កុមារកម្ពុជា ៣២% មានបញ្ហាក្រិសក្រិន ២៤% មានទម្ងន់ស្រាលក្រោមស្តង់ដា

ថ្ងៃច័ន្ទ ទី២០ ខែធ្នូ​ ឆ្នាំ២០២១      ម៉ៅ សំណាង
ចែករំលែក
Views: 480
1

ភ្នំពេញ - កុមារ ៣២% មានបញ្ហាក្រិសក្រិន ២៤% មានទម្ងន់ស្រាលក្រោមស្តង់ដា ហើយ ១០% មានភាពស្គមស្គាំង ។ នេះជាប្រវាឡង់កង្វះអាហារូបត្ថម្ភដែលខ្ពស់ ហើយបង្ហាញឱ្យឃើញពីគម្លាតសមធម៌នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះបញ្ហាក្រិសក្រិនកើតមានច្រើននៅតាមទីជនបទ (៣៤%)ជាងនៅក្នុងទីក្រុង (២៤%) ហើយមិនសូវកើតមានចំពោះកុមារដែលមានម្តាយដែលបានទទួលការអប់រំច្រើននោះទេ ។ នេះបើផ្អែកតាមផែនការសកម្មភាពថ្នាក់ជាតិសម្រាប់ការបំបាត់ភាពស្រេកឃ្លាននៅកម្ពុជា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ ឆ្នាំ២០១៦ ។

ទន្ទឹមគ្នានេះកម្រិតនៃបញ្ហាក្រិសក្រិនខុសគ្នាពីខេត្តមួយទៅខេត្តមួយនៅក្នុងប្រទេសកម្ពុជា ដោយមានកម្រិត ១៨% នៅរាជធានីភ្នំពេញ រហូតដល់ ៤៤% នៅក្នុងខេត្តព្រះវិហារ និងស្ទឹងត្រែង ។

បើតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០១៤ របស់វិទ្យាស្ថានជាតិស្ថិតិ កាលពីឆ្នាំ២០១៥ បានបង្ហាញថា ក្រៅពីកត្តាភូមិសាស្ត្រ ភាពក្រីក្រក៏ដើរតួនាទីធំនៅក្នុងបញ្ហាកង្វះអាហារូបត្ថម្ភដែលប៉ះពាល់មកលើប្រជាជន ដោយក្នុងនោះកុមារមកពីក្រុមគ្រួសារដែលមានទ្រព្យធនទាបបំផុត ងាយនឹងមានបញ្ហាកង្វះអាហារូបត្ថម្ភខ្លាំងជាងកុមារដែលមកពីក្រុមគ្រួសារដែលមានទ្រព្យធនច្រើន។ 

កត្តាមួយក្នុងចំណោមកត្តារួមចំណែកធំៗចំពោះបញ្ហាកង្វះអាហារូបត្ថម្ភនៅក្នុងប្រទេសកម្ពុជានេះ គឺបញ្ហារាគរូស ដោយសារតែអនាម័យមិនល្អនៅតាមគ្រួសារ និងសហគមន៍ (ដូចជាសាលាមត្តេយ្យ និងបឋមសិក្សាជាដើម) ។ នៅពេលដែលកុមារជួបប្រទះនូវបញ្ហារាគរូសដដែលៗ គួបផ្សំជាមួយនឹងចំណីអាហារដែលមានតម្លៃអាហារូបត្ថម្ភទាបផងនោះ ពួកគេអាចមានបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ ហើយភាពងាយរងគ្រោះដោយសារតែជំងឺឆ្លងរឹតតែកើនឡើង ។ នេះបើតាមរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក ស្តីពីការចំណាយ អត្ថប្រយោជន៍ និងនិរន្តរភាពនៃកិច្ចអន្តរាគមន៍ ដើម្បីការពារនិងលើកកម្ពស់សុខភាព ។

ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០១៤ របស់វិទ្យាស្ថានជាតិស្ថិតិ បានបញ្ជាក់ថា កុមារជាច្រើនក៏កើតមកជាមួយនឹងបញ្ហាមិនសូវមានអាហារូបត្ថម្ភផងដែរ ដោយសារតែភាគរយខ្ពស់នៃស្ត្រីដែលមានបញ្ហាខ្វះឈាមក្រហម (៥៣%) ដែលនាំទៅរកការឆ្លងទន្លេមុនកាលកំណត់កាន់តែច្រើនជាងមុន និងទារកកើតមកមានទម្ងន់ស្រាល។ លក្ខណៈនេះ បញ្ហាកង្វះអាហារូបត្ថម្ភអាចក្លាយជាបន្ទុកពីមួយជំនាន់ទៅមួយជំនាន់បាន។

ប្រសិនបើមិនដោះស្រាយ តើមានផលប៉ះពាល់ដូចម្តេច? ការស្រាវជ្រាវមួយស្តីពីកម្ពុជាព័ត៌មានអំពីអាហារូបត្ថម្ភរបស់ USAID កាលពីឆ្នាំ ២០១៨ បានឱ្យដឹងថា បញ្ហាក្រិសក្រិនកំពុងវាយប្រហារមកលើកុមារនៅក្នុងដំណាក់កាលសំខាន់នៃការអភិវឌ្ឍន៍របស់ពួកគេ ដែលក្នុងនោះទារកទើបនឹងកើតចំនួន ១៦% មានបញ្ហាក្រិនទៅហើយបើគិតត្រឹមអាយុ ៦ខែ ហើយអត្រាក្រិននេះបានកើនឡើងរហូតដល់ទៅ ៤០% ក្នុងចំណោមកុមារដែលមានអាយុពី ៣៦ - ៤៧ខែ ។

របាយការណ៍វាយតម្លៃលើការខូចបង់ “ផលវិបាកផ្នែកសេដ្ឋកិច្ចដែលកើតចេញពីកង្វះអាហារូបត្ថម្ភនៅកម្ពុជា” របស់កម្មវិធីស្បៀងអាហារពិភពលោក កាលពីឆ្នាំ២០១៨ បានរកឃើញថា កង្វះអាហារូបត្ថម្ភក្នុងកម្រិតធំធេង នឹងអាចមានផលប៉ះពាល់ អវិជ្ជមានរយៈពេលវែងទៅលើប្រទេសបាន ។ ឧទាហរណ៍ នៅក្នុងឆ្នាំ ២០១៤ ក្រុមប្រឹក្សារដើម្បីអភិវឌ្ឍន៍កសិកម្ម និងជនបទ កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការ UNICEF បានប៉ាន់ប្រមាណថា បញ្ហាកង្វះអាហារូបត្ថម្ភធ្វើឱ្យកម្ពុជាខាតបង់ទឹកប្រាក់ប្រមាណ ៤០០ លានដុល្លារសហរដ្ឋអាមេរិករៀងរាល់ឆ្នាំ ដែលស្មើនឹងប្រមាណ ២,៥% នៃ GDP របស់ខ្លួន ។

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន