ចាប់ពីឆ្នាំ២០២២ កម្ពុជាប្តេជ្ញាលុបបំបាត់បញ្ហាកង្វះមីក្រូសារជាតិក្នុងចំណីអាហារ
ភ្នំពេញ - បញ្ហាមីក្រូសារជាតិក្នុងចំណីអាហារនៅតែបន្តកើតមាននៅកម្ពុជា និងស្ថិតក្នុងបារម្ភរបស់រាជរដ្ឋាភិបាល ព្រមទាំងដៃគូអភិវឌ្ឍន៍នានាទាំងក្នុងនិងក្រៅប្រទេស ។ ប៉ុន្តែទន្ទឹមគ្នានេះ រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាលុបបំបាត់បញ្ហាកង្វះមីក្រូសារជាតិក្នុងចំណីអាហារចាប់ពីឆ្នាំ២០២២ តទៅ ។ នេះបើតាមប្រសាសន៍របស់លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិកាក្រសួងសុខាភិបាល នាឱកាសបើកវគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហារូបត្ថម្ភ ចំនួន ៥០នាក់ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ។
មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខភិបាលរូបនេះ បានលើកឡើងថា បើទោះបីជាកម្ពុជាសម្រេចបានវឌ្ឍនភាពជាច្រើនក្នុងការងារលើកកម្ពស់សុខភាពរបស់មាតានិងទារក ក៏បញ្ហាកង្វះអាហារូបត្ថម្ភនៅតែបន្តកើតមាន និងស្ថិតក្នុងបារម្ភយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ព្រមទាំងដៃគូអភិវឌ្ឍន៍នានាទាំងក្នុងនិងក្រៅប្រទេស ។ លោកជំទាវបន្តថា កង្វះបញ្ហាអាហារូបត្ថម្ភជាឧបសគ្គចម្បងក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ។
លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា លទ្ធផលនៃការអង្កេតប្រជាសាស្ត្រនិងសុខភាពឆ្នាំ២០១៤ បានបង្ហាញថា កម្ពុជាមានស្ត្រីចំនួន ៧៨ភាគរយ និងកុមារ ៦៦ភាគរយ មានកំហាប់ជាតិអ៊ីយ៉ូដនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដាខណៈបញ្ហាកង្វះជីវជាតិ B1 ក៏នៅមានកម្រិតទាបសម្រាប់ស្ត្រីជាម្តាយ ។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី ៖ «ផលប៉ះពាល់នៃកង្វះមីក្រូសារជាតិទៅលើសុខភាពរាងកាយ និងសតិបញ្ញាស្មារតី អាចមានទំហំធំធេងនិងធ្ងន់ធ្ងរ ជាពិសេសបញ្ហាកូនកើតមកមិនគ្រប់ទម្ងន់ ហើយប្រសិនបើយើងមើលរំលងនិងមិនបានយកចិត្តទុកដាក់ខ្ពស់ នោះទារកកើតមកនឹងមានបញ្ហាសុខភាពទន់ខ្សោយមិនខាន»។
សូមជម្រាបថា ដើម្បីឆ្លើយតបនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ការចិញ្ចឹមកុមារ និងទារក រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញានឹងបង្កើនអត្រាបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ឱ្យបាន ៦៨,៨ភាគរយក្នុងឆ្នាំ២០២៣ ។
បើយោងតាមសៀវភៅណែនាំអប់រំសុខភាពស្តីពីសារៈសំខាន់នៃការប្រើប្រាស់ចំណីអាហារសម្បូរជាតិអ៊ីយ៉ូដ ក៏បានបញ្ជាក់ថា បញ្ហាកង្វះជាតិអ៊ីយ៉ូដជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាកង្វះមីក្រូសារជាតិ ដែលមាន បញ្ហាកង្វះជីវជាតិ A និងកង្វះជាតិដែក ។
បញ្ហាកង្វះជាតិអ៊ីយ៉ូដបណ្តាលឱ្យរាយកាយនិងប្រាជ្ញាសា្មរតីរបស់កុមារលូតលាស់យឺតយ៉ាវ ហើយប្រសិនបើ បញ្ហាកង្វះអ៊ីយ៉ូដកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយ នោះវានឹងបណ្តាលឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតមកនឹងធ្វើឱ្យខួរក្បាលមិនអាចលូតលាស់ និងមិនអាចកែលម្អវិញបាននោះទេ ។
ដើម្បីដោះស្រាយបញ្ហានេះ ចាប់ពីឆ្នាំ២០២២ នេះតទៅ ក្រសួងសុខាភិបាលប្តេជ្ញាថា នឹងបង្កើនការសហការជាមួយស្ថាប័នពាក់ព័ន្ធជំរុញការងារការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ដូចជា ជាតិអ៊ីយ៉ូដ ជីវជាតិ A និងជាតិដែក យ៉ាងយកចិត្តទុកដាក់ទៅលើផលិតផលស្បៀងអាហារមួយចំនួន ដើម្បីឱ្យប្រជាពលរដ្ឋ ពិសេសស្រ្តីនិងកុមារកម្ពុជា បានទទួលមីក្រូសារជាតិស្របទៅតាមរបបអាហារសុខភាពបានត្រឹមត្រូវ ៕