វេជ្ជបណ្ឌិត Sanne Sigh ៖ អ្នកសារព័ត៌មានជាតួអង្គភ្ជាប់ទំនាក់ទំនងសកម្មលើកកម្ពស់ចំណេះដឹងអាហារូបត្ថម្ភ

ថ្ងៃសៅរ៍ ទី២៧ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 405
1

ភ្នំពេញ -  ចំណេះដឹងស្តីពីការលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់កសិករក្រីក្រ ជាមូលដ្ឋានចំណេះជីវិតដ៏សំខាន់ ដែលអ្នកពាក់ព័ន្ធត្រូវផ្តល់ជូនសាធារណជនតាមរយៈអ្នកសារព័ត៌មាន ពិសេសផ្តល់ជូនប្រជាជនរស់នៅតាមតំបន់ជនបទ ។ រហូតមកទល់ពេលនេះ ចំណេះដឹងទូទៅស្តីពីអាហារូបត្ថម្ភ សន្តិសុខស្បៀង និងការគាំទ្រសុខភាពមាតានិងទារក ក្លាយជាអាទិភាពពិសេសមួយដែលអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភបានចងក្រង និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។

 

ជាក់ស្តែងត្រឹមរយៈពេលពីរឆ្នាំតែប៉ុណ្ណោះ ក្រុមអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ (MNC) បានចងក្រងនិងផ្សព្វផ្សាយអត្ថបទព័ត៌មានរវាង ១ពាន់ប្រាំមួយរយអត្ថបទ ពាក់ព័ន្ធប្រធានបទអាហារូបត្ថម្ភនៅកម្ពុជា ។ អ្នកសារព័ត៌មានជាតួអង្គភ្ជាប់ទំនាក់ទំនងសកម្មចូលរួមលើកកម្ពស់ចំណេះដឹងអាហារូបត្ថម្ភ ។

 

 

លោកស្រីវេជ្ជបណ្ឌិត Sanne Sigh ទីប្រឹក្សាគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ឬហៅកាត់ថា គម្រោង MUSEFO របស់អង្គការ GIZ បានលើកឡើងដូចនេះ នៅក្នុងពិធីប្រគល់រង្វាន់ជូនអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ ក្រោមប្រធានបទលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់កសិករក្រីក្រដែលប្រព្រឹត្តទៅនាល្ងាចថ្ងៃទី២៦ ខែមេសានេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ។ 

 

លោកស្រីវេជ្ជបណ្ឌិត Sanne Sigh បានបញ្ជាក់ថា ៖ខ្ញុំពិតជាកោតសរសើរយ៉ាងអស្ចារ្យចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ ដែលបានបានចងក្រងនិងផ្សព្វផ្សាយអត្ថបទព័ត៌មានជុំវិញបញ្ហាអាហារូបត្ថម្ភនៅកម្ពុជា ។ ការចូលរួមរបស់អ្នកសារព័ត៌មាននេះ បានបង្ហាញឱ្យយើងឃើញកាន់តែច្បាស់ថា អ្នកសារព័ត៌មានជាតួអង្គភ្ជាប់ទំនាក់ទំនងសកម្មលើកកម្ពស់ចំណេះដឹងអាហារូបត្ថម្ភទៅកាន់សាធារណជន 

 

ទន្ទឹមនឹងការលើកឡើងនេះ លោកស្រីវេជ្ជបណ្ឌិត Sanne Sigh ទីប្រឹក្សាគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា កិច្ចខិតខំប្រឹងប្រែងបញ្ជ្រាបចំណេះដឹងស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់អ្នកសារព័ត៌មានកម្ពុជា កំពុងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព និងបរិយាប័ន្ន ។

 

សូមជម្រាបជូនថា គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា (MUSEFO) ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណៈរដ្ឋសហពន្ឋ័អាល្លឺម៉ង់ តាមរយៈអង្គការ GIZ បានចុះកិច្ចព្រមព្រៀងអនុវត្តជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ កន្លងទៅគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៃអង្គការ GIZ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម និងជនបទ, ក្រសួងសុខាភិបាល, ក្រសួងព័ត៌មាន, ក្រសួងពាណិជ្ជកម្ម, និងក្រសួងផែនការ ព្រមទាំងអង្គការដៃគូរអភិវឌ្ឍន៍នានា ។

 

ជាមួយគ្នានេះ គម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ បានផ្តួចផ្តើមឡើងក្នុងគោលបំណងលើកកម្ពស់សន្តិសុខស្បៀង និងជីវិភាពរស់នៅរបស់គ្រួសារងាយរងគ្រោះក្នុងខេត្តកំពង់ធំ កំពត និងតាកែវ ដោយគាំទ្រសហគមន៍កសិកម្ម និងកសិករ ផ្តោតលើការពង្រឹងចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីជួយដល់ការផលិត និងការលក់អាហារចម្រុះមុខ មានជីវជាតិ និងសុវត្ថិភាពដល់អ្នកបរិភោគ ។ ស្របគ្នានេះដែរ គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា (MUSEFO) បានគាំទ្រឱ្យមានសកម្មភាពជាច្រើនលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ការចិញ្ចឹមកុមារនិងទារក និងគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានជុំវិញប្រធានបទលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករ ៕

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង