១ឆ្នាំនៃគម្រោងប្លាស្ទិកដូរយកអង្ករ កាត់បន្ថយការបំពុលដោយប្លាស្ទិកជាង ១០០តោន

ថ្ងៃអាទិត្យ ទី១២ ខែធ្នូ​ ឆ្នាំ២០២១      ម៉ៅ សំណាង
ចែករំលែក
Views: 295
1

សៀមរាប - គម្រោងប្លាស្ទិកដូរយកអង្កររបស់ប្រជា​សហគមន៍លើបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប បានចូលរួមកាត់បន្ថយការបំពុលដោយប្លាស្ទិកទាំងសើម និងស្ងួតប្រមាណ ១០០តោនក្នុងរយៈពេលមួយឆ្នាំ ។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ពេលចុះពិនិត្យគម្រោងប្លាស្ទិកដូរយកអង្ករ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។ 

ពាក់ព័ន្ធទៅនឹងគម្រោងប្លាស្ទិកដូរអង្ករនេះ សមាជិកគ្រួសារប្រជាសហគមន៍ត្រូវចូលរួមទុកដាក់និងញែកសំរាមសំណល់ប្លាស្ទិកនៅផ្ទះឱ្យបានត្រឹមត្រូវ ព្រមទាំងសម្អាតប្លាស្ទិកក្នុងបរិស្ថាន ដើម្បីទទួលរង្វាន់ជាអង្ករ ១០គីឡូក្រាម រួមនឹងគ្រឿងឧបភោគបរិភោគមួយចំនួន ។

ក្រសួងបរិស្ថានបានបញ្ជាក់ថា ការអនុវត្តគម្រោងនេះ ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋសហគមន៍ឱ្យចូលរួមទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិកក៏ដូចជាទប់ស្កាត់ការបោះចោលថង់ប្លាស្ទិកពាសវាលកាល ។ គម្រោងនេះបានទទួលលទ្ធផលគួរកត់សម្គាល់ ហើយប្រជាពលរដ្ឋរស់នៅសហគមន៍នានាបានចូលរួមអនុវត្តដោយសេចក្តីរីករាយ និងយល់ដឹងពីបញ្ហាបរិស្ថាន ។ 

ចំពោះសំណល់ប្លាស្ទិកដែលប្រមូលបានតាមរយៈគម្រោងប្លាស្ទិកដូរអង្ករនេះ មួយផ្នែកនឹងយកទៅផលិតឥដ្ឋសម្រាប់ក្រាលនៅទីធ្លាសាលារៀន និងសាងសង់សំណង់ផ្សេងៗ ។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី មានប្រសាសន៍ថា គម្រោងប្លាស្ទិកដូរយកអង្ករនឹងបន្តលើកទឹកចិត្តដល់ប្រជាសហគមន៍ឱ្យចូលរួមសម្អាតសំណល់ប្លាស្ទិក ទុកដាក់ និងបែងចែកសំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ ។ 

លោកថា ប្រជាពលរដ្ឋអនុវត្តគម្រោងនេះ ហាមមិនឱ្យដុត និងបោះចោលក្នុងទឹកទន្លេសាបឡើយ  ហើយឆ្នាំនេះយុទ្ធនាការនឹងបំផុសស្មារតីលើកកម្ពស់ជីវភាពសហគមន៍ក្នុងបឹងទន្លេសាប ដើម្បីរៀបចំ និងត្រៀមខ្លួនសម្រាប់ការរៀបចំជាទេសចរណ៍សហគមន៍ ។

សូមជម្រាបថា យុទ្ធនាការសំអាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកពីបឹងទន្លេសាបប្រចាំរដូវទឹកតំឡើង និងទឹកសម្រកក្រោមគម្រោងប្លាស្ទិកដូរយកអង្ករនេះ បានផ្ដួចផ្ដើមធ្វើជាផ្លូវការតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ។ រហូតមកដល់ពេលនេះគម្រោងយកប្លាស្ទិកដូរយកអង្ករ និងរបស់បរិភោគផ្សេងទៀត មានប្រជាសហគមន៍ក្នុងតំបន់បឹងទន្លេសាបចូលរួមរហូតជាង ៦១០គ្រួសារ ៕

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន