“អង្គរជុំ” ក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ទាំងស្រុងដំបូងគេនៅខេត្តសៀមរាប

ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 511
1

 

សៀមរាប – កាលពីនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលខេត្តសៀមរាបបានប្រកាសស្រុកអង្គរជុំ ក្លាយ​ជាស្រុ​ក​ដំបូង​បំផុត​ដែល​បញ្ឈប់​ការ​បន្ទោ​បង់ពាសវាលពាសកាលទាំងស្រុង ឬស្រុក ODF ។ ជោគជ័យនេះដោយសារប្រជាពលរដ្ឋយល់ដឹងខ្ពស់ពីបញ្ហាអនាម័យ និងមានទម្លាប់អនុវត្តអនាម័យ។

 

លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា ស្រុក​អង្គ​រ​ជុំក្លាយ​ជាស្រុក​ដំបូង​បំផុត​នៅខេត្តសៀម​រាប​ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ។ លទ្ធផលសម្រេចបាននេះ កើតកិច្ចសហការល្អពីអាជ្ញាធរភូមិ ឃុំ ស្រុក ជាមួយដៃគូអភិវឌ្ឍន៍នានា។ លោកថា រដ្ឋាល​ឃុំបានវិភាគទានថវិកាមូលនិធិឃុំចូលរួមសាងសង់បង្គន់និងផ្សព្វផ្សាយពីអនាម័យ។

 

ទន្ទឹមគ្នានេះ នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបន្ថែមថា ក្រៅពីការសាងសង់បង្គន់ អាជ្ញាធរឃុំ និងស្រុក បាន​លើក​របៀប​វារៈ​ការងារទឹកស្អាត និងអនាម័យក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាប្រចាំខែ និងមានការគាំទ្របច្ចេកទេសពីក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទ អង្គការបណ្តុះកុមារ និង​អង្គ​ការភ្លែនអន្តរជាតិ ។

 

“ការលើកកម្ពស់អនាម័យមិនមែនគ្រាន់តែជាការសាងសង់បង្គន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការអប់រំ ដើម្បីផ្លាស់ប្តូរទម្លាប់បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ផឹក​ទឹកដែលមានសុវត្ថិភាព និងមានទម្លាប់លាងសម្អាតដៃជាមួយសាប៊ូជានិច្ច” នេះជាការបញ្ជាក់បន្ថែមរបស់តំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា ។

 

សូមបញ្ជាក់ថា ស្រុកអង្គរជុំគឺជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង១២ នៃខេត្តសៀមរាប ។ ស្រុកនេះមានឃុំចំនួន ៧ឃុំ មាន ៨៦ភូមិ និង​មាន​ប្រជាជន​រស់នៅ​ចំនួនជាង ១៥៧០០ ខ្នងផ្ទះ។ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ គណៈ​កម្មាធិការ​វាយ​តម្លៃដែល​មាន​សមាស​ភាព​មក​ពីក្រសួង​អភិវឌ្ឍន៍​ជន​បទ មន្ទីរអភិវឌ្ឍន៍ជនបទ និងតំណាងស្រុកជិតខាង បានធ្វីការវាយតម្លៃស្រុកអង្គរជុំស្រុក ជាស្រុក​ដំបូង​បំផុត​ដែល​បញ្ឈប់​ការបន្ទោប​ង់​ពាស​វាល​ពាស​កាល​(ODF) ទាំងស្រុង៕

អត្ថបទពេញនិយម