ភាពស្លេកស្លាំងរបស់ស្ត្រីវ័យបន្តពូជកើតឡើងដោយសារកង្វះជាតិដែកក្នុងអាហារ

ថ្ងៃសុក្រ ទី២១ ខែមករា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 420
1

ភ្នំពេញ - ភាពស្លេកស្លាំងនៅតែជាបញ្ហាចម្បងចំពោះសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា ។ មូលហេតុញឹកញាប់ជាងគេដែលធ្វើឱ្យមានភាពស្លេកស្លាំងគឺបណ្ដាលមកពីកង្វះជាតិដែកនិងមីក្រូសារជាតិផ្សេងៗនៅក្នុងរបបចំណីអាហារ ហើយអាហារពុំមានជាតិដែកគ្រប់គ្រាន់ ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ម៉ម បូរ៉ាត់ ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃក្រសួងផែនការ នៅក្នុងវគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហារូបត្ថម្ភ ចំនួន ៥០រូប កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ។ 

មន្ត្រីជំនាញសុខភាពសាធារណៈរូបនេះ បានឱ្យដឹងថា គេបានប៉ាន់ស្មានថា ជាងមួយភាគបី (1/3) នៃប្រជាជនកម្ពុជា មានភាពស្លេកស្លាំង ហើយស្ត្រីក្នុងវ័យបន្តពូជនិងកុមារគឺជាក្រុមដែលងាយរងគ្រោះជាងគេ ។ ជាទូទៅភាពស្លេកស្លាំងនៅក្នុងចំណោមស្ត្រីក្នុងវ័យបន្តពូជនិងកុមារនៅក្នុងប្រទេសកម្ពុជា មានស្ថានភាពធ្ងន់ធ្ងរជាងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ។ 

យោងតាមតួលេខនៃការអង្កេតប្រជាសាស្ត្រនិងសុខភាពឆ្នាំ២០១៤ បានបង្ហាញថា នៅកម្ពុជាមានភាពស្លេកស្លាំងមានចំនួន ៤៥% ជាស្ត្រីក្នុងវ័យបន្តពូជអាយុចន្លោះពី ១៥ ទៅ ៤៩ឆ្នាំ និង ៦៦% នៃកុមារអាយុក្រោម ៥ឆ្នាំ គឺមានកម្រិតខ្ពស់ជាងបើធៀបទៅនឹងតួលេខនៃការធ្វើអង្កេតប្រជាសាស្ត្រនិងសុខភាព កាលឆ្នាំ២០១០ ។ 

ឯកឧត្តម ម៉ម បូរ៉ាត់ បានបញ្ជាក់បន្ថែមថា ភាពស្លេកស្លាំងបណ្ដាលមកពីកង្វះជាតិដែកលើក្រុមមនុស្សងាយរងគ្រោះបានផ្តល់ផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ បង្កើតជាជំងឺ សុខភាពទន់ខ្សោយ និងមានមរណភាពមាតានិងកុមារ ។ 

ឯកឧត្តម ម៉ម បូរ៉ាត់ ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃក្រសួងផែនការ នៅក្នុងវគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហារូបត្ថម្ភ

បើតាមអ្នកជំនាញសុខភាព បានលើកឡើងថា មូលហេតុបណ្តាលឱ្យស្ត្រីនិងកុមារមានភាពស្លេកស្លាំងដោយសារកង្វះអាហារសម្បូរជាតិដែកនៅក្នុងរបបអាហារ ហើយនេះគឺជាទម្រង់ទូទៅមួយប្រភេទនៃភាពស្លេកស្លាំង ។ ភាពស្លេកស្លាំងកើតឡើងដោយសារការថយចុះនៃការផលិតគ្រាប់ឈាមក្រហម ឬអេម៉ូក្លូប៊ីនបណ្ដាលមកពីកង្វះជាតិដែក និងសារធាតុផ្សេងៗទៀត ដូចជាវីតាមីនអា វីតាមីនបេដប់ពីរ និងហ្វូលីកអាស៊ីត ។ 

ភាពស្លេកស្លាំងកើតឡើងដោយសារចំនួនបម្រុងជាតិដែកមានភាពមិនគ្រប់គ្រាន់តាំងពីកំណើត ដោយសារម្តាយមានភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ ឬដោយសារទារកកើតមិនគ្រប់ខែ ។ កំណើនតម្រូវការជាតិដែកក្នុងអំឡុងពេលមានផ្ទៃពោះនិងពេលបំបៅកូនកូន និងអាចមកពីបញ្ហាគ្រោះថ្នាក់សុខភាពផ្សេងៗ ដូចជាការបាត់បង់ឈាមនៅពេលសម្រាល របួស ដំបៅក្រពេះ ពោះវៀន ឬមហារីកពោះវៀនធំជាដើម ។

រោគសញ្ញានៃភាពស្លេកស្លាំងរួមមាន អស់កម្លាំង ថប់ ឬខ្សោយកម្លាំង វិលមុខស្លេកស្លាំងបាតដៃជើង ស្លេកស្លាំងត្របកភ្នែក ថយចុះការចងចាំ ឧស្សាហ៍ភ្លេចភ្លាំង ដកដង្ហើមខ្លីៗ ឈឺក្បាល និងចុកទ្រូង ។ ភាពស្លេកស្លាំងមានឥទ្ធិពលផងដែរទៅដល់ប្រព័ន្ធភាពស៊ាំដែលអាចបង្ករោគផ្សេងផ្សេងៗ ។ 

ប្រសិនបើភាពស្លេកស្លាំងកាន់តែធ្ងន់ធ្ងរហើយមិនបានទទួលការព្យាបាលនោះផលវិបាកនៃភាពស្លេកស្លាំងក៏នឹងកាន់តែធ្ងន់ធ្ងរជួនកាលវាធ្វើឱ្យចង្វាក់បេះដូងដើរមិនប្រក្រតីដែលបណ្ដាលឱ្យខូចសាច់ដុំបេះដូងក្នុងករណីធ្ងន់ធ្ងរ បញ្ហាខ្សោយបេះដូង និងខូចសរីរាង្គផ្សេងផ្សេងទៀត ជួនកាលអាចបណ្តាលឱ្យស្លាប់ក៏ថាបាន។

ទន្ទឹមគ្នានេះ វិធីការពារភាពស្លេកស្លាំងអាចធ្វើបានតាមរយៈការលើកកម្ពស់អាហារសម្បូរបែប អាហារសម្បូរជាតិដែក និងអាហារមានមីក្រូសារជាតិ ។

ដំបូន្មានរបស់អ្នកជំនាញសុខភាព បានបញ្ជាក់ថា នៅពេលស្ត្រី និងកុមាររោគសញ្ញានៃភាពស្លេកស្លាំង គួរតែទៅមណ្ឌលសុខភាពដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា ដោយប្រើគ្រាប់ថ្នាំជាតិដែក និងបង្កើនការបរិភោគចំណីអាហារដែលសម្បូរជាតិដែកសម្រាប់សុខភាព និងសុខុមាលភាពដ៏យូរអង្វែង ។

សូមជម្រាបថា តាមឯកសារអប់រំសុខភាពស្ដីពីសារៈសំខាន់នៃការប្រើប្រាស់ចំណីអាហារសម្បូរជាតិដែក របស់គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភថ្នាក់ជាតិ ក្រសួងផែនការ បានបញ្ជាក់ថា ជាតិដៃជាតិរ៉ែខនិកមួយប្រភេទដែលរាងកាយមនុស្សត្រូវការជាចាំបាច់សម្រាប់បង្កើតគ្រាប់ឈាមក្រហម និងដឹកនាំអុកស៊ីហ្សែនចែកចាយទៅដល់គោលការណ៍ទាំងអស់ ។

ជាតិដែកស្តុកទុកនៅក្នុងថ្លើម ក៏ប៉ុន្តែជាតិដែកនៅក្នុងរាងកាយត្រូវបានគេរកឃើញនៅក្នុងគ្រាប់ឈាមក្រហម ជាតិដែកក្នុងអាហារមានបីប្រភេទគឺជាតិដែកដែលមានអែមជាតិដែលមានផ្អែមនិងជាតិដែកដែលគេបន្ថែមក្នុងចំណីអាហារ ៕

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន