កម្ពុជាប្តេជ្ញាបង្កើនសកម្មភាពបំបៅដោះកូនដោយទឹកដោះម្តាយម៉ោងដំបូងឱ្យបានជាង ៦៨ភាគរយ​

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ​ ឆ្នាំ២០២១      ម៉ៅ សំណាង
ចែករំលែក
Views: 501
1

ភ្នំពេញ - ដើម្បីឆ្លើយតបនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ការចិញ្ចឹមកុមារ និងទារក រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញានឹងបង្កើនអត្រាបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលឱ្យបាន ៦៨,៨% ក្នុងឆ្នាំ២០២៣ ។ នេះបើតាមអ្នកជំនាញអាហារូបត្ថម្ភពីក្រសួងសុខាភិបាល នៅក្នុងវេទិការបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីអាហារូបត្ថម្ភ រៀបចំដោយអង្គការ Helen Keller សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងគម្រោង MUSEFO របស់អង្គការ GIZ នាពេលថ្មីៗនេះ ។

លោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភ មានប្រសាសន៍ថា បំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល សំខាន់សម្រាប់ការលូតលាស់របស់កុមារ ។ គោលដៅរួមនៃកម្មវិធីជាតិអាហារូបត្ថម្ភ កំពុងចូលរួមលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ សុខភាព និងសុខុមាលភាពរបស់ស្ត្រីនិងកុមារកម្ពុជាឱ្យកាន់តែប្រសើរឡើង ។ 

មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភ បានបញ្ជាក់ថា “អនុវត្តន៍ទម្លាប់ល្អៗក្នុងការចិញ្ចឹមទារកនិងកុមារនឹងចូលរួមលើកកម្ពស់សុខភាពមាតា និងទារកបានល្អប្រសើរបំផុត ។ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញានឹងបង្កើនអត្រាបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលឱ្យបាន ៦៨,៨% ក្នុងឆ្នាំ២០២៣”

សូមបញ្ជាក់ថា កម្មវិធីជាតិអាហារូបត្ថម្ភ មានគោលដៅកាត់បន្ថយបញ្ហាស្គមស្គាំងកុមារអាយុក្រោម ៥ឆ្នាំ ព្រមទាំងកាត់បន្ថយអត្រាកើនឡើងភាពលើសទម្ងន់និងបញ្ហាធាត់់កុមារអាយុក្រោម ៥ឆ្នាំ និងស្រ្តីវ័យបន្តពូជ ស្របនឹងការកាត់បន្ថយអត្រាទារកទើបកើតមិនគ្រប់ទម្ងន់ឱ្យបាន ២%ពី ៨% ក្នុងឆ្នាំ២០១៤ មកនៅ ៦% ក្នុងឆ្នាំ ២០២៣ ។ អ្នកជំនាញបានបញ្ជាក់ថា មានតែទឹកដោះម្តាយតែមួយមុខគត់ ដែលអាចជួយដល់ការលូតលាស់កុមារប្រសើរបំផុត ៕ 

 

អត្ថបទពេញនិយម