រដ្ឋមន្ត្រីសុខាភិបាលណែនាំដល់មន្ត្រីក្រោមឱវាទឱ្យខិតខំបំពេញការងារប្រកបដោយទំនួលខុសត្រូវ
ភ្នំពេញ - ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ត្រូវខិតខំបំពេញការងារប្រកបដោយទំនួលខុសត្រូវ ដើម្បីបំពេញភាពខ្វះចន្លោះឱ្យមានភាពល្អប្រសើរ ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងនៅថ្ងៃចន្ទនេះ នៅក្នុងឱកាសប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួង និងប្រធានមន្ទីរសុខាភិបាលរាជធានីខេត្តទាំងអស់ លើកទី២ ប្រចាំខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅទីស្តីការក្រសួងសុខាភិបាល ។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានណែនាំដល់ថ្នាក់ដឹកនាំកម្រិតអគ្គនាយកដ្ឋាន ជាពិសេសកម្រិតនាយកដ្ឋានជំនាញ ត្រូវតែមានការជួបប្រជុំក្រុមការងារឱ្យបានពីរដងក្នុងមួយសប្តាហ៍ក្នុងការដាក់ចេញផែនការ និងពិនិត្យវឌ្ឍនភាពការងារជាប្រចាំ ដើម្បីអនុវត្តការងារឱ្យបានគ្រប់ជ្រុងជ្រោយនូវទស្សនវិស័យរបស់ក្រសួងសុខាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។
តាមរយៈកិច្ចប្រជុំខាងលើនេះ ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំត្រូវត្រៀមខ្លួនឆ្លើយតបជាមួយតម្រូវការរបស់ប្រជាពលរដ្ឋទាក់ទងនឹងជំងឺឆ្លង សុខភាពសាធារណៈ ព្រមទាំងបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព រហូតដល់កាត់បន្ថយជំងឺរ៉ាំរ៉ៃនានា ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងតាមដានការងារទប់ស្កាត់ជំងឺឆ្លង ដូចជា ជំងឺអេដស៍ និងជំងឺគ្រុនចាញ់ជាដើម ៕