សម្តេចនាយករដ្ឋមន្ត្រីលើកទឹកចិត្តឱ្យបុគ្គលិកសុខាភិបាលប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិជ្ជាជីវៈបម្រើសេវាជូនប្រជាពលរដ្ឋ

ថ្ងៃសៅរ៍ ទី២០ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 30
1

សៀមរាប - សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្ត និងណែនាំដល់គ្រូពេទ្យ ព្រមទាំ​ងបុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈគ្រប់ពេលវេលា ដើម្បីបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ។ សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ "អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់" ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានតម្លៃជិត ២០លានដុល្លារអាម៉េរិក ជាជំនួយរបស់ជប៉ុន នាព្រឹកថ្ងៃសៅរ៍នេះ ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ៖គ្រូពេទ្យ បុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់, សុចរិតភាព និងប្រកបដោយសមធម៌ ជាពិសេសត្រូវធានាថា គ្មានអ្នកជំងឺណាម្នាក់ត្រូវបានរើសអើង និងបដិសេធការទទួលបានសេវាថែទាំព្យាបាល ដោយសារស្ថានភាពសង្គម-សេដ្ឋកិច្ចរបស់បុគ្គល ឬគ្រួសារ, ទំនៀមទម្លាប់, សាសនា និន្នាការ នយោបាយឡើយ

 

សូមជម្រាបដែរថា នាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវបន្តខិតខំប្រឹងប្រែងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំសុខភាព សំដៅបង្កើនអត្ថ ប្រយោជន៍សុខភាពរបស់អ្នកជំងឺ តាមរយៈការផ្តល់សេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយ ។

 

ការផ្តល់សេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយ រួមមាន សេវាអប់រំលើកកម្ពស់សុខភាព, សេវាបង្ការ, សេវាវិភាគរោគវិនិច្ឆ័យ, ព្យាបាល និងថែទាំ, ការតាមដានវាយតម្លៃគុណភាពសេវា ដោយរាប់បញ្ចូលទាំងអភិបាលកិច្ចគ្លីនិក និងការដាក់ចេញវិធានការកែលម្អគុណភាពសេវាជាប្រចាំ, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយនវានុវត្តន៍ និងការបំពាក់បំប៉នចំណេះដឹង និងជំនាញដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដើម្បីបង្កើនគុណភាពសេវាឱ្យដល់ស្ដង់ដារខ្ពស់ឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ ៕

 

 

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង