កញ្ញា ឈុន បូរមី ៖ យុវជនមានតួនាទីផ្លាស់ប្តូរឥរិយាបថបុគ្គលលើរបបអាហារសុខភាពរបស់ស្រ្តីនិងកុមារ

ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 808
1

កំពង់ធំ - យុវជនមានតួនាទីជួយផ្លាស់ប្តូរឥរិយាបថបុគ្គលលើរបបអាហាររបស់ស្រ្តីនិងកុមារ ព្រមទាំងរួមចំណែកលើកកម្ពស់របបអាហារសុខភាពក្នុងប្រព័ន្ធស្បៀងសម្រាប់ទាំងអស់គ្នានៅក្នុងសហគមន៏ ។ នេះជាការលើកឡើងរបស់កញ្ញា ឈុន បូរមី អ្នកសម្របសម្រួលក្រុមយុវជនជើងឯកអាហារូបត្ថម្ភ នៃអង្គការហេទ្បែន ខេលល័រ នៅក្នុងវេទិកាស្តីពីតួនាទីរបស់យុវជនក្នុងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព នៅខេត្តកំពង់ធំ កាលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ។

កញ្ញា ឈុន បូរមី បានលើកឡើងថា យុវជនជាតួអង្គដ៏សំខាន់ក្នុងជួយជំរុញការផ្លាស់ប្តូរនិងជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីធានានិងលើកម្ពស់ការយល់ដឹង និងការអនុវត្តការងារពាក់ព័ន្ធនឹងប្រពន្ធ័ស្បៀងសម្រាប់មនុស្សទាំងអស់គ្នា ព្រមទាំងរួមចំណែកលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ។

តំណាងយុវជនជើងឯកអាហារូបត្ថម្ភរួបនេះ បានបន្តទៀតថា ដើម្បីប្រើតួនាទីរបស់ខ្លួនឱ្យបានពេញលេញចូលរួមអនុវត្តន៍ផែនទីបង្ហាញផ្លូវប្រព័ន្ធស្បៀង ដំបូងយុវ​ជន​​ត្រូវបង្កើនចំណេះដឹងលើប្រ​ព័ន្ធស្បៀង និងរបបអាហារសុខភាព តាមរយ:ការអាន ស្តាប់ បញ្ចេញទស្សនៈ ឬយោបល់ និងចូលរួមព្រឹត្តិការណ៍ផ្សេងៗពាក់ព័ន្ធនឹងប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព ។ 

"យុវជនមានតួនាទីជួយលើកទឹកចិត្ដស្ត្រីឱ្យចូលរួមនិងដឹកនាំគ្រប់តំណាក់កាលនៃសកម្មភាពនៃប្រពន្ធ័ស្បៀង បំណងលើកកម្ពស់ភាពអង់អាចនិងជំនឿចិត្តស្រ្តីក្នុងការចូលរួមដឹកនាំ និងធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព" ។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ឈុន បូរមី តំណាងយុវជនជើងឯកអាហារូបត្ថម្ភ ។ 

គួរបញ្ជាក់ថា វេទិកាស្តីពីតួនាទីរបស់យុវជនក្នុងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព នេះបានរៀបចំដោយអង្គការ Helen Keller និងគម្រោង MUSEFO របស់អង្គការ GIZ សហការជាមួយ CARD និងរដ្ឋបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីតំណាងមន្ទីរ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល លោកគ្រូអ្នកគ្រូ សិស្សនិសិ្សតចំនួនជាង ២០០នាក់ ៕

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង