ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង ៖ លើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភជាភារកិច្ចរួមរបស់ភាគីពាក់ព័ន្ធ

ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 35
1

ភ្នំពេញ - ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាសហប្រធានអនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ មានប្រសាសន៍ថា ការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាភារកិច្ចគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាអនុវត្ត ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រជាតិស្ដីពីការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ។ ឯកឧត្តមវេជ្ជបណ្ឌិត មានប្រសាសន៍ដូច្នេះ នៅក្នុងវេទិកាពិភាក្សាស្តីពីភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់កុមារ សម្រាប់ជាជម្រើសក្នុងការបង្កើតគោលនយោបាយរៀបចំឡើងដោយអង្គការភ្លែនអន្តរជាតិកម្ពុជា នាថ្ងៃទី៤ ខែមេសានេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។ 

 

 

ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង មានប្រសាសន៍បញ្ជាក់ថា ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំឯកសារយុទ្ធសាស្ត្រជាតិស្ដីអំពីការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ។ កន្លងទៅក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានរៀបចំឯកសារយុទ្ធសាស្ត្រជាតិស្ដីអំពីការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភពីរដំណាក់កាលរួមមកហើយ ហើយដំណាក់កាលទីបីកំពុងរៀបចំស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ។ 

 

តំណាងក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង បានបញ្ជាក់បន្ថែមថា ថ្វីត្បិតយុទ្ធសាស្ត្រជាតិស្ដីអំពីការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភជំនាន់ទីបី មិនទាន់បានលេចចេញជារូបរាងពេញលេញពេលនេះ ក៏ប៉ុន្តែបើផ្អែកទៅតាមខ្លឹមសារនៃសេចក្តីព្រាង ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានកំណត់ថា សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាកិច្ចការមួយដែលមិនមែនស្ថាប័នណាមួយធ្វើតែឯង ដើម្បីឱ្យជោគជ័យនោះទេ ពោលគឺគ្រប់ភាគីពាក់ព័ន្ធ និងគ្រប់វិស័យទាំងអស់ត្រូវតែចូលរួមអនុវត្ត ។  

 

ទន្ទឹមគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ៖ការងារលើកកម្ពស់ទឹកស្អាត និងអនាម័យ ឆ្លើយតបនឹងអាហារូបត្ថម្ភ ជាការងារអន្តរវិស័យមួយ ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នា យើងមិនអាចនិយាយថា អង្គភាពណាមួយ អង្គការណាមួយ ឬគម្រោងណាមួយ ធ្វើដាច់ដោយឡែកតែឯងបាននោះទេ។

 

ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង បានឱ្យដឹងថា សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្ដីអំពីការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជំនាន់ទីបី មានសកម្មភាពអាទិភាពត្រូវអនុវត្តន៍ ៦ចំណុចសំខាន់ៗ រួមមាន សកម្មភាពទីមួយ និយាយស្ដីអំពីប្រព័ន្ធសុវត្ថិភាពស្បៀង ដែលកិច្ចការនេះផ្ដោតសំខាន់ទៅលើការបង្កើតផលិតភាពផលិតអាហារដែលមានសុវត្ថិភាព ឬអាហារដែលជួយឱ្យសុខភាពល្អ ។

 

ទីពីរផ្ដោតសំខាន់ទៅលើនិរន្តរភាពប្រព័ន្ធស្បៀង, ទីបីផ្តោតលើបរិស្ថានស្បៀង, ទីបួនផ្ដោតទៅលើការផ្លាស់ប្ដូរឥរិយាបថក្នុងវិស័យសន្តិសុខស្បៀង, ទីប្រាំផ្តោតលើការងារទឹកស្អាត និងអនាម័យ ដែលគិតគូរដល់អាហាររូបត្ថម្ភ, ចំណែកទីប្រាំមួយផ្តោតលើសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ផ្សារភ្ជាប់នឹងប្រព័ន្ធជំនួយសង្គម ដែលកិច្ចការងារនេះត្រូវធ្វើស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

 

សូមជម្រាបថា យុទ្ធសាស្ត្រជាតិស្ដីអំពីការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជំនាន់ទី១ បានរៀបចំឡើងនិងអនុវត្តចាប់តាំងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩, ជំនាន់ទី២ ចាប់តាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៣, និងជំនាន់ទី៣ ចាប់ផ្តើមរៀបចំពីដើមឆ្នាំ២០២៤ និងអនុវត្តរហូតដល់ឆ្នាំ ២០២៨ ។

 

វេទិកាស្តីពីភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់កុមារ សម្រាប់ជាជម្រើសក្នុងការបង្កើតគោលនយោបាយបានរៀបចំឡើងក្នុងគោលបំណង ទី១. ចែករំលែកជាមួយភាគីពាក់ព័ន្ឋស្តីពីបទពិសោធន៍ របកគំហើញ និងអនុសាសន៍ នៃការអនុវត្តគម្រោងសមាហរណកម្មអាហារូបត្ថម្ភរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា, និងទី២ ចូលរួមផ្តល់អនុសាសន៍ដែលជាជម្រើសការរៀបចំគោលនយោបាយ ឆ្ពោះទៅរកការពន្លឿនវឌ្ឍនភាពលើសូចនាករចំណុចដៅ២..១ ភាពក្រិសក្រិន (stunting) និងចំណុចដៅ ២..២ ភាពស្គមស្គាំង (wasting)

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង