមមកពីស្ថាប័នផ្សេងៗទៀត ចំនួនជាង ៧៥០នាក់។
សូមជម្រាបថា កម្មវិធីយុវជននេះប្រារព្ធឡើងដើម្បីផ្សព្វផ្សាយសារគន្លឹះសំខាន់ៗមួយចំនួន ដូចជា ហាត់ប្រាណទៀងទាត់នាំមកនូវសុខភាពល្អ, បរិភោគបន្លែផ្លែ ឈើចម្រុះ ត្រី ស៊ុតនិងសាច់ដើម្បីសុខភាពល្អ, បរិភោគចំណីអាហារមានជាតិ ស្ករ, ខ្លាញ់ និង អំបិលតិចធ្វើឲ្យមានសុខភាពល្អពេញមួយជីវិត, បរិភោគអាហារចម្រុះសម្បូរជីវជាតិ និងមានសុវត្ថិភាព ដើម្បីគ្រួសារមានសុភមង្គល។
បើតាមអង្គការ Helen Keller អន្តរជាតិ បានឱ្យដឹងថា ការហាត់ប្រាណទៀងទាត់និងអនុវត្តរបបអាហារសុខភាពជាប្រចាំ ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជួយបង្កើន សាច់ដុំរាងកាយ ទប់មិនឱ្យឡើងទម្ងន់ខ្លាំង និងធ្វើឱ្យសុខភាពផ្លូវចិត្តមនុស្សម្នាក់ៗមានលក្ខណ:ប្រសើរឡើង, ព្រមទាំងវិនិយោគនាំគ្នាលើអាហារូបត្ថម្ភ ដើម្បីសុខភាពល្អ និងកំណើនសេដ្ឋកិច្ច ។